នៅថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃទី១ មេសា នេះព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន នឹងចាប់ផ្ដើមហើយ នៅក្នុងបរិវេណវត្តជន្លង់ម្លូរ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ប្រមាណជា២គីឡូពីរង្វង់មូលចោមចៅ។ ព្រឹត្តការណ៍នេះ ម្នាក់ៗបានត្រឹមតែដឹងថាមានការប្រគំតន្ត្រីពីសំណាក់តារាល្បីៗប្រចាំនៅក្នុងប្រទេសកម្ពុជារហូតដល់ជាង១០០ដួងនៅពេលរាត្រីប៉ុណ្ណោះ តែមិនបានដឹងថានៅក្នុងព្រឹត្តិការណ៍សង្ក្រានទាំងមូលមានអ្វីជាលក្ខណៈពិសេសខ្លះនោះទេ។ ប៉ុន្តែបើបានអានខ្លឹមសារអត្ថបទខាងក្រោមនេះ ទើបបានដឹងថានេះព្រឹត្តិការណ៍ដ៏សំខាន់មួយមិនចាញ់ព្រឹត្តិការណ៍អង្គរសង្ក្រាននោះទេ ដែលបងប្អូនភាគច្រើនមិនគួរនឹងអវត្តមានក្នុងការចូលរួម។
លោក ហែម ដារិទ្ធិ អភិបាលខ័ណ្ឌពោធិ៍សែនជ័យ ដែលជាអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា ក្រៅពីការប្រគំតន្ត្រីនាពេលរាត្រីពីសំណាក់«គ្រួសារតារាកម្ពុជា»រហូតដល់ជាង១០០នាក់ពេញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃយប់ថ្ងៃ១ មេសា ព្រឹត្តការណ៍មួយនេះ ក៏បានរំលេចនូវការអភិរក្សមួយចំនួនដែលជាប្រយោជន៍ដល់អ្នកចូលរួមផងដែរ។
ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ សង្កាត់មួយផលិតផលមួយ សង្កាត់មួយល្បែងប្រជាប្រិយមួយ ដោយតម្រូវអោយបណ្ដាសង្កាត់ទាំង១៣នៅក្នុងខណ្ឌទាំងមូលដាក់បង្ហាញនូវមុខរបរមួយ ឬផលិតផលមួយជារបស់ខ្លួន អមដោយល្បែងប្រជាប្រិយមួយ ឬទម្រង់សិល្បៈមួយដែលខាងសង្កាត់គិតថានោះជាទំនៀមទម្លាប់ ឬជាការអ្វីដែលខ្លួនចង់អភិរក្ស។
អ៉ីចឹងហើយទើបក្នុងព្រឹត្តិការណ៍មួយនេះ មានការដាក់បង្ហាញសូម្បីតែនូវរបរចិញ្ចឹមចង្រិត របរលក់នំបញ្ចុក និងមុខរបរផ្សេងទៀត ដោយរួមមានទាំងការដាក់តាំងបង្ហាញនូវផលិតផលដែលពលរដ្ឋប្រចាំសង្កាត់ផលិតបានយកមកដាក់លក់ផង ខណៈដែលបណ្ដាសង្កាត់នីមួយៗ ក៏ត្រូវទទួលខុសត្រូវក្នុងការដាក់បង្ហាញនូវទម្រង់សិល្បៈ ឬល្បែងប្រជាប្រិយខ្មែរមួយបន្ថែមពីលើនោះ។
លោកថានៅក្នុងព្រឹត្តិការណ៍មួយនេះ ត្រូវបានកំណត់អោយសម្ដែងនូវល្បែងប្រជាប្រិយ និងទម្រង់សិល្បៈទាំង១៣ប្រភេទរបស់សង្កាត់ទាំង១៣តាមម៉ោងពេលវេលាដោយឡែកគ្នាពី តែអ្វីដែលមានរួមគ្នានោះ គឺការប្រលងជ្រើសរើសនារីឯកក្នុងវ័យចំណាស់ចាប់ពីវ័យ៦០ឆ្នាំឡើងទៅ ដែលតម្រូវអោយមួយសង្កាត់មានបេក្ខនារី២នាក់ចូលរួមប្រកួតប្រជែង។ នៅក្នុងឆ្នាំនេះ គ្រាន់តែអ្នករៀបមិនក្រោមមួយសង្កាត់២០០នាក់នោះទេ ខណៈដែលអ្នកចូលរួមក៏ត្រូវលោកប៉ាន់ស្មានថានឹងអាចឈានដល់ខ្ទង់ម៉ឺននាក់ បន្ទាប់ពីកម្មវិធីឆ្នាំនេះក៏ត្រូវបានបំផុសដោយ«គ្រួសារតារាកម្ពុជា» ខុសប្លែកពីឆ្នាំមុន។ លោករំពឹងថាអ្នកមានអ្នកចូលរួមទស្សនាកកកុញទាំង៣ថ្ងៃ ដើម្បីអោយទម្រង់បុរាណនៃសិល្បៈ និងការបង្ហាញពីអត្តសញ្ញាណរបស់សង្កាត់ទាំង១៣ត្រូវបានចូលរួមគាំទ្រយ៉ាងពេញទំហឹងនៅក្នុងពិធី។ កម្មវិធីទាំងមូលរួមមាន ការប្រណាំងកង់ធ្លាក់ទឹក ការប្រកួតឡើងសរសរខ្លាញ់ កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ និងការបង្ហាញនូវទម្រង់សិល្បៈវប្បធម៌ជាច្រើនផ្សេងទៀត ខណៈដែលពេលរាត្រីក៏ជាកម្មវិធីសម្ដែងសិល្បៈក្រោមវត្តមានតារាល្បីៗរបស់«គ្រួសារតារាកម្ពុជា»។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថា ទម្រង់សិល្បៈខាងផ្នែកចម្រៀងបុរាណ និងប្រពៃណីជាច្រើនត្រូវបានកំណត់អោយបង្ហាញរូបរាងលើឆាកទាំង៣ថ្ងៃ។ ក្នុងនោះការបង្ហាញនូវសំលៀកបំពាក់បុរាណ របាំបុរាណ របាំក្ងោក និងការបំផុសអោយច្រៀងរាំនូវចង្វាក់ប្រពៃណីខ្មែរក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីអោយមហាជនងាកមកស្រឡាញ់ និងគាំទ្រចង្វាក់ប្រពៃណីខ្មែរសារជាថ្មី៕
មតិយោបល់