តៃវ៉ាន់ៈ រដ្ឋាភិបាលក្រុងតៃប៉ិ បានច្រានចោលព័ត៌មាន ដែលលើកទ្បើងថា ខ្លួនអាចនឹងជួលយន្តហោះចម្បាំងប្រភេទ F-15 ពីកងកម្លាំងអាកាសអាមេរិក ចំពេលដែលមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Chen Chung-chi បានបញ្ជាក់ថា សំណើការជួលនេះ គ្រាន់តែជាការប៉ាន់ស្មាន ដោយប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ខណៈដែលវាផ្ទុយពីការពិតជាក់ស្ដែង។
កាលពីថ្ងៃចន្ទ កាសែត The Times បានរាយការណ៍ជាលើកដំបូងថា ទ័ពអាកាសអាមេរិក ទំនងជាបានស្នើឲ្យមានយន្តហោះចម្បាំង F-15 របស់ខ្លួន ទៅកាន់កងកម្លាំងអាកាសកោះតៃវ៉ាន់ ខណៈដែលមានការព្រមានពីប្រធានាធិបតីចិន លោក ស៊ី ជីនភីងថា រាល់ការប៉ុនប៉ងណាមួយ ក្នុងគោលបំណងចង់បំបែកខ្លួន ឬទាមទារឯករាជ្យរបស់កោះនេះ នឹងត្រូវបរាជ័យ។
ដោយទ្បែករដ្ឋាភិបាលក្រុងតៃប៉ិ ក៏ត្រូវបានគេរាយការណ៍ថា មានគោលបំណងចង់ទិញយន្តហោះ F-35 ជំនាន់ទី៥ ពីសំណាក់សហរដ្ឋអាមេរិកផងដែរ៕
មតិយោបល់