ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡេង ណាវ៉ាត់ត្រា គ្រោងចំណាយម៉ាអស់ដៃ ក្នុងMV បទ«រាំបិទគូទ»

បើទោះជាការឌីហ្សាញយករូបទម្រង់សិល្ប:បុរាណ ដូចជាល្ខោនខោលមកដល់ពីលើបទចម្រៀងធ្វើឲ្យមានការរិះគន់ធ្ងន់ៗពីសំណាក់តារាចម្រៀងលោក អាចារ្យធំ ប៉ុន្តែគេនៅតែកត់សម្គាល់ថាបទបែកស្លុកបើកឆាករបស់តារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា ដែលទើបទទួលងារជាឧកញ៉ានោះ មានការគាំទ្រ។

ជាក់ស្ដែងបទចម្រៀងមួយនេះ ត្រូវគេចូលស្ដាប់ច្រើននៅលើយូធូបនោះផង ទើបលោកប្រកាសយ៉ាងចំហរថា នឹងចំណាយការផលិតMV ឲ្យបានល្អបំផុត ដើម្បីធ្វើឲ្យបទចម្រៀងនេះ ទទួលបានអារម្មណ៍ប្លែកភ្នែក។

លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថាបទចម្រៀង «រាំបិទគូទ» របស់លោក គឺជាបទសាកល្បងដំបូងបំផុតចាប់តាំងពីលោកបានក្លាយជាតារាចម្រៀង និងជាម្ចាស់ផលិតកម្ម ដែលមានបទប្រភេទបែកស្លុយបែបនេះប្រកួតប្រជែង។ ចម្រៀងមួយបទនេះលោកមានការតាក់តែងទំនុកច្រៀងពីការចូលរួមគំនិតរបស់លោក ហើយមានក្រុមការងារជាអ្នកធ្វើភ្លេងឲ្យ ដោយទម្រាំសម្រេចបានមួយបទនេះ គឺលោកបានចំណាយពេលច្រើន ហើយបើនិយាយពីការឆ្លងយោបល់ចុះឡើងៗទម្រាំតែបានចេញបទ និងសម្រេចយកសាច់ភ្លេងនោះក៏ឆ្លងកាត់ច្រើនដែរ។ លោកថាបទចម្រៀងនេះ ស្ថិតក្នុងការរៀបគម្រៀងរៀបចំចេញថតយ៉ាងយកចិត្តទុកដាក់បំផុត ខណ:ដែលគ្រាន់តែលោកជួលគ្រូឲ្យមកបង្កើតក្បាច់រាំដើម្បីឲ្យប្លែក និងបង្ហាត់តារាសម្ដែងឲ្យរាំស្រុះគ្នានៅក្នុងMV ផង ក៏ចំណាយអស់ខ្ពស់។ លោកបទចម្រៀងមួយនេះ នឹងមានក្បាច់រាំប្លែកភ្នែក ប៉ុន្តែលោកមិនទាន់ច្បាស់ថានឹងចេញសម្ដែងខ្លួនឯង ឬឲ្យតួជំនួសនោះទេ ដោយគ្រាន់តែលោកបង្ហើបយ៉ាងខ្លីថា ទាំងក្បាច់រាំ និងឈុតឆាកដែលត្រូវបញ្ចូលនៅក្នុងMV បទនេះ គឺសម្រិតសម្រាំង ហើយទោះជាចំណាយអស់ប៉ុណ្ណា ក៏មិនខ្វល់។

លោក ឡេង ណាវ៉ាត់ត្រា បទចម្រៀងមួយបទនេះ លោកនឹងតម្រូវឲ្យថតច្រើនទីតាំង ហើយរាំជាក្រុមមនុស្សច្រើន ដើម្បីឲ្យមើលទៅសប្បាយ មិនសាំ អ៉ីចឹងហើយទើបលោកមិនទាន់ដឹងថារហូតដល់ពេលណាទើបMV ដែលគ្រោងចេញថតនឹងបានរួចរាល់ នៅក្នុងកាល:ទេស:ដែលគម្រោងក៏មិនទាន់ដាក់ថ្ងៃចេញថត។

លោករំពឹងថាបទចម្រៀងមួយបទនឹងទទួលបានចំនួនអ្នកចូលទស្សនាកាន់តែច្រើននៅពេលដាក់បង្ហោះ MV ដោយលោករំពឹងថាផ្ទុះសម្រាប់អាជីពចម្រៀងរបស់លោកផង ក្នុងពេលដែលលោកនឹងមានគម្រោងជ្រើសយកបទនេះ ទៅច្រៀងឲ្យសប្បាយនៅក្នុងប្រទេសកូរ៉េ នៅពេលលោកធ្វើការប្រគំតន្ត្រីជាថ្មីម្ដងទៀតនៅទីនោះ ដោយមានវត្តមានលោក ព្រាប សុវត្ថិ និង អ្នកនាងពេជ្រ សោភា ជាដើម។ យ៉ាងណាមិញ លោកថានឹងមិនមានគម្រោងផលិតបទបែកស្លុយសម្រាប់ច្រៀងខ្លួនឯងបន្ថែមទៀតនោះទេ ដោយលោកនឹងងាកមកផលិតបទបែបប្រពៃណី ឬបែបមនោសញ្ចេតនាសម្រាប់ជំហានបន្តបន្ទាប់វិញជាជាង បើទោះជាបទ«រាំបិទគូទ»នេះទទួលបានការគាំទ្រខ្លាំង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ៕

មតិយោបល់