សម្រែកទួញសោកត្រូវបានឮកងរំពងពេញបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យកាល់ម៉ែត តាំងពីព្រឹកថ្ងៃទី២៩ មីនា នេះ ដោយសម្រែកទាំងនោះ ត្រូវបានគេឮដោយសារតែក្រុមកូនចៅរបស់លោកនាយ វីតាមីនសេ ទ្រហ៊ោយំ។ មានការបញ្ជាក់ពីគ្រួសាររបស់លោកថា នាយវីតាមីន សេ ស្ថិតក្នុងសភាពដាក់អុកស៊ីហ្សែន ក្នុងសភាពធ្ងន់ ខណៈដែលក្រុមគ្រូពេទ្យក៏បានប្រកាសថា ជំងឺរបស់លោកស្ថិតដល់ដំណាក់កាលពិបាកសង្គ្រោះ។
ឆ្លើយឆ្លងជាមួយភ្នាក់ងារសារសាព័ត៌មាន ផុសញូ អ្នកនាង ប៉េងប៉ោង បានទ្រហ៊ោយំថា ឪពុករបស់ខ្លួនស្ថិតក្នុងសភាពគួរឲ្យបារម្ភយ៉ាងខ្លាំង ដោយសារតែលោកចាប់ផ្ដើមលែងដឹងខ្លួន ចាប់ផ្ដើមពិសារអ្វីលែងកើត ហើយតម្រូវឲ្យក្រុមគ្រូពេទ្យដាក់បញ្ចូលអុកស៊ីហ្សែន ទាំងក្នុងសភាពលែងហ៊ានសន្និដ្ឋានពីលទ្ធផល។ អ្នកនាងថា ឪពុករបស់ខ្លួនកាន់តែធ្ងន់ ហើយអ្នកនាងកាន់តែតក់ស្លុតខ្លាំង ក្រោយពីក្រុមគ្រូពេទ្យ លែងហ៊ានបញ្ជាក់ពីលទ្ធផល និងបានប្រកាសថា ឲ្យក្រុមកូនចៅត្រៀមចិត្ត ព្រោះតែសភាពជំងឺ ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។
អ្នកនាងប្រកាសខកខានការសម្ដែងក្នុងកម្មវិធី សង្ក្រាននៅពោធិ៍សែនជ័យ ដោយអះអាងថា លោក នាយវីតាមីនសេ មិនដឹងលទ្ធផលនឹងអាចដូចដើមក្រោយការដាក់បញ្ចូលអុកស៊ីហ្សែន ឬមួយយ៉ាងណានោះទេ ដោយអ្នកនាង ដឹងតែពីយំ និងថា គ្រួសាររបស់អ្នកនាងទាំងមូលសុទ្ធតែទទួលយកមិនបានចំពោះសភាពរបស់ឪពុកនៅក្នុងថ្ងៃនេះ។ អ្នកនាងថា រន្ធត់ចិត្តណាស់ នៅពេលឪពុកធ្ងន់ធ្ងរស្ដូកស្ដឹងលើគ្រែ ហើយក្រុមគ្រូពេទ្យ ក៏ឲ្យដំណឹងឲ្យក្រុមកូនចៅត្រៀមចិត្ត។ យ៉ាងណាមិញ អ្នកនាងនៅតែបន្តបន់ស្រន់ និងសុំឲ្យឪពុកឆ្លងផុតគ្រោះអាសន្ន ដោយអ្នកនាងបញ្ជាក់ថា ចង់ឃើញលោក ឪពុកនៅបន្តថែទាំគ្រួសារឲ្យបានយូរថែមទៀត៕
មតិយោបល់