តាំងពីប៉ុន្មានថ្ងៃមុនចូលឆ្នាំខ្មែរ មកទល់ពេលនេះ គេចាប់អារម្មណ៍ថាសាច់ញាតិតារាសិល្បៈ ចាប់ផ្ដើមស្លាប់ និងឈឺធ្ងន់ដល់ថ្នាក់ប្រកាសលក់ផ្ទះ និងដល់កម្រិតពេទ្យលែងហ៊ានព្យាបាលជាបន្តបន្ទាប់។ ក្នុងនោះតារាទាំងល្បី និងមិនល្បី ក៏កត់សម្គាល់ថា មានការស្លាប់សាច់ញាតិសំខាន់ៗជាបន្តបន្ទាប់ផងដែរ នៅក្នុងរយៈពេលចុងក្រោយ។
អ្នកនាងប៉េងប៉ោង បានបើកឆាក បាត់បង់លោកនាយវីតាមីនសេ ជាឪពុក មុនគេ កាលពីមុនចូលឆ្នាំ ដោយពិធីបុណ្យសពរបស់លោកឪពុកអ្នកនាងក៏ធ្វើឲ្យផ្អើលដល់ពិភពសិល្បៈមិនធម្មតាដែរ បើទោះជាក្នុងពេលនោះជាពេលវេលាកៀកនឹងចូលឆ្នាំដែលមនុស្សម្នាសប្បាយរីករាយ។
អ្នកនាង ស៊ុន ណារីម៉ូនីកា បានប្រកាសដំណឹងមរណភាពក្មួយស្រីដែលអ្នកនាងចិញ្ចឹមទំនុកបម្រុងស្មើនឹងកូនស្រីម្នាក់ ទាំងវ័យក្មេង ក្នុងពេលដែលបុណ្យសពរបស់ក្មួយស្រីអ្នកនាងក៏សឹងមិនមានអ្នកសិល្បៈនោះដែរ ដោយសារតែបានកើតឡើងនៅចំថ្ងៃបងប្អូនខ្មែរត្រៀមលក្ខណៈចូលឆ្នាំ កាលពីថ្ងៃទី១១ មេសា។ អ្នកនាងគឺជាសិល្បការិនីរៀមច្បង ដែលមានបន្ទុករឿងកូនប្រុសច្បងឈឺធ្ងន់ រហូតដល់គ្មានប្រាក់ព្យាបាលនោះដែរ ស្របគ្នាដែលម្ដាយរបស់អ្នកនាងក៏មានជំងឺធ្ងន់ នៅក្នុងពេលនេះ។ ដំណឹងចុងក្រោយសុទ្ធតែបានបង្ហាញថា កូនប្រុសច្បង និងម្ដាយរបស់អ្នកនាងមានជំងឺពេទ្យលែងចង់មើល បន្ថែមពីលើក្មួយស្រីដែលទើបនឹងស្លាប់។
នាយកុយ ក៏ត្រូវគេដឹងថាបានទទួលមរណភាពបងប្រុសបង្កើតយ៉ាងគួរឲ្យភ្ញាក់ផ្អើលផងដែរ កាលពីប៉ុន្មានម៉ោងមុនចូលឆ្នាំខ្មែរ។ លោកត្រូវគេឃើញធ្វើបុណ្យបងប្រុសយ៉ាងកម្សត់ក្នុងពេលដែលតារាសិល្បៈ និងមហាជនគ្រប់គ្នាសប្បាយរីករាយនឹងអំណរឆ្នាំថ្មី។ ប៉ុន្តែលោកនៅតែង្ហាញខ្លួនទៅសម្ដែងច្រៀងរាំជាមួយអ្នកនាង ខាត់ សុឃីម នៅក្នុងប្រទេសកូរ៉េ មិនចោលនោះទេ បើទោះជាលោកមានទុក្ខប៉ុនធំជាប់នឹងខ្លួន។
