Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សម្ដែងភាពយន្ត...

សម្ដែងភាពយន្តខ្នាតធំលើកដំបូងប៉ះក្រុមបរទេស សុខ រ៉ាស៊ី មោទនភាពពេញទំហឹង

​នៅក្នុងភាពយន្តរឿង«កំពូលអ្នកសែលហ្វី»ដែលបានដាក់បញ្ចាំងនៅតាមរោងកុននាពេលនេះ គេឃើញពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បង្ហាញខ្លួនតែមួយឈុត និង៣ប្លង់គត់ តែលោកបែរជាទទួលបានការសរសើរយ៉ាងពេញទំហឹងថាជាតារាសម្ដែងមួយរូបដែលពោរពេញដោយសមត្ថភាពខ្ពស់ ដោយការសរសើរចំពោះលោក ហាក់ស្ទើរតែលប់នឹងការសម្ដែងរបស់តារាផ្សេងទៀតនោះផង។ យ៉ាងណាមិញ ក្រុមផលិតករបរទេសនៅតែអះអាងថាអ្វីដែលខ្លួនលើកឡើងមិនមែនជារឿងការបញ្ចើចបញ្ចើរនោះទេ ប៉ុន្តែគឺជាការពិតជាក់ស្ដែងដែលក្រុមផលិតបានឃើញ។

លោក Matthew Robinson ផលិតករល្បីឈ្មោះប្រចាំផលិតកម្មខ្មែរមេគង្គ បានអះអាងថាក្នុងចំណោមតារាទាំងអស់ដែលបានចូលរួមសម្ដែងក្នុងភាពយន្តរឿង«King Selfie» លោកនៅតែសរសើរចំពោះសមត្ថភាពរបស់លោកសុខ រ៉ាស៊ី ដោយសារតែលោកគិតថាតារារូបនេះ គ្រាន់តែជាពិធីករម្នាក់ដែលមានទេពកោលស្យ ប៉ុន្តែនៅពេលជ្រើសឲ្យសម្ដែងក្នុងភាពយន្តរបស់ខ្លួន លោក សុខ រ៉ាស៊ី សម្ដែងបានល្អ ហើយថែមទ្រាំចេញលេងទឹកមុខមិនខុសពីតារាសម្ដែងមួយចំនួនដែលលោកបានស្គាល់។ លោកបានហៅសមត្ថភាពរបស់លោក សុខ រ៉ាស៊ីថាជារឿងកម្រ ដែលតារាគ្រប់រូបមិនមែនសុទ្ធតែធ្វើបាននោះទេ ជាពិសេសសម្រាប់អ្នកមានអាជីពមួយផ្សេងខុសពីការសម្ដែង ហើយបែរជាបានបង្ហាញខ្លួនក្នុងឆាកសម្ដែង។

លោកបានហៅសមត្ថភាពពិសេសរបស់លោក សុខ រ៉ាស៊ី ថាជាអ្វីដែលលោកមិនសរសើរមិនបាន ជាពិសេសនៅពេលដែលឲ្យប្លង់លោកសម្ដែងជាតួពិធីករដែលត្រូវលេងសកម្មភាពក្រម៉ិចក្រម៉ើមផង និងម៉ត់ចត់លើការងារផង ប៉ុន្តែលោកអាចសម្ដែង និងចូលតួបានមិនចាញ់តារាដែលមានទេពកោលស្យខាងផ្នែកសម្ដែងជាយូរមកហើយ។ លោកថាខ្លួនធ្លាប់ឃើញ និងស្គាល់លោកសុខ រ៉ាស៊ី តែក្នុងពេលពិធីករប៉ុណ្ណោះ ទើបលោក្ញាក់ផ្អើល ពេលដែលជ្រើសលោកឲ្យសម្ដែង ហើយលោកសម្ដែងបានល្អ។

លោក សុខ រ៉ាស៊ី បានបង្ហាញការភ្ញាក់ផ្អើល ដែលផលិតករបរទេសលោកMatthew Robinson បានប្រកាសថាលោកគឺជាតារាសម្ដែងល្អម្នាក់ក្នុងរឿង«កំពូលអ្នកសែលហ្វី» ខណ:ដែលលោកយល់ថាអ្វីដែលខ្លួនរំលេចឡើងក្នុងរឿង ក៏មិនខុសពីតារាផ្សេងទៀត។ លោកថាភាពយន្តខ្នាតធំ គឺជាលើកទី១ដែលលោកបានសម្ដែង ខណ:ដែលភាពយន្តដំបូងនោះក៏ស្ថិតក្រោមការដឹកនាំរបស់លោក Matthew Robinson តែម្ដង។ យ៉ាងណាមិញ លោកថាសម្រាប់ភាពយន្តភាគលោកក៏បានសម្ដែងមួយរឿងផងដែរគឺរឿង«កូនពស់កេងកង»របស់ទូរទស្សន៍ហង្សមាស ទើបលោកទទួលបានបទពិសោធន៍ក្នុងការសម្ដែងបានល្អ បើទោះជាលោកគ្រាន់តែជាពិធីករតាំងពីចូលប្រឡូកក្នុងសិល្ប:។ លោកថានឹងបង្ហាញខ្លួននៅក្នុងភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទស្សន៍ឲ្យបានច្រើនក្នុងខាងមុខ ដើម្បីឲ្យកាន់តែធ្នឹកនឹងការសម្ដែងបន្ថែមពីលើអាជីពពិធីករ៕