ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតអ្នកនិពន្ធ បន្តវាយបកផលិតកម្ម Z

ភ្នំពេញៈ បន្ទាប់ពីតំណាងផលិតកម្ម Z Entertainment ចេញមុខប្រកាសថា ហេតុផលដែលខ្លួនមិនបើកប្រាក់កម្រៃឲ្យលោក សាន សេកសុខុម ជាអតីតអ្នកនិពន្ធ ដែលបានជំពាក់ និងមិនដាក់ឈ្មោះលោកថា បាននិពន្ធក្នុងរឿង «អមតៈ» ក្នុងពេលរឿងនោះប្រកាសបញ្ចាំង ព្រោះតែលោក សេកសុខុម បំពេញការងារមិនចប់ចុងចប់ដើម និងមកពីបានលាឈប់យូរមកហើយ អតីតអ្នកនិពន្ធរូបនេះក៏បន្តវាយបកបន្ថែមទៀតលើការលើកឡើងថៅកែផលិតកម្ម Z និងថា ជាផលិតកម្មគ្មានការទទួលខុសត្រូវ។ លោកប្រកាសនឹងធ្វើការទាមទាររហូតជំរុញឲ្យផលិតកម្មនេះគោរពសិទ្ធិការងារ និងបញ្ចប់ការរំលោភលើស្នាដៃរបស់អ្នកនិពន្ធបន្តទៀតឲ្យបានដាច់ខាត។

ក្នុងបទសម្ភាសន៍ជាមួយ Post News លោក សាន សេកសុខុម បានអះអាងថា លោក ជា ឌីណាង តំណាងផលិតកម្ម Z ដែលបានបញ្ជាក់ថា លោកបំពេញការងារមិនបានល្អ មិនទៀងទាត់មុនពេលលាឈប់ និងថា លោកគ្រាន់តែបានរួមចំណែកនិពន្ធរឿង «អមតៈ» ហើយក៏ចង់បានឈ្មោះថា ជាអ្នកនិពន្ធក្រោយពេលលាឈប់ គឺជារឿងដែលលោកមិនអាចទទួលយកបាន។ លោករិះគន់ដោយត្រង់ៗថា ការបកស្រាយថា លោកជាអ្នកនិពន្ធស៊ីឈ្នួល ដែលអាចឲ្យផលិតកម្មមិនដាក់ឈ្មោះជាម្ចាស់ស្នាដៃថា ការបកស្រាយគ្មានការទទួលខុសត្រូវ។

លោកនិយាយថា លោកសម្រេចចិត្តចូលធ្វើជាអ្នកនិពន្ធឲ្យផលិតកម្ម គឺមិនបាន ដើម្បីលក់ស្នាដៃផ្ដាច់មុខ ដោយមិនត្រូវការឈ្មោះ និងកិត្តិយសនោះទេ ដោយសារតែផលិតកម្មបានផ្ដល់ប្រាក់ខែឲ្យលោកត្រឹមតែ១៥០ដុល្លារ និងបើចេញការងារចុះថតមួយថ្ងៃឲ្យ១៥ដុល្លារបន្ថែម។ លោកថា រយៈពេលដែលលោកបម្រើការជាមួយផលិតកម្ម Z លោកទទួលបានប្រាក់ខែតែប៉ុន្មានខែប៉ុណ្ណោះ ដោយប្រាក់កម្រៃចេញថតលើការងារ មើលប្លង់ មើលតួ មើលប៉ារ៉ូលរឿង ក្នុងនាមជាជំនួយការផលិតរឿង ដែលលោក លៀង ខេងហេង ជាម្ចាស់ផលិតកម្មបានសន្យា ក៏មិនបានផ្ដល់ឲ្យ។ លោកនិយាយថាការប្រកាសខ្លួនតវ៉ារបស់លោក មិនបានទាមទារឲ្យផលិតកម្ម Z គិតគូរសងលើប្រាក់ខែ និងប្រាក់ឈ្នួលចុះថត ដែលមិនបានបើកក្នុងពេលបម្រើការនោះទេ ប៉ុន្តែអ្វីដែលលោកចង់បាន គឺចង់ម្ចាស់ផលិតកម្ម ត្រូវតែទទួលស្គាល់ថា សាច់រឿងទាំងស្រុងរបស់រឿង «អមតៈ» ដែលទើបប្រកាសដាក់បញ្ចាំងតាមរោងកុនជាស្នាដៃរបស់លោកមុនពេលឈប់ និងត្រូវតែមានដាក់ឈ្មោះរបស់លោកថាបាននិពន្ធរឿងនោះ។

