មកទល់ពេលនេះ តារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះអ្នកនាង ស៊ុន ណារីម៉ូនីកា មិនមានទីផ្សារនោះទេ បើទោះជាអ្នកនាងនៅតែច្រៀងបាន និងកំប្លែងបានយ៉ាងរស់រវើក មិនមែនជាតារាធ្លាក់ខ្លួនសម្ដែងមិនកើត និងច្រៀងមិនកើតនោះផង។ អ្នកនាងត្រូវគេឃើញធ្លាក់ខ្លួនដល់ថ្នាក់លក់រថយន្ត និងផ្ទះមួយកន្លែងនៅម្ដុំសន្ធរម៉ុកព្រោះតែអត់មានចំណូលពីសិល្បៈដូចមុន និងបន្ទាប់ពីកូនប្រុសច្បងមានជំងឺរ៉ាំរ៉ៃ។ អ្នកនាងត្រូវគេមើលរំលងទាំងស្រុង ដោយកុំថាតែកម្មវិធីធំៗរបស់ទូរទស្សន៍ គឺសូម្បីតែកម្មវិធីហ្គេមធម្មតាៗ ក៏មិនផ្ដល់ឱកាសអោយអ្នកនាងបង្ហាញមុខនោះដែរ។
អ្នកនាង ស៊ុន ណារីម៉ូនីកា បានសារភាពថារយៈពេល២ឆ្នាំចុងក្រោយ ចាប់តាំងពីអ្នកនាងបានត្រឡប់ពីប្រទេសបារាំងវិញ អ្នកនាងទទួលបានការងារសិល្បៈតិចណាស់ ដោយសារតែបណ្ដាទូរទស្សន៍តូចធំមិនផ្ដល់ឱកាសអោយអ្នកនាងឡើងឆាក និងសូម្បីតែកម្មវិធីប្រគំតន្ត្រីខាងក្រៅទូរទស្សន៍ក៏ភ្លេចអ្នកនាងមិនដូចមុន។
អ្នកនាងថាខ្លួនបានស្វះស្វែងផលិតបទចម្រៀងផ្ទាល់ខ្លួនជាមួយផលិតកម្មមួយកាលពីឆ្នាំមុន បានប៉ុន្មានបទ ប៉ុន្តែលទ្ធផលចុងក្រោយគឺទោះជាមានបទថ្មី ក៏អ្នកនាងមិនត្រូវបានគេអញ្ជើញឡើងឆាក ដើម្បីអោយអ្នកនាងបានបង្ហាញមុខ និងមានទីផ្សារនៅខាងក្រៅនោះដដែល។ អ្នកនាងថាក្នុងរយៈពេលបាត់បង់ការងារសិល្បៈ អ្នកនាងប្រឹងប្រែងខ្លាំងណាស់ ដោយខំលក់បុកល្ហុងផង លក់ទឹកអប់ដែលមានអ្នកទម្លាក់ពីស្រុកបារាំងអោយផង និងលក់ទឹកឃ្មុំធម្មជាតិលើកពីអ្នកស្រុកផង លើអនឡាញ ប៉ុន្តែតម្រូវការក្នុងជីវភាពនៅតែមិនអាចទប់ជាប់ ដូចគ្នានឹងពេលដែលអ្នកនាងសម្បូរទីផ្សារសិល្បៈនោះទេ ទើបអ្នកនាងពិបាកកាន់តែខ្លាំងនៅពេលស្ថានភាពជីវភាពកាន់តែមានតម្រូវការ។ អ្នកនាងសារភាពថាធ្លាក់ខ្លួននៅក្នុងដំណាក់កាលនេះ គឺអ្នកនាងមិនចង់អំពាវនាវសុំលុយសុំកាក់ពីសំណាក់មហាជន និងពីសំណាក់តារាសិល្បៈនោះទេ ដោយអ្នកនាងគ្រាន់តែសុំអោយមានការផ្ដល់ឱកាសអោយអ្នកនាងមានការសិល្បៈជាថ្មី និងជួយទិញទឹកអប់ ឬទិញទឹកឃ្មុំដែលអ្នកនាងប្រកាសលក់លើហ្វេសប៊ុក ដើម្បីអោយអ្នកនាងមានប្រាក់ចំណូល។
អ្នកនាងថាការងារលក់ដូរនៅលើអនឡាញនៅពេលដែលការងារសិល្បៈស្រុតចុះ ក៏ពិបាកអោយអ្នកនាងទទួលបានការគាំទ្រនោះដែរ ទើបអ្នកនាងយល់ថាស្ថានភាពរបស់ខ្លួនកាន់តែពិបាកទៅៗ រហូតដល់ថ្នាក់សូម្បីតែ១០ដុល្លារទិញថ្នាំអោយកូនប្រុសនៅក្នុងថ្ងៃខ្លះក៏មិនមាន។
អ្នកនាងថាខ្លួនកាន់តែបាក់ទឹកចិត្ត ក្នុងពេលដែលអ្នកនាងនៅចង់ឡើងឆាក និងចង់ទទួលបានទីផ្សារលើឆាកតន្ត្រី តែមិនត្រូវបានគេអោយតម្លៃ។
អ្នកនាងស៊ុន ណារីម៉ូនីកា បញ្ជាក់ថាខ្លួនកាន់តែសង្វេគ ដោយសារតែពេលដែលអ្នកនាងទើបតែមកពីបារាំងភ្លាមៗ មានលុយមានកាក់ គឺមានតារាច្រើននាក់រាប់រក បូករួមទាំងក្រុមផលិតករផង ប៉ុន្តែដល់ពេលអ្នកនាងអស់លុយអស់កាក់ និងមិនមានការងារសិល្បៈប្រមាណជា២ឆ្នាំចុងក្រោយ ក៏បាត់នូវការរាប់រកទាំងនោះស្ទើរអស់គ្មានសល់ ស្របគ្នាដែលលុយដែលនាងបានអោយអ្នករាប់អានខ្ចី ក៏គេមិនសង ហើយលែងនិយាយរកអ្នកនាង៕
មតិយោបល់