ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន សុវណ្ណឆៃ ប្រកាសភ្ជាប់ទម្រង់បុរាណផ្សេងទៀត ក្នុងអាជីពចម្រៀង

បន្ទាប់ពីបានទទួលការចាប់អារម្មណ៍ក្នុងការបង្ហាញរបាំភួងនារី និងរបាំបុរាណនារីជាជួរនៅលើវេទិកាពោធិ៍សែនជ័យសង្ក្រាន កាលពីពេលថ្មីៗនោះ អ្នកនាង ឈួន សុវណ្ណឆៃ បានប្រកាសជាថ្មីថា អ្មកនាងនឹងបន្តគាស់កកាយទម្រង់សិល្បៈបុរាណផ្សេង មកបង្ហាញជាថ្មី។ អ្នកនាងថា នឹងហាត់រាំបុរាណផ្សេងទៀត ដោយរំពឹងថា នឹងទទួលការគាំទ្រជាច្រើនថែមទៀត។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញលើឆាកតន្ត្រីគ្រួសារតារាកម្ពុជា ក្នុងព្រឹត្តិការណ៍សង្ក្រាន នៅពោធិ៍សែនជ័យ ហើយវីដេអូរាំអែនអនរបស់លើវេទិកា ត្រូវបានអ្នកលេងហ្វេសប៑ុកចែកចាយគគ្រឹកគគ្រេង។ អ្នកនាងកាន់តែរំភើបចិត្ត នៅពេលបញ្ចប់សកម្មភាពរាំរបាំលើឆាក ហើយមានអ្នកក្នុងសិល្បៈបានដឹង បានឃើញពីសកម្មភាពនោះច្រើន ដែលអ្នកនាងបានហៅលទ្ធផលនេះថា ជាកម្លាំងចិត្តធំមួយ។ អ្នកនាងថា ការរាំរបាំបុរាណក្នុងកម្មវិធីគ្រួសារតារាកម្ពុជា គឺជាលើកទី២ប៉ុណ្ណោះ ប៉ុន្តែមានភាពខ្ទរខ្ទារមិនគួរអោយជឿ ទើបធ្វើអោយអ្នកនាង ប្រកាសខ្លួនត្រូវតែឆ្កឹះទម្រង់របាំបុរាណផ្សេងទៀត យកមកភ្ជាប់នឹងបទចម្រៀងរបស់ខ្លួន ក្នុងពេលបន្តបន្ទាប់។ អ្នកនាងថា របាំបុរាណគឺជាក្ដីស្រម៉ៃតាំងពីមិនទាន់ក្លាយជាអ្នកចម្រៀង អុីចឹងហើយទើបក្រោយទទួលការគាំទ្រ ពីការភ្ជាប់របាំភួងនារីនាពេលថ្មី ជំរុញអោយអ្នកនាងត្រូវតែធ្វើអ្វីបកលែកបន្ថែមទៀត ដែលអ្នកនាងបានហៅគម្រោងរបស់ខ្លួនថា ត្រូវតែហ្វឹកហាត់របាំបុរាណអោយបានច្រើនទម្រង់ ដើម្បីក្នុងន័យអភិរក្សផង។

អ្នកនាងឈួន សុវណ្ណឆៃ ត្រូវគេកត់សម្គាល់ថា ទទួលបានភាពលេចធ្លោរខ្លាំងនៅមុនចូលឆ្នាំខ្មែរនេះ ដោយក្រៅពីទទួលបានការចាប់អារម្មណ៍ក្នុងឱកាសសម្ដែងរឿងបុរាណ “កូនពស់កេងកង” និងរាំរបាំបុរាណ អ្នកនាងក៍មានបទចម្រៀងជាចង្វាក់ប្រពៃណីផ្ទាល់ខ្លួន វាយលុយមហាជនផងដែរ។ សន្ទុះរបស់អ្នកនាង ត្រូវគេកត់សម្គាល់ថា ហក់បន្ទាប់ពីស្រទាប់មហាជន រិះគន់បទចម្រៀងបែកស្លុយ ហើយស្នើអោយគាំទ្រ ចង្វាក់ប្រពៃណីវិញ។ អ្នកនាងនិយាយថា អោយតែមហាជនគាំទ្រសិល្បៈបុរាណ អ្នកនាងមិនខ្លាចនោះទេ សម្រាប់ការបញ្ចេញសមត្ថភាពលើរបាំបុរាណផ្សេងទៀត និងការនិពន្ធបទចម្រៀងជាទម្រង់បែបខ្មែរ បើទោះជាគម្រោងទាំងនោះ សុទ្ធតែចំណាយថវិកាផ្ទាល់ខ្លួន៕

មតិយោបល់