ឌីជេក្ដិប ក៏ជួបទុក្ខធំ ត្រូវឪពុកដែលឈឺច្រើនឆ្នាំទទួលមរណភាពនៅស្របគ្នានឹងនាយកុយផងដែរ កាលពីថ្ងៃទី១២ មេសា ទើបធ្វើអោយ ពិធីបុណ្យសពឪពុកលោក មិនមានការចូលរួមពីតារាសិល្បៈច្រើននាក់ដូចគ្នា។ ភាពអស់សង្ឃឹម បានជម្រុញអោយលោកប្រកាសលាឈប់ពីសិល្បៈតែម្ដង ដោយសារតែលោកក៏សម្លឹងឃើញបរិបទពីការផលិតបទចម្រៀងរបស់ខ្លួន លែងសូវមានការគាំទ្រពីមហាជន ក្នុងពេលដែលលោកក៏ត្រូវបាត់បង់ឪពុកជាទីស្រឡាញ់។
តារាចម្រៀង ស៊ឹម ស៊ីណាត៖ ក្នុងពេលដែលតារា និងមហាជនភាគច្រើនសប្បាយក្អាកក្អាយក្នុងពេលចូលឆ្នាំ លោកបែរជាប្រកាសពីដំណឹងដ៏ក្រៀមក្រំ ពីការទទួលមរណភាពរបស់លោកយាយបង្កើតក្នុងថ្ងៃចូលឆ្នាំមិនខុសគ្នា។ លោកជាសមាជិករបស់«គ្រួសារតារាកម្ពុជា» ដែលបានបង្ហាញមុខច្រើនក្នុងសកម្មភាពសប្បុរសធម៌នានា ជាពិសេសក្នុងសកម្មភាពដើម្បីបំផុសជួយដល់សង្គម។
ករុណា ពេជ្រ៖ ខុសពីអ្នកខាងលើ តារាចម្រៀងរូបនេះ បែរជាមានឪពុកត្រូវសង្គ្រោះបន្ទាន់ដល់កម្រិតព្យាបាលក្នុងស្រុកលែងកើត។ លោកបានប្រកាសលក់ផ្ទះវីឡា ដោយសារតែចង់បញ្ជូនឪពុកទៅព្យាបាលជំងឺស្លាប់ដៃស្លាប់ជើង និងជំងឺច្រើនមុខផ្សេងទៀត ដែលអ្នកសិល្បៈភាគច្រើនកត់សម្គាល់ជាជំងឺដែលរួមរឹតលោកករុណា ពេជ្រ និងគ្រួសារ មិនធ្លាប់ឃើញ។
តារាសម្ដែង កញ្ញា រក្សា ក៏មិនខុសពីលោកករុណា ពេជ្រ ដែរ ដោយសារតែកញ្ញា ក៏មានឪពុកកើតជំងឺធ្ងន់ធ្ងរដល់ថ្នាក់ប្រកាសលក់ផ្ទះនៅក្នុងពេលនេះ ព្រោះតែអស់បង្អែកអ្នករកលុយនៅក្នុងគ្រួសារ ហើយត្រូវការលុយច្រើនដើម្បីព្យាបាល។ នាងជាតារាភេទទី៣ ដែលមានជំងឺរលាកស្រោមខួរ និងប្រហោងបេះដូងធ្ងន់ធ្ងរ ដែលប្រឹងសម្ដែងរកលុយទាំងឈឺ ហើយត្រូវប្រឈមនឹងឪពុកស្ថិតក្នុងដំណាក់កាលគ្រូពេទ្យលែងហ៊ានព្យាបាលនៅក្នុងរយៈពេលនេះទៀត។
កញ្ញា ស៊ុន ស្រីពេជ្រ ឯណោះវិញ ក៏ប្រកាសអោយដឹងពីដំណឹងលក់ផ្ទះ ដើម្បីព្យាបាលប្អូនប្រុសដែលមានជំងឺធ្ងន់ផងដែរ ក្នុងរយៈពេលនេះ។
ក្រៅពីតារាខាងលើ តារាមួយចំនួនក៏ត្រូវគេកត់សម្គាល់ថាមានទុក្ខ ស្រដៀងៗគ្នាបែបនេះផងដែរ ដោយគ្រាន់តែតារាមួយចំនួនមិនបង្ហើបអោយដឹង។
ក្នុងនោះ តារាចម្រៀង លោក ទិត្យ វិច្ឆិកា និង ពិធីការិនី កញ្ញា កែវ ផល្លិកា ក៍មានដំណឹងស្លាប់ម្ដាយយ៉ាងកម្សត់ មុនថ្ងៃចូលឆ្នាំដូចគ្នាផងដែរ៕
មតិយោបល់