ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា បន្តភ្ញាក់ ខេមរៈសិរីមន្ត ចេញលំនាំស្រដៀងខ្លួន ក្នុងបទ«រាំក្បាច់ក្លោក»

បើទោះជាបទ «មករាំក្បាច់ក្ងោក» របស់លោក ម៉ាដូណា និងបទ «រាំក្បាច់ក្លោក» របស់តារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ត្រូវគេកត់សម្គាល់ថា មានសាច់ភ្លេង និងទំនុកច្រៀងខុសគ្នា ក៏តារាចម្រៀងលោកម៉ាដដូណា នៅតែបន្តយល់ថា ស្ទីលរាំក្បាច់ក្ងោករបស់ខ្លួន ត្រូវបានចម្លងដោយលោកខេមរៈ សិរីមន្ត ដោយសារតែត្រង់ចំណុចកណ្ដាលនៅក្នុងបទចម្រៀង មានការបញ្ជូលស្ទីលរបាំក្ងោកដូចគ្នា និងមានលំនាំរាំក្បាច់ក្ងោកដូចគ្នានឹងលោក ក្នុងពេលដែលបទរបស់លោក ត្រូវបានចេញជាបទ ហើយមិនទាន់ផលិតជា MV តាំងពីកន្លះឆ្នាំមុន។

លោកហាក់បន្តកើតទុក្ខមិនសុខចិត្ត ដោយអះអាងថា គំនិតច្នៃប្រឌិតរបស់លោក ស្រាប់តែមានតារាចម្រៀងផ្សេងធ្វើតាមដែរ ស្របគ្នាដែលបទរបស់លោកខេមរៈ សិរីមន្ត ក៏ល្បីលោតជាង។ លោក ម៉ាដូណា បានអះអាងថា គំនិតយករបាំក្ងោកមកច្នៃ ក្នុងបទចម្រៀងលោក បានចាប់ផ្ដើមយូរហើយ ដោយបានទាំងអោយលោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធរបស់ហង្សមាស ជាអ្នកធ្វើបទអោយនោះផង អ៊ីចឹងហើយ ទើបភ្ញាក់ផ្អើល នៅពេលដែលបទរបស់លោក ត្រូវបានចេញសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ប្រមាណជាច្រើនខែមកហើយ ប៉ុន្តែដល់ពេលចេញជាMV ក៏ស្រាប់តែមានបទរបស់លោកខេមរៈ សិរីមន្ត ចេញ MV មកជាមួយដែរ ក្នុងថ្ងៃទី១៦ មីនា ដូចគ្នា។

លោកបានសម្ដែងអារម្មណ៍ហួសចិត្ត ដោយបានទាំងអះអាងថា នឹងធ្វើការស៊ើបអង្កេត ដើម្បីអោយបានដឹងថា ក្នុងពេលបទចម្រៀង របស់លោកសម្ងំផលិតជាMV តើមានអ្នកពាក់ព័ន្ធនឹងការផលិតបទចម្រៀងរបស់ លោកខេមរៈ សិរីមន្តជាក្រុមការងាររបស់លោក ឬទេ ទើបបានមានស្ទីលដាក់របាំក្ងោក មកបញ្ចូលក្នុងបទចម្រៀងដូចគ្នា ដោយសឹងតែដូចទាំងចង្វាក់រាំ និងចំណងជើង។

លោកថាគឺជារឿងចៃដន្យ ដែលលោកចេញបទចម្រៀង «មករាំក្បាច់ក្ងោក» ដោយយករបាំក្ងោកកមកបញ្ចូលជាបទចម្រៀង តែស្រាប់តែលោកខេមរៈ សិរីមន្ត ដែលមិនបានបង្អើលជា Audio អោយដឹងស្រាប់តែចេញជា MV តែម្ដង ហើយបុកគ្នា ជាមួយលោកទាំងចំណងជើង និងស្ទីលរបាំក្ងោកដូចគ្នា។

លោកម៉ាដូណា បន្តទាំងតូចចិត្តថា គំនិតកែច្នៃរបាំក្ងោកជាបទចម្រៀងរបស់លោក ត្រូវបានតារាផ្សេងទៀត នឹកឃើញដូចគ្នានោះទេ ក្នុងពេលដែលលោកមិនទាន់ទទួលបានផ្លែផ្កាពីបទនេះផង ក៍ត្រូវតារាចម្រៀងល្បីម្នាក់ចេញដែរ។ ពាក់ព័ន្ធនឹងករណីនេះ លោកម៉ាដូណា បានទាំងបង្ហូរទឹកភ្នែក បង្ហាញពីការតូចចិត្តតូចថ្លើម ចំពោះគំនិតច្នៃប្រឌិតរបស់ខ្លួន នៅលើហ្វេសបុកជាច្រើននោះផង។ ប៉ុន្តែលោកខេមរៈ ភារុណ បែរជាឆ្លើយបដិសេធថា មិនដឹងពីការផលិតបទ «រាំក្បាច់ក្ងោក»នេះទេ ដោយលោកឆ្លើយយ៉ាងខ្លី ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ជាប់ប្រជុំក្នុងពេលចោទសួរ។

មកទល់ពេលនេះ គេកត់សម្គាល់ថាលោកខេមរៈ សិរីមន្ត ហាក់មានយីអ៊ុនយ៉ាងខ្លាំង ដោយសារតែក្រៅពីធ្លាយរឿងប្រពន្ធ រឿងកូនហើយ ក៏ត្រូវលោកម៉ាដូណា សម្ដែងការភ្ញាក់ផ្អើលដែលចង់សំដៅថា លោកចម្លងគំនិតក្នុងផលិតបទចម្រៀងមួយនេះថែតទៀត៕

មតិយោបល់