ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា ឡើងកូរបទ”លំដាប់ខ្ទើយ” ស្វាគមន៍ MV

មកទល់ពេលនេះ បទចម្រៀង Original Song របស់តារាកំប្លែងលោក ម៉ាដូណា ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ជាពិសេសបទ «មករាំក្បាច់ក្ងោក» និងបទ «លំដាប់ខ្ទើយ» ដែលកំពុងតែល្បីលើយូធូប។ អ្វីដែលកត់សម្គាល់ លោកបានបង្ហាញស្ទីលថ្មី ក្នុងបទចម្រៀង «លំដាប់ខ្ទើយ» កូរឆាកតន្ត្រីតែម្ដង ខណ:ដែលបទចម្រៀងនេះ នឹងចេញMV ផ្លូវការនៅថ្ងៃទី៩ មេសានេះ។

លោក ម៉ាដូណា បានអះអាងថា ដើម្បីស្វាគមន៍MV «លំដាប់ខ្ទើយ» ដែលលោកបានដឹកដៃគូស្នេហ៍ ទៅថតដល់ប្រទេសសិង្ហបុរី និងចិន នៅថ្ងៃទី៩ មេសា ទើបលោកសម្រេចចិត្តរៀបសមាជិករហូតដល់១២នាក់ ឡើងឆាកតន្ត្រីប៉ុស្តិ៍លេខ៥ក្នុងកម្មវិធី «TV5 Carabao Spark Corncert» កាលពីម៉ោងថ្ងៃត្រង់ថ្ងៃទី៨ មេសា ឆ្នាំ២០១៨ មុននេះ ដើម្បីរំលេចបទចម្រៀងមួយនេះ។ លោកថា ចម្រៀងមួយបទនេះ ជាចម្រៀងដែលលោកផលិតឡើង ហើយមានការទន្ទឹងចាំនូវសាច់រឿង MV យ៉ាងអន្ទះសារពីអ្នកគាំទ្រ ហើយដោយសារតែសាច់ភ្លេង ក៍មានលក្ខណ:ត្រូវនឹងឱកាសចូលឆ្នាំផង ទើបលោករៀបចំក្រុម១២នាក់ តែងខ្លួនបែបប្រពៃណី ហើយឡើងកូរនៅប៉ុស្តិ៍លេខ៥ តែម្ដង។

លោកថាចម្រៀងមួយបទនេះ លោកបានឡើងច្រៀងលើឆាកតន្ត្រីច្រើនមកហើយ ប៉ុន្តែសម្រាប់ការរៀបក្រុមជាលក្ខណ:ប្រពៃណី ហើយមានចំនួនច្រើនបែបនេះ គឺទើបតែតន្ត្រីបន្តផ្ទាល់នៅប៉ុស្តិ៍លេខ៥ប៉ុណ្ណោះ ដែលលោកបានច្រៀងបង្ហាញ ដោយសារតែចង់ឲ្យមានការចាប់អារម្មណ៍ផង និងដើម្បីស្វាគមន៍MV ផ្លូវការដែលនឹងចេញនៅមួយថ្ងៃបន្ទាប់ផង។ លោកសម្ដែងអារម្មណ៍សប្បាយចិត្ត ដែលបទសម្រៀងនិពន្ធថ្មីរបស់លោកកម្រើកឡើង ខណ:ដែលអាជីពកំប្លែងរបស់លោកក៍ស្ងាត់ជាងមុន។

នៅលើឆាកតន្ត្រីនៅប៉ុស្តិ៍លេខ៥នោះ តារាកំប្លែងលោក ម៉ាដូណា ទទួលបានការចាប់អារម្មណ៍ច្រើនបទ អមដោយភាពកំប្លុកកំប្លែងគ្រប់ពេលចេញច្រៀង ដោយបទចម្រៀងនីមួយៗ សុទ្ធតែមានស្ទីលបង្ហាញដោយឡែកពីគ្នាផង ជាពិសេសបទ «មករាំក្បាច់ក្ងោក»។ យ៉ាងណាមិញ បទចម្រៀង «លំដាប់ខ្ទើយ» នៅតែកន្រ្ទាក់បានការចាប់អារម្មណ៍ច្រើនជាងគេ ដោយសារតែបទនោះមានអ្នកស្គាល់ច្រើន ហើយលោកបានរំលេចសំលៀកបំពាក់ប្រពៃណីជាក្រុមខុសពីបទផ្សេងទៀត៕

មតិយោបល់