ព័ត៌មានសិល្បៈ និងកម្សាន្ត

បន្ទាប់ពីខាត់ សុឃីម ដល់វេន ឈួន សុវណ្ណឆៃ ម្ដងហើយ!

បន្ទាប់ពីតារាចម្រៀងអ្នកនាង ខាត់ សុឃីម ចេញបទ «រងារ» ហើយទទួលបានការគាំទ្ររហូតកក្រើកប្រទេស គេឃើញតារាចម្រៀងជើងចាស់មួយរូបទៀតហើយ គឺអ្នកនាង ឈួន សុវណ្ណឆៃ ដែលបានបញ្ចេញបទ Original Song ដែលស្ដាប់ហើយដាស់អារម្មណ៍ឲ្យមហាជន កញ្ជៀលចង់រាំចង្វាក់ប្រពៃណីខ្មែរជាថ្មី។

នេះជាបទនិពន្ធថ្មីបើកឆាករបស់តារាស្រីរូបនេះ ចំក្នុងបរិបទដែលបទបែកស្លុយរងការរិះគន់ ដោយសារតែបទទាំងនោះបានរួមចំណែកធ្វើអោយយុវវ័យឈ្លក់វង្វេង ភ្លេចអស់ចង្វាក់ប្រពៃណីកន្លងមក។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថាដើម្បីរួមគ្នាអភិរក្សចង្វាក់ប្រពៃណីខ្មែរ ដែលកាន់តែខើចទៅៗក្នុងអារម្មណ៍មហាជន ទើបអ្នកនាងចំណាយថវិកាផ្ទាល់ខ្លួនផលិតបទនិពន្ធថ្មី ដោយបទចម្រៀងនេះគ្រាន់តែជាបទចម្រៀងមួយក្នុងចំណោមបទជាច្រើនដែលអ្នកនាងនឹងបញ្ចេញក្នុងឱកាសចូលឆ្នាំនេះប៉ុណ្ណោះ។

បទចម្រៀងដែលមានចំណងជើងថា «សារ៉ាវ៉ាន់ ជុំញាតិ» នេះ អ្នកនាងបានប្រើពេលចំណាយជាយូរមកហើយទាំងការធ្វើភ្លេង និងការនិពន្ធទំនុកច្រៀងក្រោមការផលិតពីអ្នកជំនាញ ទម្រាំតែបានលទ្ធផលសម្រេចនៅក្នុងពេលនេះ។

អ្នកនាងថាបទចម្រៀងទាំងនោះអ្នកនាងគម្រោងបញ្ចេញនៅកៀកពិធីបុណ្យចូលឆ្នាំនោះទេ ប៉ុន្តែបណ្ដាលមកពីឃើញមហាជនខ្មែរច្រើនឡើងងាកមកចាប់អារម្មណ៍បទចង្វាក់ប្រពៃណីជាថ្មី ព្រោះតែឡាវចង់ដាក់ចង្វាក់«រាំវង់»ជាសម្បត្តិរបស់ខ្លួន ទើបអ្នកនាងបញ្ចេញតែម្ដង ដោយបទចម្រៀងនេះ គឺអ្នកនាងនឹងយកទៅច្រៀងក្នុងព្រឹត្តិការណ៍សង្ក្រាននៅពោធិ៍សែនជ័យរបស់គ្រួសារតារាកម្ពុជានោះផង។

អ្នកនាងឈួន សុវណ្ណឆៃ ប្រកាសថាក្រោយបទនិពន្ធថ្មីបន្តបន្ទាប់របស់ខ្លួនចេញបង្ហោះ ហើយទទួលបានការគាំទ្រ អ្នកនាងនឹងចេញផលិតជាMV ដើម្បីបន្សល់ស្នាដៃទុកអោយកូនខ្មែរ ថាខ្មែរក៏មានបទចម្រៀងល្អ បើបទចម្រៀងជាចង្វាក់ប្រពៃណីត្រូវបានគាំទ្រឡើងវិញ។

អ្នកនាងក៏នឹងរំលេចលំនាំប្រពៃណីនៅក្នុងបទចម្រៀងប្រពៃណីទាំងនោះផងដែរ ទើបអ្នកនាងរំពឹងថាស្នាដៃដែលខ្លួនបញ្ចេញនឹងមានការគាំទ្រខ្លាំង។

ចង់ដឹងថាបទចម្រៀង«សារ៉ាវ៉ាន់ ជុំញាតិ»របស់អ្នកនាងឈួន សុវណ្ណឆៃ ស្ដាប់ហើយពិរោះ និងមានអត្ថន័យយ៉ាងណាតោះស្ដាប់៖

https://youtu.be/lbvYzQEdlL4

មតិយោបល់