ភ្នំពេញៈ បុរសម្នាក់បើករថយន្តហាយឡែនឌ័រឆ្លងផ្លូវ បំណងចូលផ្ទះស្រាប់តែមានរថយន្តដឹកបន្លែមួយគ្រឿង បុកចំខ្ទេចទ្វារខាងឆ្វេង ហើយរថយន្តដឹកបន្លែបន្តទៅបុកទូ ATM របស់ធនាគារកាណាឌីយ៉ា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង៥៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-7732 បើកបរដោយបុរសម្នាក់បត់ចូលផ្ទះតាមច្រកធនាគារកាណាឌីយ៉ា តែឆ្លងមិនទាន់ផុតផង ស្រាប់តែមានរថយន្តតូរីសដឹកបន្លែពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-1671 បើកបរដោយបុរសម្នាក់បុករថយន្តហាយឡែនឌ័រ យ៉ាងពេញទំហឹង ហើយរេចង្កូតទៅបុកទូATM របស់ធានាគារកាណាឌីយ៉ា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តហាយឡែនឌ័រ រងការខូចខាតធ្វាផ្នែកខាងឆ្វេង និងរថយន្តតូរីសដឹកបន្លែបណ្តាលឲ្យរងការខូចខាតខាងមុខយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់