ព័ត៌មានសិល្បៈ និងកម្សាន្ត

ថវិកាជិត១ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍កម្រាលព្រំសប្បុរស ត្រូវបានប្រគល់ជូនគន្ធបុប្ផា

កាលពីព្រឹកថ្ងៃពុធ ទី១២ តុលានេះ ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន រួមជាមួយនឹងតារាសិល្បៈជាច្រើនរបស់គ្រួសារតារាកម្ពុជាបានប្រគល់ថវិកាចំនួនជិត១ម៉ឺនដុល្លារ ដែលទទួលបានពីព្រឹត្តិការណ៍តាំងពិពរណ៌ស្នាដៃនិស្សិត និងការប្រគំតន្ត្រីដែលមានឈ្មោះថាព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌កាលពីថ្ងៃទី២៩ តុលា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលទទួលបានពីការរ៉ៃអង្គាសដោយផ្ទាល់ដៃរបស់និស្សិតសាកលវិទ្យាល័យនរ័តុន និងការរ៉ៃអង្គាសរបស់តារាសិល្បៈដោយផ្ទាល់ ខណៈដែលថវិកាមួយចំនួនធំគឺបានពីការលក់ដូររបស់និស្សិតគ្រប់ផ្នែកនៅក្នុងព្រឹត្តិការណ៍ទាំងមូល ទើបទទួលបានថវិកាក្នុងចំនួនមួយច្រើនយ៉ាងនេះ។

លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថានេះជាឆ្នាំទី២ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍កម្រាលព្រំសប្បុរធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា តែជាលើកទី១ដែលកម្មវិធីនេះទទួលជោគជ័យព្រោះអត់រំខានដោយភ្លៀង ហើយមានការចូលរួមដោយតារាល្បីៗលំដាប់ប្រដាប់ប្រទេសរហូតដល់ជាង៨០រូបបង្ហាញខ្លួន បើធៀបនឹងការប្រគំតន្ត្រីកាលពីឆ្នាំមុនត្រូវបានរំខានដោយភ្ញៀង។ យ៉ាងណាមិញ លោកថាថវិកាកាលពីឆ្នាំមុនគឺបានចំនួនជាង៤ពាន់ដុល្លារផងដែរ បើទោះជាមានការរំខានដោយភ្ញៀងស្ទើរតែមិនអាចអោយតារាសិល្បៈច្រៀងរាំបានតាមការគ្រោងទុក។ ដោយឡែកនៅក្នុងឆ្នាំលោកថាព្រឹត្តិការណ៍ដែលបានរៀបចំនៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៩ កញ្ញា គឺបានទទួលជោគជ័យយ៉ាងខ្លាំង ដោយសារតែគ្មានរំខានដោយភ្លៀង ហើយតារាសិល្បៈល្បីឈ្មោះសុទ្ធតែបានចូលរួមច្រៀងរាំដោយគ្មានអវត្តមាន។ អ៊ីចឹងហើយទើបព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យហួសពីការស្មានដោយទទួលបានថវិការហូតដល់៩៨៨៣ដុល្លារ ហើយសរុបទាំងថវិកាដែលបរិច្ចាគបន្ថែមក្នុងម៉ោងប្រគល់នោះ គឺទទួលបានចំនួន ៩៩២៣,៣ ដុល្លារសហរដ្ឋអាមេរិក។

លោកថាថវិកាពីកម្មវិធីទទួលបាន១៦៣៤ដុល្លារ ពីការរ៉ៃអង្គាសរបស់និស្សិត និងតារាសិល្បៈ និងទទួលបាន ៨២២៤,៤ដុល្លារពីការលក់ដូររបស់និស្សិតគ្រប់ផ្នែក នៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុន។ យ៉ាងណាក៏ដោយ លោកចាត់ទុកថានេះជាថវិកាដែលទទួលបានក្នុងចំនួនខ្ពស់មួយលើសពីការរំពឹងទុក ខណៈដែលថវិកាសរុបទាំងជាង៩០០០ដុល្លារនេះ ពិតជាបានរួមចំណែកមួយដ៏សំខាន់ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។

ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យន័រតុននោះ គឺមានរយៈពេល៣ថ្ងៃពេញ ដោយថ្ងៃទី២៧ កញ្ញាមានការប្រគំតន្ត្រីពីតារាល្បីៗរបស់គ្រួសារតារាកម្ពុជា ថ្ងៃទី២៨ កញ្ញា ជាការច្រៀងរាំរបស់និស្សិតដោយផ្ទាល់ និងថ្ងៃទី៣ គឺថ្ងៃទី២៩ កញ្ញា គឺជាព្រឹត្តិការណ៍កម្រាលព្រំទ្រង់ទ្រាយធំដោយមានតារាល្បីៗជាង៨០រូបចូលរួម ដោយមានទាំងតារាៗចាស់ក្មេងជាច្រើនរូបផង កាន់ហិបដើររៃអង្គាសថវិកាជាមួយនឹងនិស្សិត។

លោកថានេះជាជោគជ័យគួរអោយសរសើរដែលបានកើតចេញពីការផ្ដើមគំនិតរបស់ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន និង«គ្រួសារតារាកម្ពុជា»។ ក្នុងថ្ងៃប្រគល់លុយនោះ ក្រៅពីតំណាងន័រតុន ក៍មានតារាៗចូលរួមប្រគល់ដូចជា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញា នីនិច្ច កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ កញ្ញាពេជ្រ អាវីហ្សា កញ្ញា មាស អាលីស កញ្ញា ពេជ្រ ចរណៃ លោកMC លីហេង លោកវង្ស ថាណាន់ លោកស៊ី ឡូ លោកមាស សៀវប៉ាយ និងតារាៗជាសមាជិករបស់គ្រួសារតារាកម្ពុជា ជាច្រើនរូបទៀត។

តំណាងសាកលវិទ្យាល័យនរ័តុនបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំ និងនិស្សិតទាំងអស់បានរួបរួមគ្នាជាមួយតារាសិល្បៈរបស់គ្រួសារតារាកម្ពុជា ហើយធ្វើអោយព្រឹត្តិការណ៍តាំងពិព័រណ៌ស្នាដៃប្រចាំឆ្នាំរបស់និស្សិតក្លាយជាមហាព្រឹត្តិការណ៍ប្រគំតន្ត្រីកម្រាលព្រំសប្បុរធម៌ ដោយទទួលបានថវិការរហូតដល់ជិត១ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សាកលវិទ្យាល័យនឹងបន្តដឹកនាំរៀបចំព្រឹត្តិការណ៍ដែលមានតម្លៃបែបនេះជាបន្តបន្ទាប់ទៀត ដើម្បីជំរុញអោយមានការយកចិត្តទុកដាក់ជួយដល់សង្គម ជាពិសេសគឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលប្រឈមនូវការខ្វះខាតជារៀងរាល់ថ្ងៃ៕

មតិយោបល់