បន្ទាប់ពីមានចុះផ្សាយពីប្រវត្តិយ៉ាងកម្សត់មួយប្រាវរបស់តារាចម្រៀង លោក សេម កូម៉ា បានធ្វើអោយមហាជន ជាពិសេសនៅពេលដែលលោកបានរៀបរាប់ថា គ្រាន់តែបានកុងត្រាច្រៀងនៅក្នុងផលិតកម្មឌ្រីមជីវ៉ា និងទើបថតបានមួយបទមិនទាន់ចេញផង ក៏មានរឿងកម្សត់ដោយសារតែម្ដាយដោយសារគាំងបេះដូងក្រោយទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសមួយកំប៉ុង ហើយក្រោយពីបូជាម្ដាយបាន១៨ថ្ងៃ ផ្ទះទាំងមូលក៏ត្រូវភ្លើងឆេះក្នុងពេលទុស្សេខ្សែភ្លើងចំពេលសមាជិកគ្រួសារមិននៅផ្ទះ។
ទើបតែមានរឿងទាំង២មិនទាន់បាត់ចំហាយផង ស្រាប់តែមានដំណឹងថាប្អូនប្រុសរបស់លោក ដែលស្ថិតនៅក្រោមបន្ទុករបស់លោក បានជួបគ្រោះថ្នាក់ឈានដល់ការកាត់ដៃដែលមានរបួសទៀតហើយ។
លោកបានផុសនៅលើហ្វេសបុកកាលពីល្ងាចថ្ងៃទី២០ មីនា ថា «បងមិននឹកស្មានថាប្អូនប្រុសបងមកជួបរឿងអាក្រក់ចឹងទេ បងសុំទោសដែលបងមើលថែប្អូនមិនបានល្អ បងជាបងគ្មានបានការ បងជាបងគ្មានការមើលថែ បណ្ដោយអោយប្អូនកាត់ដៃ ដៃនេះ បងចាំវាទុក១ជីវិតរបស់បង ប្អូនកំសត់របស់បងអើយ បងក្ដុកក្ដួលណាស់ បងខូចចិត្តណាស់ ដែលជួយប្អូនមិនបាន»។
នេះជាការលើកឡើងរបស់លោកសេម ម៉ាកូ បន្ទាប់ពីប្អូនប្រុសរបស់លោក ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងដែរនោះ ដួលត្រូវម៉ាស៊ីនហើយបណ្ដាលអោយរបួសដាច់កូនដៃ ដោយកូនដៃរបស់ប្អូនលោកត្រូវពេទ្យកាត់ចោល ព្រោះតែម៉ាស៊ីនស៊ីខ្ទេចឆ្អឹង ហើយបណ្ដាលអោយដៃដែលរបួសនោះរលួយ ដែលមិនអាចមិនកាត់ចោលបាន។ ស្ថានភាពដែលប្អូនលោកបានជួប គឺជារឿងដ៏អាក្រក់មួយទៀត ខណៈដែលលោក ទើបបាត់បង់ម្ដាយ និងផ្ទះ ដែលធ្វើអោយជីវភាពរបស់លោកធ្លាក់ចុះដុនដាប រហូតដល់ថ្នាក់អស់ទ្រព្យសម្បត្តិ និងជាប់ទាំងបំណុលមួយចំនួនផង។
តារាចម្រៀង សេម បានថ្លែងបញ្ជាក់ថា លោកមានអារម្មណ៍ស្មុគស្មាញយ៉ាងខ្លាំង ក្នុងពេលដែលលោក និងប្អូនប្រុស មិនខុសពីកូនកំព្រាម្ដាយ និងឪពុកព្រោះតែឪពុក និងម្ដាយលែងលះគ្នាមុនពេលម្ដាយស្លាប់ ស្រាប់តែមកមានរឿងអាក្រក់កើតឡើងចំពោះប្អូនប្រុសលោកទៀត រហូតធ្វើអោយប្អូនលោកបាត់ម្រាមកូនដៃមួយទាំងទឹកភ្នែក។ អ្វីដែលលោកស្លុតចិត្តទៀតនោះ គឺនៅក្នុងពេលនេះស្ថានភាពជីវិតរបស់លោកពឹងតែលើមុខរបរច្រៀងអាហ្វែមួយរោងៗ ដើម្បីក្រពះ ស្រាប់តែមកមានរឿងបែបនេះកើតឡើងចំពោះសមាជិកគ្រួសារ។ លោកថារាល់ថ្ងៃ លោក និងប្អូនប្រុស មិនខុសពីរលកញីឈ្មោះនោះទេ ដោយលោក និងប្អូនប្រុសបានសម្រេចចិត្តរៀន ហើយចេញច្រៀងទាំងពីរនាក់ ដោយបានទាំងយកឪពុកដែលបានបែកបាក់ពីម្ដាយកាលនៅរស់ អោយមករស់នៅក្រោមបន្ទុកនោះផង។ យ៉ាងណាក៏ដោយ លោក សេម ក៏ត្រូវគេកត់សម្គាល់ថាចាប់ផ្ដើមឡើងកូដជាងមុននៅក្នុងពិភពសិល្បៈផងដែរ បន្ទាប់ពីលោកឃុំឃាំងខ្លួនឯង មិនទទួលច្រៀងអស់ច្រើនខែ ព្រោះតែខូចចិត្តរឿងម្ដាយស្លាប់ និងអស់ទ្រព្យព្រោះតែភ្លើងឆេះផ្ទះ។ លោក សេម និយាយថា ស្ថានភាពរស់នៅរាល់ថ្ងៃ មិនខុសពីផ្ដើមពីសូន្យនោះទេ ដោយក្រៅពីត្រូវរ៉ាប់រងគ្រួសារ លោកក៏មិនទាន់មានម៉ូតូជិះផ្ទាល់ខ្លួនផងដែរ ទើបលោកនៅមិនទាន់ស្រឡះចិត្តក្រោយពីភ្លើងឆេះផ្ទះ៕
មតិយោបល់