បើយោងតាមអង្កការសុខភាពពិភពលោក WHO បានបង្ហាញថា ការអង្គុយយូរ គឺជាទម្លាប់ដ៏មានគ្រោះថ្នាក់បំផុត ដែលអាចសម្លាប់មនុស្សជាង ២លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវ ជាច្រើនបានរកឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដែលបណ្តោលមកពីទម្លាប់អង្គុយយូរពេក ឬអាកាប្បកិរិយាមិនសូវស្រួលក្នុងពេលធ្វើការ។
១.កើតជំងឺភ្នែក
ពេលអង្គុយនៅនឹងមុខកុំព្យូទ័ររយៈពេលយូរពេក ភ្នែករបស់យើងប្រឹងសម្លឹង និងត្រូវបានបង្ខំមើលកាន់តែជិតទៅៗទើបច្បាស់។ កត្តានេះហើយដែលបណ្តោលឲ្យកែវភ្នែក ត្រូវទទួលរងឥទ្ធិពលពីពន្លឺ ហើយប្រសិនបើសកម្មភាពបែបនេះនៅតែបន្តរហូត វាអាចប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ។
២.ខូចឆ្អឹងកង
តាមការស្ទង់មតិមួយបានបង្ហាញថា ក្នុងចំណោម ៣០០ករណី មានអ្នកជំងឺខូចឆ្អឹងកងក្រោមអាយុ ៤០ឆ្នាំ ចំនួន ៤៨,១ភាគរយ ហើយជំងឺនេះកើតឡើងចំពោះបុរស ច្រើនជាងស្ត្រី ៣ភាគរយ។
ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យប៉េកាំង បានរកឃើញថា អ្នកជំងឺភាគច្រើន គឺជាបុគ្គលិកដែលធ្វើការក្នុងការិយាល័យ ជាពិសេសបុគ្គលិកផ្នែកហិរញ្ញវត្ថុ គ្រូបង្រៀន អ្នករចនា ឬផ្នែកពត៌មានវិទ្យា ជាដើម។
៣.កើតជំងឺបេះដូង
ការអង្គុយនៅស្ងៀមមួយកន្លែង រយៈពេលយូរ រាងកាយរបស់យើង ប្រើប្រាស់ជាតិខ្លាញ់បានតិចបំផុត ឈាមរត់យឺត ហើយអាស៊ីតខ្លាញ់ចាប់ផ្តើមកកុញនៅក្នុងចរន្តឈាមកាន់តែច្រើនឡើង ដែលបង្កើនហានិភ័យដល់បេះដូង។
ការស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានរកឃើញថា បើប្រៀបធៀបអ្នកដែលអង្គុយរយៈពេល ១១ម៉ោងក្នុងមួយសប្តាហ៍ ជាមួយនឹងអ្នកដែលអង្គុយយូរជាង ២៣ម៉ោងក្នុងមួយសប្តាហ៍ គឺមានហានិភ័យស្លាប់ ដោយសារតែជំងឺគាំងបេះដូង ៦៤ភាគរយ។
៤.ឬសដូងបាត
នៅពេលដែលអ្នកអង្គុយច្រើនពេក អត្រាលំហូរឈាមនៅក្នុងពោះនឹងត្រូវកាត់បន្ថយ។ ចំណុចនេះហើយ ដែលអាចបណ្តោលឲ្យសរសៃឈាមនៅអវយវៈផ្នែកខាងក្រោម ត្រូវរាំងស្ទះ ឬ ដំណើរការខុសធម្មតា។
ក្នុងស្ថានភាពបែបនេះ សរសៃឈាមនៅតំបន់រន្ធគូថអាចប្រឈមនឹងគ្រោះថ្នាក់ ធ្វើឲ្យមានកំណក់ឈាម និងបង្កើតទៅជាជំងឺឬសដូងបាត។
៥.កើតជំងឺទឹកនោមផ្អែម
អ្នកស្រាវជ្រាវបានរកឃើញថា ទម្លាប់អង្គុយយូរពេក អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភែទី២ ដល់ទៅ ១១២ភាគរយ។
នេះក៏ដោយសារតែការប្រមូលផ្តុំនៃជាតិខ្លាញ់ក្នុងពោះទាប ភាពធាត់ បញ្ហារំលាយអាហារ និងការកើនឡើងនៃហានិភ័យជំងឺទឹកនោមផ្អែម។
៦.កើតជំងឺមហារីក
បើយោងតាមអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ បានបង្ហាញថា ទម្លាប់អង្គុយយូរទាក់ទងទៅនឹងការកើនឡើងនៃហានិភ័យកើតជំងឺមហារីកពោះវៀនធំ មហារីកសុដន់ និងមហារីកស្បូន។
នេះដោយសារតែរាងកាយអសកម្មយូរពេក ធ្វើប្រព័ន្ធភាពស៊ាំចុះខ្សោយ មិនអាចទប់ទល់ជាមួយនឹងការកើនឡើងនៃកោសិកាមហារីកបានឡើយ។ ចំណែកឯការស្ទង់មតិនៅក្នុងប្រទេសជប៉ុនបង្ហាញដែរថា អ្នកជំងឺមហារីកក្រពះ ក៏មានលក្ខណៈដូចដែរ។
ដូច្នេះហើយ អ្នកជំនាញចក្រភពអង់គ្លេស បានផ្តល់ដំបូលន្មានថា ដើម្បីកាត់បន្ថយផលប៉ះពាល់ដូចដែលបានរៀបរាប់ពីខាងលើនេះ អ្នកគួរតែទម្លាប់ក្រោយឈរ ឬដើររៀងរាល់ ៣០នាទីម្តង៕
ដកស្រង់ពី៖ soha
មតិយោបល់