ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្តេញមន្ត្រីការទូតអង់គ្លេស ២៣ នាក់ ចេញពីទីក្រុងមូស្គូ

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងមូស្គូ នឹងបណ្តេញមន្ត្រីការទូតអង់គ្លេសចំនួន ២៣ នាក់ ចេញពីប្រទេស ដើម្បីសងសឹកចំពោះការសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលបានបណ្ដេញមន្ត្រីការទូតខ្លួន ទាក់ទងនឹងការវាយប្រហារ ដោយសារធាតុគីមីពុល ទៅលើអតីតភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោក នៅលើទឹកដីចក្រភពអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា បុគ្គលិកអង់គ្លេសទាំងនោះ នឹងត្រូវគេបណ្តេញចេញពីទីក្រុងម៉ូស្គូ ដោយពួកគេមានរយៈពេលត្រឹម ១ សប្តាហ៍ប៉ុណ្ណោះ ដើម្បីធ្វើការចាកចេញ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុងមូស្គូនឹងបិទក្រុមប្រឹក្សាអង់គ្លេស នៅក្នុងប្រទេសរុស្ស៊ី ដែលលើកកម្ពស់ទំនាក់ទំនងវប្បធម៌ រវាងប្រទេសជាតិនានា រួមទាំងស្ថានកុងស៊ុលអង់គ្លេស នៅទីក្រុង St Petersburg ផងដែរ។

បច្ចុប្បន្ន លោក Sergei Skripal និងកូនស្រីរបស់លោក ឈ្មោះ Yulia នៅតែមានជំងឺធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយពួកគេ ត្រូវបានរកឃើញសន្លប់នៅលើកៅអី ក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី ៤ ខែមីនាកន្លងទៅ៕

មតិយោបល់