លោកនិយាយថា «ខ្ញុំទទួលស្គាល់ថា ពេលធ្វើការខ្ញុំមានឈប់ខ្លះ តែខ្ញុំជាអ្នកនិពន្ធចាំបាច់អីត្រូវទៅកន្លែងរាល់ថ្ងៃ សំខាន់ខ្ញុំមានរឿងឲ្យគាត់ចេញថតតើ ម្យ៉ាងប្រាក់ខែបើកមួយខែជំពាក់២ខែ ហើយលុយមួយថ្ងៃ១៥ដុល្លារ ដែលបានសន្យាក៏មិនបើកឲ្យ តើបុគ្គលិកណាមានលុយចាក់សាំងទៅកន្លែងអត់ធ្វើអីរាល់ថ្ងៃ? រឿងនេះលោក លៀង ខេងហេង គាត់ដឹងច្បាស់ណាស់!»។ លោកថា ក្នុងពេលដំបូង លោកលៀង ខេងហេង ជាម្ចាស់ផលិតកម្មបានបញ្ជាក់ច្បាស់ណាស់ថា ឲ្យលោកទទួលតែ១៥០ដុល្លារជាថ្នូរនឹងការតែងនិពន្ធ ដើម្បីជួយដល់ផលិតកម្ម ដោយផលិតកម្មធានាដាក់ឈ្មោះឲ្យលោកជាអ្នកនិពន្ធឲ្យគេបានស្គាល់ និងធានាបែងចែកប្រាក់ចំណេញពីការបញ្ចាំងរឿង ទើបលោកព្រមធ្វើ។ ប៉ុន្តែចុងក្រោយ លោកថា លោក លៀង ខេងហេង មិនបានអនុវត្តន៍ឡើយ ទើបលោកសុំឈប់ ដោយសុំត្រឹមតែមិនបើកប្រាក់ជំពាក់ក៏ហីចុះ តែសុំឲ្យពេលចេញរឿងត្រូវតែដាក់ឈ្មោះរបស់លោកថាជាអ្នកនិពន្ធម្នាក់។ លោកថា នៅក្នុងផលិតកម្មZ មានអ្នកនិពន្ធច្រើន ប៉ុន្តែរឿង «អមតៈ» គឺជាគំនិតរបស់លោកទាំងស្រុង ដោយក្រុមផលិតករផ្សេងទៀត គ្រាន់តែកុម្ម៉ង់ឲ្យលោកនិពន្ធបែបនេះនិពន្ធបែបនោះ ដើម្បីឲ្យបានត្រូវចិត្តប៉ុណ្ណោះ គឺមិនដូចពាក្យលោក ជា ឌីណា ដែលលោកគ្រាន់តែចូលរួមផ្ដល់គំនិតក្នុងពេលនិពន្ធនោះឡើយ។

មុនពេលលោក សាន សេកសុខុម លើកឡើងពីបញ្ហាខាងលើ លោកជា ឌីណាង បានអះអាងថា លោក សាន សេកសុខុម ឈប់ពីផលិតកម្មច្រើនខែ និងម្យ៉ាងមកពីលោកក្នុងពេលគឺបានទទួលប្រាក់ខែ និងគ្រាន់តែនិពន្ធមួយភ្នែកក្នុងរឿងទាំងមូល ទើបខាងផលិតកម្មមិនអាចដាក់ឈ្មោះ។ លោកថា លោក សាន សេកសុខុម មានបំណងបំបាក់មុខផលិតកម្ម ក្នុងពេលផលិតកម្មសម្រេចដាក់បញ្ចាំងរឿង «អមតៈ» ទើបបានឡាំប៉ាទាមទារឲ្យមានការដាក់ឈ្មោះ និងបានចោទថាផលិតកម្មមិនគិតគូរលុយឲ្យ ក្នុងពេលដែលលោកជាអ្នករត់ចោលផលិតកម្ម ទាំងពេលការងារនៅសល់ស្អេកស្កះ។ យ៉ាងណាមិញ ឆ្លើយតបនឹងបញ្ហានេះ លោក សាន សេកសុខុម បានបន្តថា ហេតុផលដែលលោកលាឈប់គឺដោយសារតែបញ្ហាប្រាក់ខែមានភាពស្មុគស្មាញ ហើយកម្រៃការងារក្នុងមួយថ្ងៃ១៥ដុល្លារក៏មិនឃើញគិតគូរ។ ម្យ៉ាងគាប់ជូនជាលោកក៏មានធុរៈផ្ទាល់ខ្លួនមិនអាចបន្តដំណើរជាមួយទៀតបាន ក៏សម្រេចសុំឈប់ដោយមានការឯកភាពត្រឹមត្រូវពីលោកលៀង ខេងហេង ម្ចាស់ផលិតកម្ម ដោយក្នុងពេលនោះលោកបញ្ចាប់និពន្ធរឿង «អមតៈ»បានចប់សព្វគ្រប់រួចហើយ។ អ៊ីចឹងហើយទើបលោកចោទថាថៅកែផលិតកម្មZ កេងចំណេញលើស្នាដៃរបស់ខ្លួន និងបានប្រើប្រាស់ស្នាដៃរបស់ខ្លួនយកទៅធ្វើអាជីវកម្ម ដោយប្រាក់ខែក៏មិនផ្ដល់ឲ្យត្រឹមត្រូវ ហើយឈ្មោះជាអ្នកនិពន្ធក៏ដាក់អ្នកផ្សេងជំនួស ដែលលោកមិនអាចទទួលយកបាន៕

photo_2016-08-05_10-18-44photo_2016-08-05_10-18-45photo_2016-08-05_10-18-46photo_2016-08-05_10-18-47photo_2016-08-05_10-18-48photo_2016-08-05_10-18-49photo_2016-08-05_10-18-50photo_2016-08-05_10-18-51photo_2016-08-05_10-18-52photo_2016-08-05_10-18-53photo_2016-08-05_10-18-54photo_2016-08-05_10-18-55photo_2016-08-05_10-18-58photo_2016-08-05_10-18-59photo_2016-08-05_10-19-00

មតិយោបល់