ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ស៊ីណាត ទម្លាយរឿងតុកស៊ិច ដល់ថ្នាក់ចង់ធ្វើអត្តឃាត

នៅលើបណ្ដាញហ្វេសប៊ុកគេកត់សម្គាល់ថា តារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉ៅ ស៊ីណាត ឧស្សាហ៍បង្ហោះឃ្លោងឃ្លាបង្ហាញពីភាពតុកស៊ិច ស្មុគស្មាញច្រើនលើកច្រើនសារ ដោយមនុស្សមួយចំនួនបានហៅការបង្ហោះរបស់អ្នកនាងថា ជាឆាកល្ខោនដើម្បីទាក់ទាញការចាប់អារម្មណ៍ ព្រោះតែអ្នកឃើញពីភាពស៊ីវិល័យ និងឡូយឆាយរបស់អ្នកនាងនៅខាងក្រៅឆាក មិនសមជាមនុស្សទូលទុក្ខ។ យ៉ាងណាមិញ មានការទម្លាយថា អ្វីដែលអ្នកនាងបង្ហោះកន្លងមក បូករួមទាំងសារបង្ហើរថា ចង់តែបិទភ្នែកជារៀងរហូត និងមិនចង់រស់ជាដើម ដែលមិនខុសពីចង់ធ្វើអត្តឃាត ផ្ដាច់ជីវិតរបស់ខ្លួននោះ មិនមែនជារឿងលេងល្ខោន ដើម្បីចង់ល្បីនោះទេ ប៉ុន្តែគឺជាស្ថានភាពដែលអ្នកនាងកំពុងប្រឈមដោយផ្ទាល់។

អ្នកនាង ម៉ៅ ស៊ីណាត បានសារភាពថា បើតាមតែសម្ពាធជីវិតរាល់ថ្ងៃ អ្នកនាងមិនដឹងថា ត្រូវរស់ដើម្បីអ្វី ឬដើម្បីពន្លឺនៃក្ដីសង្ឃឹម បែបណាទៀតនោះទេ ជាពិសេសក្នុងពេលដែលអ្នកនាងក្រឡេកទៅក្រោយ គឺកាលពីអ្នកនាងនៅជាភរិយារបស់លោក កា សាវុធ ដែលមានទាំងលុយ មានទាំងឋានៈដាច់ឆ្ងាយពីអ្នកសិល្បៈនោះ។ អ្នកនាងថា ជីវិតរបស់ខ្លួនពោរពេញដោយក្ដីអភ័ព្វយ៉ាងខ្លាំង ដោយសារតែកាលមុនចូលសិល្បៈ អ្នកនាងគឺជាក្មេងដែលខ្វះការលើកទឹកចិត្តពីក្រុមគ្រួសារ ដល់ពេលមានស្វាមីក៏រស់នៅលើគំនរទ្រព្យ មិនចាញ់ជីវិតសេដ្ឋីនី តែត្រូវទទួលរងសម្ពាធរឿងអតីតស្វាមីមានស្រីរាប់មិនអស់ លុះដល់ប្រែក្លាយជានារីសមញ្ញម្ដងទៀត ក៏ជួបរឿងរ៉ាវមិនចេះអស់។ អ្នកនាងថារឿងរ៉ាវដែលធ្វើអោយនាងកាន់តែបាក់ទឹកចិត្ តនៅក្នុងពេលនេះ គឺការប្រែប្រួលជីវភាព ស្របគ្នាដែលអ្នកនាង ក៏ខ្វះលទ្ធភាពរកចំណូលបានច្រើនមិនដូចមុន ហើយស្វាមីទី២ របស់អ្នកនាងក៏គ្រាន់តែជាមន្ត្រីរាជការម្នាក់ ដែលមិនមែនជាអ្នករកចំណូលបានច្រើន ស្របគ្នាដែលតម្រូវការមានការកើនឡើង ហើយអ្នកជំពាក់លុយរបស់អ្នកនាងស្ទើរទាំងអស់ មិនព្រមដោះស្រាយលុយកាក់ អោយអ្នកនាងបានបន្តនូវលទ្ធភាពដែលអ្នកនាងចង់ធ្វើ។

