ព័ត៌មានសិល្បៈ និងកម្សាន្ត

​ឃ្លាំង​ចំណេះល្ខោន​ខោល លោក យិត សារិត វ័យ​៩១ឆ្នាំ​ បញ្ជូនព្យាបាលនៅថៃ​

ស្របពេលដែល​លោកព្រឹទ្ធាចារ្យ យិត សារិត ហៅលោកគ្រូស សាស្ត្រាចារ្យផ្នែកល្ខោនខោល កំពុងមានជំងឺប្រចាំកាយ​ត្រូវបានក្រុមគ្រួសារ​លោកបញ្ជូនទៅកាន់មន្ទីរពេទ្យសុរិន្ទ ក្នុងទឹកដីថៃ​ ដើម្បីព្យាបាលនោះ គេ​ឃើញថា មានតារា​ជាច្រើនបានខិតខំស្វះស្វែង ទំនុកបំរុង ជា​ចិត្ត និង​ថវិកា ដើម្បីជួយដល់ ឃ្លាំង​មរតកមនុស្សរស់មួយនេះ​។​

តារាដែល​មានវត្តមានបង្ហាញ​ខ្លួនជួយដល់​លោក យិត សារិត មាន​លោក សាវិន ហ្វីលីព ស្ថាបនិក មូលនិធិ ” សាវិន” ដើម្បីកុមារ កញ្ញា អេនណា សូរ្យ ស្ថាបនិក មូលនិធិតារារះថ្មី លោក គង់ វិសាល តារាចម្រៀង ដួង វិរៈសិទ្ធ តារាសម្តែង​ពៅ លីដា និង សប្បុរសជន​ជាច្រើនទៀត​។​

លោក យៀង វ៉ាន់ឌី ប្រធាន​ក្រុមព្រះសូរិយា ដែលជាកូនសិស្សរបស់ យិត សារិត បានប្រាប់ឲ្យដឹងថា លោកគ្រូរបស់លោក ដែលមានវ័យ ៩១ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ខេត្តសុរិន្ទ ទឹកដីថៃ ដើម្បីព្យាបាលជំងឺ ប្រចាំកាយរបស់លោក។​ ប៉ុន្តែ​មុននឹងឆ្លងដែន ទៅកាន់ទឹកដីសុរិន្ទ ត្រូវ​ឈប់ដោយរងចាំ​ទទួលថវិកាពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។​

បញ្ជាក់ផងដែរថា អាការៈជំងឺរបស់លោក យិត សារិត​ គឺមានការឈឺចុកចាប់ខ្លាំងនៅពេលយប់ត្រង់បរិវេនពោះនិងទ្រូង ហើយលោកទទួលទានបានត្រឹមតែទឹកបបរ និងភេសជ្ជៈខ្លះៗប៉ុណ្ណោះ។ ក្រៅពីនេះលោកនៅមានជំងឺ ជំងឺបេះដូង លើសឈាម ឡើងជាតិស្ករ ៕​

មតិយោបល់