នៅលើគណនីហ្វេសប៊ុក អ្នកនាង តូច ស្រីពេជ្រ បានបង្ហាញថាអ្នកនាងបានធ្វើដំណើរចុះពីសហរដ្ឋអាមេរិកជាទឹកដីថ្មីរបស់អ្នកនាង ដើម្បីមកប្រទេសកំណើតហើយ ដោយតាមគម្រោងអ្នកនាងនឹងចុះមកដល់ប្រទេសកម្ពុជានៅវេលាល្ងាចថ្ងៃទី១៣ មេសា។ យ៉ាងណាមិញអ្នកនាងទម្លាយថាមកកាន់ប្រទេសកំណើតតែប្រមាណ៣សប្ដាហ៍ប៉ុណ្ណោះ ដើម្បីមកលេងព្រឹត្តិការណ៍អង្គរសង្ក្រាន និងជួបជុំតារាសិល្បៈក្នុងឱកាស៣ថ្ងៃនោះ។
អ្នកនាងតូច ស្រីពេជ្រ ដែលត្រូវគេដឹងថាបានឡើងទៅរស់នៅអាមេរិកជាមួយកូនស្រី ដោយមានទាំងមុខរបរលក់នំដូណាត់ផងនោះ បានអះអាងថា អ្នកនាងបានសុំច្បាប់ការងារបានចំនួនតែ៣អាទិត្យប៉ុណ្ណោះ ដើម្បីមកលេងដីកំណើត ទើបអ្នកនាងដាក់ថ្ងៃចំអំឡុងបុណ្យចូលឆ្នាំតែម្ដង។
អ្នកនាងគម្រោងទៅលេងទឹកដីសៀមរាបពេញរយៈពេល៣ថ្ងៃ ដោយឡើងមកដល់កម្ពុជានៅវេលាល្ងាច គឺយប់ថ្ងៃទី១៣ មេសា ឡើងរថយន្តទៅអង្គរសង្ក្រានតែម្ដង។ អ្នកនាងថាស្រណោះការជួបជុំជាមួយតារាសិល្បៈ និងកម្មវិធីសប្បាយៗនៅអង្គរសង្ក្រានខ្លាំងណាស់ ទើបអ្នកនាងសម្រេចចិត្តចុះមក តែអ្នកនាងក៏មិនបានយូរនោះដែរ ដោយសារតែនៅអាមេរិកអ្នកនាងមានការងារច្រើនត្រូវធ្វើ មិនទាន់រួចដៃ។
អ្នកនាងប្រកាសថាមិនមានគម្រោងរស់នៅអាមេរិករយៈពេលវែងនោះទេ ដោយអ្នកនាងនឹងចុះមកទទួលការសម្ដែងជាថ្មីក្នុងពេលឆាប់ៗ គឺបន្ទាប់ពីការងារលក់នំដូណាត់របស់អ្នកនាងធ្លាក់ដៃ ស្របគ្នាដែលអ្នកនាងរង់ចាំឯកសារឡើងចុះអាមេរិកធ្លាក់ដល់ដៃសិន។ អ្នកនាងនិយាយថា ខ្លួនទើបតែត្រូវបានធានាអោយទៅធ្វើការលក់នំនៅទីនោះ ដូច្នេះបើអ្នកនាងមិនចាប់ឱកាស គឺមិនខុសពីបោះបង់នោះទេ ទើបត្រូវតែផ្អាកការងារសិល្បៈមួយរយៈ ហើយសម្ងំនៅអាមេរិកសិន។ យ៉ាងណាមិញ អ្នកនាងប្រកាសថាមិនចោលការងារសិល្បៈនោះទេ ដោយក្នុងរយៈពេល៣សប្ដាហ៍ដែលអ្នកនាងចុះមកនេះ គឺអ្វីដែលអ្នកនាងទទួលធ្វើបាននឹងទទួលធ្វើនោះទេ ជាក់ស្ដែងគ្រាន់តែឡើងមកដល់ភ្លាម ឡើងទៅជួយព្រឹត្តិការណ៍អង្គរសង្ក្រានភ្លាម ដើម្បីកុំអោយមហាជនភ្លេចមុខជាដើម។
អ្នកនាងរំពឹងថាដំណើររយៈពេលខ្លីមកចំចូលឆ្នាំនឹងជួយអោយអ្នកនាងទទួលបានការចាប់អារម្មណ៍ជាថ្មី ហើយក៏បានជួបជុំតារាសិល្បៈកុះករ នៅខេត្តសៀមរាបទាំង៣ថ្ងៃផងដែរ៕
មតិយោបល់