ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី ប្រកាសអោយសុវណ្ណ មករា មកផ្ដិតមេដៃលែងលះ

យោងតាមបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់ក្នុងកម្មវិធី«កិច្ចសម្ភាសន៍តារាសិល្បៈ ឬ Komsan Talkshow» អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងប្រកាន់ជំហរមិនទទួលយកការបកក្រោយរបស់អតីតស្វាមី គឺលោក សុវណ្ណ មករានោះទេ បើទោះជាមានថ្ងៃមួយលោកសម្រេចចិត្តបោះបង់ស្រីស្នេហ៍ ឬភរិយាចុង ហើយត្រូវត្រលប់មករកប្រពន្ធកូនវិញ។ ទន្ទឹមនឹងនោះ អ្នកនាងក៏បានប្រកាសអោយអតីតស្វាមី មកផ្ដិតមេដៃនៅសាលាសង្កាត់អោយបានឆាប់នោះផង ដើម្បីអោយនាងបញ្ចប់ការពាក់ព័ន្ធទាំងស្រុងតាមអ្វីដែលអតីតស្វាមីចង់បាន។

អ្នកនាងនិយាយថាលោកសុវណ្ណ មករា បានចុះចេញពីនាង និងបានប្រកាសថាខ្លួនអស់និស្ស័យជាមួយនាង ដោយសម្រេចចិត្តទៅរួមរស់ជាមួយនារីម៉ូដែលម្នាក់ឈ្មោះចោមច័ន្ទ ដែលនាងបញ្ជាក់ថាបានស្គាល់គ្នាដោយសារតែលោកសុវណ្ណ មករា បានហៅនាងអោយសម្ដែងក្នុងរឿងភាគរបស់លោក។ នាងថាអតីតស្វាមីបានត្រឹមតែអះអាងថាចង់លែងនាង ដើម្បីអោយមានសេរីភាពទៅមានប្រពន្ធចុងដោយគ្មានសម្ពាធប៉ុណ្ណោះ ប៉ុន្តែមកទល់ម៉ោងនេះ គឺលោកនៅតែមិនយកឯកសារលែងលះមកកាន់សាលាសង្កាត់ដើម្បីអោយបានដាច់ស្រេចនោះទេ ក្នុងពេលដែលនាងធ្វើការរង់ចាំអោយចិត្តអន្ទារដើម្បីអោយផ្ដាច់កម្មពៀរជាមួយលោកតាមច្បាប់។ អ្នកនាងបញ្ជាក់ថារវាងស្វាមី និងអ្នកនាងដ្បិតថារៀបការក៏ពិតមែន ប៉ុន្តែចំណងអេតាស៊ីវិលមិនបានចងគ្ននោះទេ ទើបនាងយល់ថាអោយតែបានធ្វើលិខិតលែងលះត្រឹមសាលាសង្កាត់គឺនឹងបានរួចរាល់។ នាងថាបើលោកសុវណ្ណ មករាពិតជាសឿងចង់លែងនាងមែន សូមអោយលោកមកផ្ដិតមេដៃលែងលះជាមួយអោយបានដាច់ស្រេចផង ដើម្បីកុំអោយទៅមានភរិយាចុងក្រោយ ធ្វើអោយនាងឈឺចាប់ហើយ បែរជាមិនព្រមផ្ដិតមេដៃអោយនាងទទួលបានសេរីភាពទៀត។ យ៉ាងណាមិញអ្នកនាងថា មិនមែនចង់បានឯកសារលែងលះ ដោយសារតែចង់មានអ្នកថ្មី ឬអ្នកចាស់នោះទេ គឺគ្រាន់តែនាងឆ្អែតចិត្តនឹងការចុះចោលរបស់អតីតស្វាមី ហើយគិតថាបើលោកជ្រុលធ្វើចំពោះនាង និងកូនដល់ម្លឹងប៉ុណ្ណឹងហើយ គឺគួរតែលែងគ្នាអោយដាច់ ដើម្បីកុំអោយបន្តរសេមរសាម។ នាងថាលោកសុវណ្ណ មករា មិនអាចវិលត្រលប់មករកនាង និងកូនវិញទេ ដោយសារតែនាងអះអាងថាលោកកំពុងងប់ជាមួយនឹងភរិយាចុង។ អ្នកនាងក៏បានប្រកាសថាអតីតស្វាមី មិនបានទទួលខុសត្រូវចំពោះកូនទាំង២ក្រោយការចុះចោលផងដែរ ដោយនាងប្រកាសថានឹងតស៊ូចិញ្ចឹមកូនទាំង២ម្នាក់ឯង បើទោះជាលំបាកក្នុងជីវិតបន្តិច។

អ្នកនាងបានលាតត្រដាងពីរឿងរ៉ាវដ៏ក្ដៅគគុករបស់ខ្លួន ក្នុងកម្មវិធីដែលផ្សាយផ្ទាល់នៅលើផេកផុសកម្សាន្ត ក្នុងពេលដែលកម្មវិធីមួយនេះក្រៅពីមានការជជីកសួរពីសំណាក់ពិធីករ និងពិធីការិនី ក៏មានចោទឆ្លើយពីអ្នកខលចូលដែលទស្សនាកម្មវិធី។ អ្នកនាងគឺជាតារាកិត្តិយសបើកឆាក ខណៈដែលកម្មវិធីនឹងបន្តជ្រើសយកតារាកិត្តិយសល្បីៗបន្តបន្ទាប់អោយមកសម្ភាសន៍ និងលាតត្រដាងរឿងពិត។ កម្មវិធីនេះត្រូវបានប្រកាសថាបន្តផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ ដោយវត្តមានពិធីករពិធីការិនីក៏នឹងឆ្លាស់គ្នាជាមួយតារាល្បីៗផ្សេងទៀតផងដែរ៕

https://www.youtube.com/watch?v=mY1O_vOzY5Y&feature=youtu.be

មតិយោបល់