ព័ត៌មានសេដ្ឋកិច្ច

អត្រានៃការនាំចូលអគ្គិសនីប្រើប្រាស់ពីប្រទេសជិត កាត់បន្ថយជាង ២៤ភាគរយ

ក្រសួងរ៉ែ និងថាមពល បានអះអាងថា អត្រានៃការនាំចូលអគ្គិសនីប្រើប្រាស់ពីប្រទេសជិត ខាង ត្រូវបានកាត់បន្ថយជាបណ្តើរៗ ស្របពេលដែលអានុភាពប្រភពថាមពលអគ្គិសនី នៅក្នុងស្រុកមានការកើនឡើងគួរជាទីមោទន:។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីសន្និបាតបូកសរុបសមិទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលឆ្នាំ២០១៤-២០១៧។

ក្នុងរបាយការណ៍ដដែលបានលើកឡើងថា ក្នុងវិស័យថាមពលអគ្គិសនី គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានអានុភាពផ្គត់ផ្គង់អគ្គិសនីសរុប ២២៨២មេហ្គាវ៉ាត់ ពោលគឺមានកំណើន ៦៨ភាគរយ ធៀបនឹងឆ្នាំ២០១៤។

ចំណែក ប្រភពថាមពលអគ្គិសនីសំខាន់ៗទាំងនេះ គឺបានមកពី ប្រភពវារីអគ្គិសនី ៤២ភាគរយ ធ្យូងថ្ម ២៣ភាគរយ ប្រេងម៉ាសូត ១១ភាគរយ ជីវម៉ាស់ ៣ភាគរយ និងការនាំចូល ១៨ភាគរយ។

ទន្ទឹមនេះដែរ ដោយការរីកចម្រើន នៃការអភិវឌ្ឍវិស័យថាមពលអគ្គិសនីក្នុងស្រុកនេះហើយ បានធ្វើឱ្យក្រសួងរ៉ែ និងថាមពលកាត់បន្ថយអត្រា នៃការនាំចូលអគ្គិសនីប្រើប្រាស់ពីប្រទេសជិតខាងបានធ្លាក់ចុះចំនួនជាង ២៤ភាគរយ។

ជាមួយគ្នានេះ លទ្ធផលនៃកិច្ចអភិវឌ្ឍវិស័យថាមពលអគ្គិសនីមានការរីកចម្រើននេះ បានធ្វើឱ្យក្រសួង មានលទ្ធភាពរៀបចំខ្សែបណ្តាញជាតិបញ្ចូនអគ្គិសនីចេញបានប្រវែង ១៩៥៧គីឡូម៉ែត្រ គ្របដណ្តប់លើ ៨១ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស និងបានតភ្ជាប់បណ្តាញដល់ខ្នងផ្ទះបានចំនួន ២លានខ្នងផ្ទះ ស្មើនឹង ៦៨ភាគរយ នៃចំនួនខ្នងផ្ទះ សរុបទូទាំងប្រទេសកើនឡើង ២៦ភាគរយ ធៀបនឹងឆ្នាំ២០១៤។

គួរជម្រាបថា ក្រសួងរ៉ែ និងថាមពល បាននិងកំពុងសិក្សាលទ្ធភាព ក្នុងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីបន្ថែម ក្នុងនោះមានគម្រោងវារីអគ្គិសនី គម្រោងថាមពលដើរដោយធ្យូងថ្ម គម្រោងកែច្នៃសំរាមជាថាមពល និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យជាដើម ធ្វើយ៉ាងណាដើម្បីបង្កើន ប្រភពថាមពលអគ្គិសនី សម្រាប់ចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុក ឱ្យបានកាន់តែទូលំទូលាយ ថែមទៀត៕

មតិយោបល់