ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាសោកស្ដាយ សោភាទេពី ធ្លាក់ចេញពី Cambodian Idol

ការប្រឡងចម្រៀង Cambodian Idol សប្ដាហ៍ទី៥ កាលពីយប់ថ្ងៃទី៩ មីនា បានទម្លាក់បេក្ខនារី ញឹម សួនសោភាទេពី ទាំងគួរឲ្យស្ដាយ ដោយសារតែមានការអះអាងថានាងទទួលបានសំឡេងបោះឆ្នោតតាមទូរសព្ទតិចជាងគេ ស្របគ្នាដែលគណកម្មការទាំង៤រូប ដែលសុទ្ធតែជាតារាល្បីៗមិនព្រមសង្គ្រោះ បើទោះជានាងបកស្រាយបទចម្រៀងឡើងវិញនៅវគ្គចុងក្រោយបានល្អ។

មុនការប្រកាសថាមិនសង្គ្រោះដោយតារាចម្រៀងលោក ឆន សុវណ្ណរាជ គេឃើញសំលេងអ្នកគាំទ្រនៅក្នុងស្ទីឌីយោ ផ្ដល់សំឡេងយ៉ាងកងរំពងស្រុះគ្នាថា Save បេក្ខនារីរូបនេះ ប៉ុន្តែលទ្ធផលនៅតែធ្វើឲ្យនាងខូចចិត្ត។

ធៀបនឹងបេក្ខជន បេក្ខនារី ដែលបានបកស្រាយបទចម្រៀងលើវិញ្ញាសារដែលជ្រើសរើសដោយគ្រួសាររបស់ខ្លួននេះ គេឃើញ បេក្ខនារី ញឹម សួនសោភាទេពី ច្រៀងល្អជាងសប្ដាហ៍មុនៗនោះផង ដោយសារតែសំឡេងរបស់នាងត្រូវនឹងបទចម្រៀងបែបរ៉ក់ស្រែកៗដែលក្រោយពេលច្រៀងទាំងលើកទី១ និងលើកទី២ សុទ្ធតែមានសំឡេងទះដៃខ្ទរពេញស្ទីឌីយោ។

នាងជាបេក្ខនារីដែលត្រូវគេកត់សម្គាល់ថាមានប្រជាប្រិយភាពលប់លើបេក្ខជន បេក្ខនារី ទាំងឡាយ បន្ទាប់ពីមានការប្រកាសថានាងជាអតីតអ្នករាំរបាំបុរាណ និងជាសិស្សនៅសាលាវិចិត្រសិល្ប: ប៉ុន្តែស្រាប់តែមានទឹកដមសំឡេងមិនធម្មតាទាំងទម្រង់បុរាណ និងសម័យ។ បើទោះជាក្នុងសប្ដាហ៍ទី៥ កាលពីយប់មិញនោះ សំឡេងរបស់នាងអាចបកស្រាយបទចម្រៀងបានល្អ ក៏សំឡេងឆ្នោតដែលខាងអ្នករៀបចំកម្មវិធីប្រកាសតាមរយ:ពិធីករថាបានចំនួនតិចជាងគេ នៅតែធ្វើឲ្យនាងធ្លាក់ចេញពីកម្មវិធី។ យ៉ាងណាមិញ គេនៅតែមើលឃើញថាការធ្លាក់របស់នាងស្ថិតក្នុងបរិបទ ដែលជួយឲ្យនាងបានក្លាយជាបេក្ខនារីល្បីល្បាញរួចបានទៅហើយ ដែលភាពខ្ទរខ្ទារនេះ គឺគេមើលឃើញថានឹងល្បីជាងម្ចាស់ពានមិនខុសពីកញ្ញា រ៉េត ស៊ូហ្សាណា នោះទេ ប្រសិនបើហង្សមាសជ្រើសនាងយកទៅលើស្ទួយ។

ញឹម សួនសោភាទេពី បានអះអាងថានាងមិនតូចចិត្តសម្រាប់ការធ្លាក់ចេញពីកម្មវិធីនោះទេ ដោយសារតែនាងប្រឹងប្រែងអស់ពីលទ្ធភាពទៅហើយក្នុងការបញ្ចេញសមត្ថភាពនៅលើវេទិកាជាលក្ខណ:អន្តរជាតិនេះ។ យ៉ាងណាមិញ នាងបានសម្ដែងអារម្មណ៍ខកចិត្ត ដែលមិនអាចស្វែងរកជ័យជម្នះឲ្យលោកឪពុក និងអ្នកម្ដាយ នៅក្នុងកម្មវិធី Cambodian Idol តាមការចង់បាន។

ការលើកឡើងរបស់នាងបានធ្វើឲ្យក្ដុកក្ដួលពេញក្នុងស្ទីឌីយោ ដោយសូម្បីតែគណកម្មការទាំង៤រូប ដែលមិនបានសង្គ្រោះនាងក៏មានអារម្មណ៍ក្ដុកក្ដួលផងដែរ ដោយសារតែអ្នកទាំង៤ចង់ទុកសិទ្ធសង្គ្រោះនោះ ប្រើក្នុងការប្រលងដែលមានលក្ខណ:តានតឹងជាងនេះ។ សោភាទេពី និយាយថាបើទោះជានាងធ្លាក់ តែនាងនឹងសម្រេចឲ្យបាននូវបំណងប្រាថ្នាសម្រាប់ការក្លាយជាតារាល្បីម្នាក់ ដោយនាងមិនបោះបង់ក្ដីស្រម៉ៃនោះឡើយ៕

//youtu.be/EHFU9rEtUuQ

មតិយោបល់