បន្ទាប់ពីឡាវទើបតែប្រកាសដាក់«ចង្វាក់រាំវង់»ជាសម្បត្តិបេតិកភណ្ឌជាតិ ស្រាប់តែភាគីថៃ ក៏បានប្រកាសជាសាធារណៈថានឹងដាក់របាំអប្សរា និងរបាំព្រះរាជទ្រព្យរបស់ខ្លួន ជាសម្បត្តិបេតិកភណ្ឌជាតិរបស់អង្គការយូឌីស្កូផងដែរ។ នេះជាព័ត៌មានរសើបយ៉ាងក្ដៅគគុកទៀតហើយ ក្នុងពេលដែលយុវជនកម្ពុជានៅតែងប់ងល់នឹងសិល្បៈចម្លងពីប្រទេសទំនើប ជាពិសេសគឺបទបែកស្លុយ ដល់ថ្នាក់លែងខ្វល់ពីសិល្បៈបុរាណរបស់ខ្លួននាពេលចុងក្រោយ។
ភ្លើងកម្សួលជុំវិញការបាត់បង់ចង្វាក់រាំវង់ក្នុងពេលដ៏ខ្លី ទៅអោយប្រទេសឡាវនៅមិនទាន់ស្ងប់ផង ដំណឹងនៃបាត់បង់របាំអប្សរា និងរបាំព្រះរាជទ្រព្យ ដែលថៃចម្លងយកទៅប្រើកើតទៀតហើយ ក្នុងពេលដែលសិល្បៈទាំង៣ប្រភេទនេះ ត្រូវបានគេដឹងថាសុទ្ធតែចេញប្រភពពីកម្ពុជា តាំងពីមានថៃ និងឡាវ នៅលើផែនដី។ បើទោះជារបាំអប្សរា និងរបាំព្រះរាជទ្រព្យ ត្រូវបានកម្ពុជាដាក់ជាសម្បត្តបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ២០០៣ក្ដី តែផ្អែកតាមតាមកម្ពុជាមិនសូវផ្សព្វផ្សាយទូលំទូលាយអោយយុវជនខ្លួនឯងបានស្គាល់ ផ្អែកតាមយុវជនខ្មែរខ្លួនឯងវក់វីនឹងចង្វាក់បែកស្លុយដែលមិនមែនជាវប្បធម៍ដើមរបស់ខ្លួនច្រើនជាងនាពេលចុងក្រោយ គឺមិនខុសពីខ្មែរកាន់តែខើចនូវវប្បធម៍បុរាណរបស់ខ្លួននោះទេ ប្រសិនថៃដាក់របាំដែលមានទម្រង់ស្រដៀងនឹងរបាំអប្សរា និងរបាំព្រះរាជទ្រព្យរបស់ខ្មែរទាំងពីរនេះ ជាបេតិកភណ្ឌពិភពលោកបាន នោះគឺដោយសារតែក្នុងសង្គមថៃ សិល្បៈទាំងពីរដែលចម្លងពីខ្មែរ មិនទាន់ត្រូវបានទទួលស្គាល់ក្នុងកម្រិតពិភពលោកផង តែបរទេស និងយុវជនថៃគេខ្លួនឯង ស្គាល់ឡើងច្បាស់ពេញផ្ទៃរួចបាត់ទៅហើយ។
មុនពេលវត្តមានបទចម្រៀងបែកស្លុយត្រូវបានបំផុសឡើង គេឃើញសកម្មភាពយុវជនទាំងក្រុង និងស្រែចម្ការចាប់អារម្មណ៍នឹងបទរាំវង់ និងចង្វាក់ប្រពៃណីជាតិរបស់ខ្មែរខ្លាំងណាស់ ដោយម្នាក់បន់អោយតែដល់រដូវចូលឆ្នាំ នឹងរាំជុំគ្នា បង្ហាញភាពថ្លៃថ្នូរនៃចង្វាក់ទាំងនោះផង។ សកម្មភាពរាំបែបប្រពៃណីយ៉ាងរស់រវើកតាំងពីយូរលង់មក បានធ្វើអោយអន្តរជាតិមើលឃើញពីគុណតម្លៃ រហូតធ្វើអោយប្រទេសក្បែរខាងដែលមានវប្បធម៌ស្រដៀងនឹងកម្ពុជាបន្តចម្លងយកទៅធ្វើជារបស់ខ្លួន