ព័ត៌មានសិល្បៈ និងកម្សាន្ត

ថុង ស៊ីវទៀង ថ្ងូររឿងខាតឡុងចុង ក្នុងអាជីពផលិតរឿង

ក្នុងរយៈពេលចុងក្រោយគេកត់សម្គាល់ថា ផលិតករភាពយន្តគឺអ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប ចេញមុខផលិតរឿងច្រើន គួរអោយកត់សម្គាល់ក្នុងមួយៗ ដោយមានទាំងរឿងភាគទូរទស្សន៍ផង និងរឿងដុំផង។ យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថា មិនទាន់មានរឿងណាមួយ ដែលអ្នកស្រីផលិតហើយ ទទួលបានផលចំណេញនោះទេ ដោយអ្នកស្រីប្រកាសថា បន្តផលិតរឿងព្រោះតែ បានលុយពីមុខជំនួញមកទប់ និងដោយសារតែមិនចង់បិទទ្វារផលិតកម្មនាំអោយខ្មាស់អ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ។

ខណៈដែលផលិតករភាគច្រើន បានអះអាងថាសប្បាយកើបលុយពីការផលិតរឿង អ្នកស្រី ថុង ស៊ីវទៀង បានសារភាពថា អ្នកស្រីរាល់ថ្ងៃប្រឈមខាតឡុងចុង ក្នុងគម្រោងផលិតរឿងអស់ មិនតិចជាងម៉ឺនដុល្លារនោះទេ ដោយសារតែការផលិតរឿង សម្រាប់ដាក់បញ្ចាំងក្នុងរោងក៏ខាត ហើយបើរឿងសម្រាប់ដាក់បញ្ចាំងលក់ អោយទូរទស្សន៍ក៏បានតែមួយទប់ៗ ឬរឿងខ្លះភាគីខាងទូរទស្សន៍ អោយថ្លៃមិនដល់ថ្លៃផលិតនោះផង។ អ្នកស្រីថា ផលិតរឿងរាល់ថ្ងៃ ផលិតអោយតែឃើញវត្តមាននៅក្នុងសិល្បៈ និងដោយសារតែការស្រឡាញ់សិល្បៈប៉ុណ្ណោះ។

អ្នកស្រីបានសារភាពថាភាពយន្តរាល់ថ្ងៃ គឺមានតែខាតឡុងចុងប៉ុណ្ណោះ ចំណែករឿងចំណេញគឺមិនមាននោះទេ បើទោះជាអ្នកស្រីទទួលបានកិត្តិយសច្រើន គួរសមពីការផលិតកុននេះ។ អ្នកស្រីនិយាយថា «កុនរាល់ថ្ងៃអត់មានចំណេញទេ គឺខាតទាំងរឿងដុំ និងរឿងភាគ ខ្ញុំធ្វើប៉ុន្មានឆ្នាំហ្នឹង ខាតមិនតិចម៉ឺនដុល្លារទេ តែឈប់ទៅវាខ្មាស់គេ ទើបចេះតែធ្វើលេងៗទៅ!»។ អ្នកស្រីបន្តថា មកទល់ពេលនេះ អ្នកស្រីនៅតែបានផលិតរឿងជាហូរហែរ ដោយបានទាំងជម្រើសយកផលិតករផ្សេងៗ ពីគ្នាអោយកាន់ការងារផលិតរឿងដោយចែកក្រុមគ្នានោះផង ប៉ុន្តែមានក្រុមតិចណាស់ ដែលមានលទ្ធភាពផលិតរឿង ធ្វើអោយផលិតកម្មរបស់អ្នកស្រីទទួលបានផលចំណេញ ទើបទប់នឹងការចំណាយខាត ដែលមានការប្រឈមពីក្រុមផ្សេងមិនជាប់។ ក្នុងនោះអ្នកស្រីក៏បង្ហើបអោយដឹងពីករណីក្រឡុករបស់ផលិតករ និងតួសម្ដែងមួយចំនួន ដែលធ្វើអោយអ្នកស្រីស្មុគស្មាញ ក្នុងអាជីពមួយនេះផងដែរ។

អ្នកស្រីថាមានភាពយន្តខ្លះ ចំណាយការផលិតអស់ដល់មួយភាគច្រើនពាន់ដុល្លារ តែភាគីខាងទូរទស្សន៍ ហ៊ានទិញមិនដល់ថ្លៃទេ ដែលករណីនេះ គឺបណ្ដាលមកពីការផលិតមួយចំនួនចំណាយការផលិតខ្ពស់ ហួសហេតុខុសពីគម្រោងដែលបានជជែកគ្នា ហើយចុងក្រោយអ្នកស្រី ត្រូវតែបង្ខំចិត្តលក់រឿងទាំងខាតអោយបណ្ដាស្ថានីយទូរទស្សន៍ ដើម្បីបានដើមខ្លះមកវិញ។

អ្នកស្រីថុង ស៊ីវទៀង បានបន្តថា អ្នកស្រីមិនបិទទ្វារផលិតកម្មទេ ដោយអ្នកស្រីនៅតែបន្តតស៊ូ អ៊ីចឹងហើយ ទើបបានជាអ្នកស្រីសម្រេចចិត្ តបោះទុនផលិតរឿង «រនាតឯក»មួយថ្មីទៀត កាលពីថ្ងៃទី២៦ មីនា ដោយភាពយន្តភាគនេះ គម្រោងដាក់ផ្សាយនៅប៉ុស្ដិ៍លេខ៥។ អ្នកស្រីថាការផលិតរឿងអ្នកខ្លះថាចំណេញកើបលុយ ប៉ុន្តែសម្រាប់អ្នកស្រីគឺខាតស្ទើរតែគ្រប់រឿង ហើយបើគ្មានមុខរបរពីខាងក្រៅជួយទប់ ប្រហែលផលិតកម្មចក្រវាទ្បបិទទ្វារយូរហើយ៕

មតិយោបល់