ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសចំណាស់ម្នាក់ទើបតែទិញរថយន្តថ្មី ហើយរៀនបើកបរដោយខ្លួនឯង ស្រាប់តែរេចង្កូតជ្រុលទៅបុកក្មេងស្រីស្លាប់ម្នាក់ និងរបួសម្នាក់ ខណៈដែលកំពុងអង្គុយលេងចិញ្ចើមផ្លូវរុញផ្ទប់ទៅនឹងរបងថ្ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវលំ ភូមិធ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សំណាង ពិសី អាយុ៥ឆ្នាំ សិស្សមត្តេយ្យ ជាកូនកំព្រា(ស្លាប់)រស់នៅជាមួយម្តាយមីង ឈ្មោះ ថន ស្រី មុំ អាយុ៣២ឆ្នាំ មុខរបរ នៅផ្ទះ ភូមិសង្កាត់កើតហេតុ។ ចំណែកក្មេងស្រីម្នាក់ទៀតរបួសស្រាល អាយុ៤ឆ្នាំ ក៏ត្រូវជាបងប្អូន។
ជនសង្ស័យជាជនបង្កឈ្មោះ ទី បាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ (ត្រូវជាតាជីដូនមួយ)រស់នៅក្នុងភូមិកើតហេតុ។ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3765។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានអង្គុយលេងនៅចិញ្ចើមផ្លូវ លុះដល់វេលាម៉ោងកើតហេតុ ខណៈដែលជីតាកំពុងរៀនបើកបររថយន្ត ស្រាប់តែរេចង្កូតជ្រុលទៅបុកចៅស្រីស្លាប់ម្នាក់ របួសម្នាក់ រុញផ្ទប់នឹងរបងថ្មបាក់អស់មួយផ្ទាំងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់នាំខ្លួនជីតាមកសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ ចំណែកសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់