អ្នកនាងនិយាយថា ជារឿងពិបាកទទួលយកណាស់ ដែលអ្នកនាងធ្លាប់តែមានលុយពេញដៃ មានទាំងផ្ទះលក់ចុះលក់ឡើង ដើម្បីយកចំណេញទុកលុយផ្ទាល់ ប៉ុន្តែក្រោយពីអស់ពីលោក កា សាវុធ អតីតស្វាមី និងជាអតីតមេធាវីល្បីឈ្មោះ ស្ថានភាពទាំងនោះត្រូវបានរលាយបាត់។ យ៉ាងណាមិញ អ្នកនាងមិនតូចចិត្តនឹងការផ្លាស់ប្ដូរពីស្ថានភាពមានបានទាំងនោះទេ ប៉ុន្តែអ្វីដែលអ្នកនាងតូចចិត្តដល់ថ្នាក់ ចង់បញ្ចប់ជីវិតខ្លួនឯងម្ដង ឬលែងចង់ដកដង្ហើមនោះ គឺដោយសារតែអ្នកនាងធ្វើអីក៏មិនដូចបំណង ហើយបើអ្នកជំពាក់លុយវិញ គឺស្ដីអោយលែងឈឺ និងទារលែងធ្វើដឹងតែម្ដង។ អ្នកនាងថានៅពេលខ្លួនមានឥទ្ធិពល មានលុយមានកាក់ច្រើន អ្នកនាងមិនដែលពិបាករឿងចងការប្រាក់អោយអ្នកណាម្នាក់នោះទេ ប៉ុន្តែក្រោយពេលអស់ពីប្ដីមុន ហើយទ្រព្យសម្បត្តិ ក៏ត្រូវបែកចែកទៅអោយកូនៗ របស់ស្វាមីមុន ដោយសូម្បីតែទ្រព្យទាំងនោះជាចំណែករកបានក្នុងអំឡុងនៃការរួមរស់ជាប្ដីប្រពន្ធនឹងគ្នា គឺថាមិនខុសពីពាក្យចាស់ ទៅណាឆ្កែលែងព្រុសនោះទេ ទើបអ្នកនាងស្មុគចិត្តនៅពេលដែលធ្លាប់តែមានលុយ ហើយដល់ពេលប្រែប្រួល គឺសូម្បីតែលុយរបស់ខ្លួនសោះ អោយមនុស្សរាប់អានខ្ចីសោះ ដោយខ្លះមិនមានទាំងយកការផង ក៏គេមិនដោះស្រាយអោយ។ ស្របគ្នាដែលហាងសាឡន ដែលបានបើកឡើងក៏ស្ថិតក្នុងភាពប្រទាញប្រទង់ មិនសូវបានចំណូលផងនោះ ទើបកាន់តែធ្វើអោយអ្នកនាងតឹងចិត្ត។

អ្នកនាងម៉ៅ ស៊ីណាត បន្តថាដល់ពេលអត់លុយ អត់ដើម ហើយការងារសិល្បៈមិនដូចមុនទើបដឹងថាពិបាក អ៊ីចឹងហើយ ទើបអ្នកនាងពេលខ្លះ អត់ចង់រស់អោយអ្នកនាងមើលឃើញពីការធ្លាក់ខ្លួននោះទេ ដោយសារតែអ្នកនាងមិនចង់អោយអ្នកណាម្នាក់មាក់ងាយ ធៀបនឹងការរស់នៅ ក្នុងវីឡាតម្លៃខ្ទង់លានដុល្លារកាលពីមានប្ដីមុន។ អ្នកនាងថាក្រោយពីអតីតស្វាមីស្លាប់ចោល អ្នកនាងនៅតែមានផ្ទះរស់នៅ ផ្ទះសម្រាប់បើកហាងសាឡន និងមានរថយន្តតម្លៃម៉ឺនដុល្លារ ប្រើមិនខុសមុន ប៉ុន្តែអ្វីដែលអ្នកនាងទទួលយកស្ថានភាពបច្ចុប្បន្នអត់បាន គឺរឿងខ្វះលុយ ដែលចង់អោយអ្នកនាង ធ្វើអ្វីក៏ធ្វើមិនបានដូចចិត្តនោះតែម្ដង។

អ្នកនាងថាប្រាក់ចំណែកពីអតីតស្វាមី សម្រាប់កូនប្រុសរបស់អ្នកនាង ដែលជាដំណក់ឈាមរបស់លោក កា សាវុធ អ្នកនាងអត់យកមកប្រើនោះទេ គឺទុកអោយកូន ទើបអ្នកនាងទ្រាំពិបាកពីមួយថ្ងៃទៅមួយថ្ងៃ ដល់ថ្ងៃណាខ្លះ គឺអ្នកនាងចង់ស្ទះទ្រូង នៅពេលទៅទារលុយគេក៏មិនបាន ហើយយកលុយទៅបោះទុនធ្វើអ្វីក៏មិនបានដូចចិត្ត។ អ្នកនាងថា «ក្រោយអត់ពីប្ដី(មេធាវី កា សាវុធ) អត់មានអ្នកណាគំនិតជាងខ្ញុំទេ ប្រឹងប្រមូលដើមរកស៊ីផង ដាក់ចងការគេផង ប៉ុន្តែវាស៊យដាក់អីផុងហ្នឹង ហើយអាអ្នកខ្ចីលុយវាមើលងាយយើងទៀត ទើបលែងចង់រស់ អោយអ្នកណាមើលឃើញពីការលំបាករបស់យើង»។ យ៉ាងណាមិញ អ្នកនាងសម្ដីថាលែងចង់រស់ គ្រាន់តែនិយាយអោយបានធូរទ្រូងប៉ុណ្ណោះ ប៉ុន្តែធាតុពិតអ្នកនាងមិនអាចលើកដៃធ្វើអត្តឃាតខ្លួនឯង ចោលកូនទាំង២ និងចោលស្វាមីបានទេ។ អ្នកនាងថា រាល់ថ្ងៃត្រឹមផ្ទះត្រឹមឡានគឺអត់ខ្វះទេ ប៉ុន្តែអ្នកនាង ក៏មិនអាចលក់ផ្ទះលក់ឡាន ដើម្បីយកលុយមកដោះស្រាយបញ្ហាបានដែរ ទើបជាចំណុចដែលពិបាកអោយអ្នកនាងស្វែងរកច្រកចេញ៕

មតិយោបល់