កាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ត្រូវនឹងព្រឹករៀបភ្លឺ ថ្ងៃទី៨ មីនា ដែលជាថ្ងៃសិទ្ធិនារី ម្ដាយរបស់តារាសម្ដែងលោក ហេង នរៈកក្កដា បានទទួលមរណភាពគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីតារាសម្ដែងរូបនេះប្រកាសនៅលើហ្វេសប៊ុកច្រើនលើកមកហើយ ថាម្ដាយរបស់ខ្លួនធ្លាក់ខ្លួនឈឺមួយរយៈមកហើយ។ នេះជាទុក្ខប៉ិនភ្នំ ដែលបានកើតឡើងក្នុងជីវិតតារាសម្ដែងរូបនេះ ខណៈដែលថ្ងៃ៨ មីនា គឺជាថ្ងៃដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស សប្បាយរីករាយដើម្បីអបអរដល់សិទ្ធិនារីនោះ។
លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុកក្នុងប៉ុន្មានម៉ោងមុននេះថា ម្ដាយរបស់លោកបានទទួលមរណភាពហើយ ដោយការបាត់បង់អ្នកមានគុណរបស់លោក គឺជាអ្វីដែលលោកមិនអាចទទួលយកបាន។ លោកបានសរសេរ «ម៉ែអើយ ម៉ែទៅលឿនពេកហើយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលជាកូនម៉ែទៅ ចុះឥលូវមិចម៉ែក្បត់ពាក្យសន្យាជាមួយកូនចឹងម៉ែ? ម៉ែដឹងទេថា កូនពិបាកណាស់ កូនធ្វើចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអ្ហី? ម៉ែអើយ ម៉ែមកវិញមកម៉ែ!»។
នេះជាដំណឹងដ៏សែនក្រៀមក្រំដោយលោកក៏បានគោរពអញ្ជើញតារាសិល្បៈ និងមិត្តភក្តិអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ម្ដាយលោកផងដែរ ក្នុងពេលដែលនៅសុខៗម្ដាយរបស់លោកក៏ត្រូវបាត់បង់ទាំងវ័យក្មេងនោះ។ បន្ទាប់ពីលោកបានបង្ហោះអោយដឹងពីដំណឹងដ៏អាក្រក់នេះ តារាសិល្បៈច្រើននាក់ក៏បានសម្ដែងការរំលែកទុក្ខ និងបានប្រកាសថាចូលរួមបុណ្យសពរបស់ម្ដាយលោកផងដែរ៕
មតិយោបល់