គ្មានអ្នកណាមិនដឹងនោះទេថា តារាសម្ដែងលោក អ៊ុន សិទ្ធា បានគ្រោងតំណែងតួឯក នៅក្នុងពិភពសម្ដែងជាយូរមកហើយ ដោយគេកម្រឃើញលោកត្រលប់មកសម្ដែងជាតួរង ក្នុងភាពយន្តក្រោយៗណាស់ អ៊ីចឹងហើយទើបម្នាក់ៗ ភ្ញាក់ផ្អើលនៅពេលដែលលោក ស្រាប់តែទទួលសម្ដែងជាតួរងក្នុងរឿង«កាំបិតមុខ២» ក្នុងពេលដែលលោកត្រូវគេស្គាល់ថា ជាតួឯកដែលមានក្រេឌីតច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ លោកបានពន្យល់ឲ្យដឹងពីការសម្រេចចិត្តនេះ ខណៈដែលការលើកឡើងរបស់លោក ចាត់ទុកថា ជាគំរូមួយគួរឲ្យសរសើរ សម្រាប់តារាល្បីល្បាញ។
លោក អ៊ុន សិទ្ធា និយាយថា ដ្បិតថាលោករមែងទទួលបានតំណែងតួឯក ប៉ុន្តែលោកមិនដែលប្រកាន់ជំងឺតួឯក ហើយទទួលសម្ដែង លុះត្រាតែបានតំណែងតួឯកនោះទេ។ លោកថាហេតុផលដែលលោកកម្រសម្ដែងតួរង នាពេលឡើងកូដ គឺដោយសារតែគ្មានផលិតករ ទាក់ទងឲ្យលោកសម្ដែងតួរងប៉ុណ្ណោះ ដោយលោកនិយាយថាឲុ្យតែមានការស្នើឲ្យសម្ដែង ហើយជារឿងដែលលោកយល់ថា ត្រូវតែសម្ដែង គឺលោកមិនដែលប្រកែកទេ។ លោកអះអាងថា ក្នុងនាមជាតួសម្ដែង លោកមិនដែលប្រកាន់ថា ទាល់តែតួនេះបានសម្ដែង ឬតួនោះបានសម្ដែងទេ សំខាន់ឲ្យតម្លៃខ្លួនត្រូវបានចចារត្រូវគ្នានោះ លោកទទួលសម្ដែងហើយ។ លោកនិយាយថា «សម្រាប់ខ្ញុំ តួអីក៏លែងដែរ ប៉ុន្តែអាចមកពីគេអត់ហ៊ានហៅ ឲ្យសម្ដែងទើបអ្នកខ្លះថា ខ្ញុំក្រៅពីតួឯង អត់សម្ដែង!»។ យ៉ាងណាមិញ លោកថាភាពយន្តដែលលោក ទទួលសម្ដែងតួរង គឺលុះត្រាតែជារៀងដែលប្រជុំដោយតារាល្បីៗ និងជារឿងដែលមានសាច់រឿងខ្លាំងដូចគ្នានឹងរឿង «កាំបិតមុខ២» ទើបលោកពិចារណា។
លោក អ៊ុន សិទ្ធា និយាយថា លោកទទួលសម្ដែងជាតួរងក្នុងរឿង «កាំបិតមុខ២» គឺដោយសារតែសាច់រឿងនេះ តម្រូវឲ្យលោកសម្ដែងច្រើនដូចគ្នា ចាប់ពីពាក់កណ្ដាលរឿងទៅ ដោយប្លង់ដែលលោកសម្ដែង និងលោក អូន ឧស្សាហ៍ សម្ដែង គឺស្ទើរតែច្រើនប្រហែលគ្នា។ ម្យ៉ាងមកពីលោក ក៏សម្ដែងជាមួយតារាសម្ដែងអ្នកនាងកែវ ស្រីនាង ស្ទើរតែស្មើនឹងតួឯក ទើបលោកត្រូវតែសម្ដែង។ លោកបញ្ជាក់ថា នៅក្នុងរឿងនេះ គឺលោកតម្រូវឲ្យសម្ដែងជាតួមិត្តភ័ក្រ្តតួប្រុស ហើយជាអ្នកណែនាំឲ្យលោកអូន ឧស្សាហ៍ ដែលមានស្រីច្រើនធ្វើបាបភរិយា គឺកែវ ស្រីនាង តែលោក អូន ឧស្សាហ៍ មិនតាម។ អ៊ីចឹងហើយទើបលោកសម្រេចចិត្ត បង្កើតឆាកល្ខោនស្នេហាក្លែងក្លាយជាមួយ តួអង្គ អ្នកនាង កែវ ស្រីនាង ហើយចុងក្រោយលោក អូន ឧស្សាហ៍ ក៏ចាប់ផ្ដើមប្រច័ណ្ឌ ហើយស្គាល់តម្លៃភរិយា និងក្លាយជាបុរសដែលមានការទទួលខុសត្រូវចំពោះគ្រួសារ។ លោកថាក្នុងភាពយន្តនេះ លោកគឺជាតួរង ប៉ុន្តែលោកពេញចិត្តសម្ដែង ដោយសារទី១សាច់រឿងធ្វើឲ្យលោកលេងត្រូវចិត្ត និងទី២ដោយសារតែក្នុងរឿងនោះ ប្រជុំដោយតារាសម្ដែងល្បីៗ ដែលលោកយល់ថា បើមិនទទួលសម្ដែងគឺជារឿងសោកស្ដាយ៕
មតិយោបល់