ព័ត៌មានសិល្បៈ និងកម្សាន្ត

៤ចំណុច ដែលផលិតករថាគួរតែដឹងពី រឿង«គ្រាប់បាល់អង្រួនបេះដូង»

មកទល់ពេលនេះ ភាពយន្តភាគរឿង «គ្រាប់បាល់អង្រួនបេះដូង» ត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ប៉ុន្មានថ្ងៃហើយ តែភាពយន្តនេះទើបតែបើកសម្ពោធកាលពីល្ងាចថ្ងៃទី៨ មីនា ប៉ុណ្ណោះ ដោយមានវត្តមានតារាសិល្ប:ច្រើនគួរសមដែលសុទ្ធតែជាតួអង្គសំខាន់ៗក្នុងរឿងជុំគ្នាបង្ហាញខ្លួន។

ក្នុងកិច្ចសម្ភាសន៍នាគ្រានោះផលិតករបានបង្ហាញឲ្យឃើញពីចំណុចពិសេស៣ ដែលធ្វើឲ្យភាពយន្តនេះត្រូវលោករំពឹងថានឹងកាន់តែមានការគាំទ្រទ្វេដងក្នុងពេលការចាក់ផ្សាយឈានដល់សាច់រឿងស៊ីជម្រៅ ខណ:ដែលនៅក្នុងនោះក៏មានចំណុច១គឺជាចំណុចខ្សោយដែលខាងផលិតករក៏សម្ដែងការសោកស្ដាយ។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានអះអាងថា មកទល់ពេលនេះ ភាពយន្តរបស់លោករឿង«គ្រាប់បាល់អង្រួនបេះដូង»ផ្សាយបានប៉ុន្មានភាគហើយ នៅលើកញ្ចក់ទូរទស្សន៍CTN បន្ទាប់ពីបានចំណាយពេលនិពន្ធ និងថតរហូតដល់៨ខែនាពេលកន្លងមក។ ភាពយន្តនេះចម្រុះដោយតារាក្មេងៗ និងតារាល្បីៗយុវវ័យ អមដោយតារាចាស់ៗច្រើននាក់រំលេចសកម្មភាពរួមគ្នា ខណ:ដែលភាពយន្តទាំងមូលក៏ត្រូវបានផលិតករបញ្ជាក់ថាចំណាយការថតអស់ច្រើន ដោយសារតែសម្បូរប្លង់លេងបាល់ ប្រកួតបាល់ ដែលតម្រូវឲ្យមានតួជាអ្នកទស្សនាកុះករ និងមានតួជាកីឡាករច្រើននាក់។

លោកថានេះជាភាពយន្តបើកឆាករបស់ខ្លួនសម្រាប់ដើមឆ្នាំ២០១៨ ប៉ុន្តែបើរាប់ទាំងការផលិតជាច្រើនផ្សេងទៀត គឺរាប់មិនអស់នោះទេ។ នៅក្នុងភាពយន្តនេះលោកបានបង្ហាញឲ្យឃើញនូវចំណុចខ្លាំង៣ និងចំណុចខ្សោយ១ ដែលលោកប្រាប់ថាបើអ្នកទស្សនាបានដឹងពីចំណុចទាំង៤នេះ គឺពិតជាចង់ទស្សនា។

លោក លៀក លីដា បញ្ជាក់ថា សម្រាប់ចំណុចខ្លាំង៣ គឺភាពយន្តរឿង«គ្រាប់បាល់អង្រួនបេះដូង»ជារឿងដែលឆ្លុះបញ្ចាំងពីជីវិតក្មេងវត្តមួយរូប ដែលមានក្ដីស្រម៉ៃចង់ក្លាយជាកីឡាបាល់ទាត់ល្អម្នាក់ ចុងក្រោយការតស៊ូនោះក៏បានលេចឡើង។

ទី២គឺរឿងទាំងមូលមានខ្លឹមសារលើកស្ទួយវិស័យបាល់ទាត់ពេញទំហឹង ដើម្បីបំផុសឲ្យយុវវ័យច្រើនឡើងស្រឡាញ់កីឡាស្រឡាញ់បាល់ទាត់ ហើយរួមគ្នាហ្វឹកហាត់ដើម្បីជៀសឆ្ងាយពីការដើរលេងពាលា ឬសេពគ្រឿងញៀនជាដើម។ លោកថាសាច់រឿងមួយនេះ គឺនិយាយពីអាជីពបាល់ទាត់ និងការតស៊ូរបស់កីឡាករបាល់ទាត់ ដែលលេងតាំងពីការចាប់ផ្ដើមរហូតដល់ក្លាយជាកីឡាករល្បី ដែលសារមួយនេះ ក៏បង្ហាញឲ្យឃើញពីលទ្ធផលតស៊ូ ដើម្បីឲ្យអ្នកទស្សនាកាន់តែមានកម្លាំងចិត្តចំពោះក្ដីស្រម៉ៃដែលខ្លួនធ្វើគិតផងដែរ។

ចំណុចទី៣ដែលលោកចង់ដោយឲ្យអ្នកទស្សនាកាន់តែជ្រាបនោះ គឺរឿងទាំងមូលឆ្លុះបញ្ចាំងពីស្នេហាត្រីកោណ ប៉ុន្តែមិនមែនជាការប្រជែងគ្នា ឬឈ្លោះគ្នាដើម្បីទទួលបានស្នេហានោះទេ ដោយបង្ហាញពីការលះបង់មនុស្សដែលខ្លួនស្រឡាញ់ម្នាក់ទៅឲ្យមនុស្សម្នាក់ផ្សេងទៀត ដើម្បីតម្លៃមិត្តភាពទៅវិញ។ លោកថានេះជាភាពយន្តមួយដែលពោរពេញដោយសំណើច និងស្នេហារ៉ូម៉ាទិក ប៉ុន្តែខ្លឹមសារដែលមិនអាចខ្វះបាន គឺការអប់រំ និងបង្ហាញពីតម្លៃនៃការប្រឹងប្រែង។ យ៉ាងណាក៏ដោយលោកបានបង្ហាញឲ្យឃើញនូវចំណុចខ្សោយមួយ ដោយសារតែលោកមិនអាចយកកីឡាករបាល់ទាត់ល្បីៗលំដាប់ប្រទេសឲ្យមកសម្ដែងក្នុងរឿងនេះបាន ដោយសារតែនេះគឺជារឿងភាគដែលលោកបញ្ជាក់ថាកីឡាករល្បីៗមិនអាចទទួលមកថតបាន។

ភាពយន្តមួយនេះត្រូវបានដាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃពុធ នៅCTN ដោយលោកប្រកាសថាឲ្យតែអ្នកទស្សនាបានមួយឈុតឬពីរឈុតគឺពិតជាជាប់ចិត្ត ដោយសារតែចំណុចសំខាន់ដែលលោកបានបង្ហាញ និងភាពទាក់ទាញរបស់តួអង្គសំខាន់ៗក្នុងរឿងតែម្ដង។ ក្នុងនោះគ្រាន់តែប្លង់ធំមួយ គឺលោកហៅតារាឲ្យថតជាតួកិត្តិយសមិនតិចនាក់នោះទេ ដើម្បីថតប្លង់ប្រកួតបាល់ទាត់ជាទ្រង់ទ្រាយធំក្នុងរឿងបានចប់។

ខាងក្រោមនេះជាវត្តមានតារាសម្ដែងៗដែលបានបង្ហាញខ្លួនក្នុងពិធីជប់លៀង និងធ្វើសន្និសីទក្នុងរឿង«គ្រាប់បាល់អង្រួនបេះដូង»៖

មតិយោបល់