ហើយគេថែរក្សា និងផ្សព្វផ្សាយបានយ៉ាងល្អ ដល់ក្មេងៗជំនាន់ក្រោយរបស់គេ ស្របគ្នាដែលខ្មែរបែរជាបំផុស និងបង្វក់នូវបទបែកស្លុយអោយយុវវ័យឈ្លក់វង្វេង រហូតបទចម្រៀងប្រភេទជាចង្វាក់ប្រពៃណី ក្មេងជំនាន់ក្រោយស្ដាប់លែងចូលត្រចៀក។ ស្ថានភាពចុងក្រោយ កាន់តែជួយអោយប្រទេសជិតខាងប្រឹងរំលេចសិល្បៈបុរាណទាំងនោះ ហើយទីបំផុតភាគីខាងឡាវបានប្រកាសយកចង្វាក់រាំវង្ស ទៅចូលបរតិកភណ្ឌពិភពលោក ហើយថៃ ក៍ប្រកាសយករបាំអប្សរា និង របាំព្រះរាជទ្រព្យ ទៅចូលបរតិកភណ្ឌពិភពលោកដូចគ្នា។ ការប្រកាសដ៍ក្ដៅគគុកនេះ នឹងធ្វើអោយកម្ពុជាបាត់បង់សិល្បៈបុរាណទាំង៣ ក្នុងពេលដែលយុជនច្រើននៅឡើយ មិនស្គាល់ច្បាស់ទាំងស្រុងពីប្រភេទ និងទម្រង់សិល្បៈដែលថៃ និងឡាវត្រៀមដាក់នោះផង ព្រោះតែវត្តមានបទចម្រៀងបែកស្លុយ ដែលបំផុសយ៉ាងខ្លាំងក្លា ដោយផលិតកម្មតូចធំ និងតារាចម្រៀងយុវវ័យផ្ទាល់ រហូតដល់ថ្នាក់ល្ខោន យីកេ ល្ខោនខោន របាំអប្សរា និងរបាំព្រះរាជទ្រព្យជាដើម លែងជាចំណូលចិត្តរបស់ពលរដ្ឋខ្មែរ។ យុវវ័យមិនច្រើននោះទេ ដែលមានចំណូលចិត្តសិល្បៈបុរាណ ក្រោយពីវត្តមានបទចម្រៀងបែកស្លុយលេចឡើង ហើយដោយសារតែការអោយតម្លៃហួសហេតុនោះហើយ ដែលកូនខ្មែថបន្តផលិតបទចម្រៀងបែកស្លុយប្រជែងគ្នា រហូតមានបទចម្រៀងខ្លះមានការគាំទ្រដល់ក្រៅប្រទេស ខណៈដែលក្រុមយុវវ័យភ្លើតភ្លើនបានហៅឱកាសនោះថា ជាមោទនភាពសិល្បៈជំនាន់ក្រោយ ដោយភ្លេចថាសិល្បៈដើមរបស់ខ្លួនប្រឈមនឹងត្រូវអ្នកជំនាន់ក្រោយលែងស្គាល់ ហើយប្រទេសដទៃនឹងប្រមូលយកទៅអភិរក្សអស់។
លោកសុះ ម៉ាច បានហៅការដាក់សំណើរទៅកាន់អង្គការយូនីស្កូរបស់ប្រទេសឡាវ និងប្រទេសថៃ ថាជាពេលដែលខ្មែរគួរតែងាកមកគាំទ្រសិល្បៈបុរាណរបស់ខ្លួនវិញ ដើម្បីបង្ហាញក្មេងជំនាន់ក្រោយថាខ្មែរជាម្ចាស់វប្បធម៍ទាំងនោះពិតប្រាកដ មិនមែនមានតែក្នុងឯកសារ។ លោកថាជារឿងសង្វេគបើកូនខ្មែរជំនាន់ក្រោយស្គាល់តែបទបែកស្លុយ ហើយចង្វាក់រាំវង់ របាំប្រពៃណី របាំព្រះរាជទ្រព្យ និងសិល្បៈទម្រង់បុរាណផ្សេងទៀត បែរជាស្គាល់ថាជារបស់ប្រទេសមួយផ្សេងទៀត ព្រោះតែគេអភិរក្សបានល្អ។
លោកថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ បានអះអាងថាឯកសាររស់ ឬមនុស្សរស់ជារឿងសំខាន់ណាស់ សម្រាប់សិល្បៈបុរាណរបស់ខ្លួន។ លោកទទូចអោយផលិតករ និងអ្នកបំផុសទម្រង់បទចម្រៀងបែកស្លុយ ត្រូវតែកាត់បន្ថយ ឬ មិនធ្វើទាំងអស់រួមគ្នា ដើម្បីកុំមានជម្រើសដល់ក្រុមយុវវ័យ ហើយធ្វើអោយទំពាំងទាំងនោះ ងាកទៅចាប់អារម្មណ៍សិល្បៈសម័យរបស់ជាតិវិញ។ លោកថាអ្វីៗវាធំលើការបំផុស និងផ្សព្វផ្សាយរបស់ផលិតករទាំងនោះច្រើនជាង ដោយលោកបញ្ជាក់ថា បើគ្មានការផលិតបទបែកស្លុយ យុវវជនខ្មែរពិតជាស្ដាប់បទខ្មែរថាពិរោះ ។ លោកថាមិនមែនជាមោទនភាពពិតប្រាកដទេ ដែលខ្មែរអាចធ្វើបទចម្រៀងបែកស្លុយអោយបរទេសទទួលស្គាល់ តែមករួមចំណែកអោយអ្នកជំនាន់ក្រោយលែងចាប់អារម្មណ៍សិល្បៈបែបបុរាណ៕
នៅលើសង្គមហ្វេសប៊ុក ម្នាក់ៗបានត្រឹមតែបញ្ចេញទស្សនៈថាស្ដាយវប្បធម៌តែប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកចូលចិត្តបទចម្រៀងបែកស្លុយនៅតែបន្តកោតសរសើរ ចែកចាយ និងមានមោទនភាពចំពោះបទចម្រៀងទាំងនោះ ដោយមិនខ្វល់ពីការបាត់បង់សិល្បៈដ៏ចំណាស់របស់ខ្លួននោះទេ។ អ្នកខ្លះបានទាំងលើកឡើងថាបើគិតតែអភិរក្ស ហើយគ្មានការអភិវឌ្ឍន៍ ក៏មិនអាចធ្វើឲ្យសិល្បៈរបស់ខ្មែរឈានឡើង ដែលទស្សនៈនេះត្រូវបានគេមើលឃើញថាមិនខុសពីរួមគ្នាជាន់ពន្លិចដល់សិល្បៈខ្លួនឯងនិងជាការលើកទឹកចិត្ត ឲ្យបទបែកស្លុយមានចរន្តខ្លាំងក្លានៅក្នុងស្រទាប់មហាជន ដោយមិនខ្វល់ពីឥទ្ធិពលអាក្រក់លើវប្បធម៍ជាតិ។
យ៉ាងណាក៍ដោយ របាំអប្សរារបស់ខ្មែរ និង របាំព្រះរាជទ្រព្យរបស់ខ្មែរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិវប្បធម៍របស់ពិភពលោករួចហើយ តាំងពីឆ្នាំ២០០៣ ប៉ុន្តែអ្វីដែលមានការបារម្ភពេលនេះ គឺបើថៃអាចដាក់ទម្រង់របាំអប្សរា និងព្រះរាជទ្រព្យរបស់គេបាន ហើយថៃជាប្រទេសដែលបានអភិរក្សល្អជាខ្មែរ ផ្សព្វផ្សាយខ្លាំងជាងខ្មែរ គឺមិនខុសពីធ្វើអោយមជ្ឈដ្ឋានភាគច្រើនយល់ថាថៃជាម្ចាស់វប្បធម៍ និង សមជាប្រទេសដែលមានវប្បធម៍ផូរផង់ តាំងពីយូរលង់ជាងខ្មែរនោះទេ ដោយសារតែកូនខ្មែរ ខ្វះការគាំទ្រទម្រង់សិល្បៈបុរាណរបស់ខ្លួនស្រាប់នោះ ៕
មតិយោបល់