កាលពីវេលាម៉ោងជាង៤ភ្លឺ ព្រឹកថ្ងៃទី២២ មេសា ឪពុកតារាសម្ដែងកញ្ញា រក្សា ដែលមានជំងឺប្រចាំកាយជាយូរមកហើយ ដល់ថ្នាក់គ្រូពេទ្យក្នុងស្រុកលែងហ៊ានទទួលព្យាបាលនោះ បានទទួលមរណភាពហើយ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺលោកត្រូវស្លាប់តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងពេលដែលកញ្ញាត្រូវឡើងយន្តហោះទៅកាន់ប្រទេសសិង្ហបុរី ដែលបានគម្រោងទុកជាយូរមកហើយ។
កញ្ញារក្សា និយាយថា នាងបានកក់សំបុត្រយន្តហោះ និងរៀបរយឯកសារដើម្បីទៅពិនិត្យសុខភាពនៅក្នុងប្រទេសសិង្ហបុរី ក្រោមការជ្រោមជ្រែងពីសំណាក់បងប្អូនធម៌ប្រមាណជាជិតមួយខែមកហើយ ដោយអ្នករាប់អានបានចំណាយលើការកក់សំបុត្រយន្តហោះ និងការចាត់ចែងរឿងណាត់ពេទ្យអោយរួចរាល់ ដោយរង់ចាំតែថ្ងៃឡើងយន្តនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មេសា ដើម្បីចេញទៅប៉ុណ្ណោះ។ កញ្ញាថាថវិកាដែលបានចំណាយគឺពីសប្បុរសជនដែលបានអាណិតកញ្ញាសុទ្ធសាធ ដោយសារតែគេចង់ជួយ កញ្ញាអោយបានទៅពិនិត្យជំងឺប្រហោងបេះដូង និងជំងឺរលាកស្រោមខួរ ព្រោះតែចង់អោយកញ្ញាច្បាស់លាស់ថា ពិតជាមានជំងឺហ្នឹងអោយពិតប្រាកដ ឬយ៉ាងណា? កញ្ញាថាពិតជាពិបាកដោះស្រាយខ្លាំងណាស់ ខណៈដែលឪពុករបស់កញ្ញា ត្រូវបានលោកអាចារ្យកំណត់អោយបូជា នៅព្រឹកថ្ងៃទី២៣ មេសា ម៉ោង៧ព្រឹក គឺចំម៉ោងកញ្ញាត្រូវទៅត្រៀមខ្លួននៅព្រលាន ដោយសូម្បីតែកញ្ញាសុំដូរជើងយន្តហោះក៏មិនមានវ៉ុលជំនួស។
អ្វីដែលកញ្ញាពិបាកទទួលនោះ គឺសប្បុរសជនបានចាត់ចែងអោយកញ្ញាបានចេញទៅសិង្ហបុរី ផ្គួបជាមួយម៉ាលេស៊ីដើម្បីដើរលេងផងរហូតដល់៥ថ្ងៃ ព្រោះតែស្រឡាញ់រាប់អាន ដែលរយៈពេលនៃការទៅឆែកសុខភាព និងដើរលេងផងនេះ គឺនឹងចោលពិធីបុណ្យ៧ថ្ងៃរបស់ឪពុកទៅទៀត។ កញ្ញាថាជារឿងពិបាកដោះស្រាយ បើចោលគម្រោងចាកចេញទៅសិង្ហបុរី គឺស្មើនឹងអោយអ្នកជួយជ្រោមជ្រែងកញ្ញាចោលលុយ និងខូចគម្រោងទាំងស្រុង ប៉ុន្តែបើត្រូវចេញទៅ គឺត្រូវចោលពិធីបុណ្យបូជាឪពុក និងអត់បាននៅចាត់ចែងពិធីបុណ្យ៧ថ្ងៃជាមួយគ្រួសារឡើយ។
កញ្ញា រក្សា ថាខ្លួនតាំងពីបានកើតមកអត់ដែលបានសប្បាយម្ដងទេ ដោយរំពឹងថានឹងបានដើរកម្សាន្ត និងទៅត្រួតពិនិត្យសុខភាពក្រោម ការស្រឡាញ់រាប់អានពីមនុស្សម្នាក់ដែលស្រឡាញ់អាណិតកញ្ញានោះហើយ ប៉ុន្តែចុងក្រោយបែរជាស្ថិតក្នុងស្ថានភាពចេញទៅក៏ពិបាក បើចោលក៏ពិបាកដែលកញ្ញាប្រាប់ថាអត់ដឹងដោះស្រាយយ៉ាងមិច។ កញ្ញាបើសុំលើកថ្ងៃ គឺស្មើនឹងធ្វើអោយលុយកាក់ ដែលបានកក់ទុករបស់អ្នកជួយជ្រោមជ្រែងបោះចោលទាំងអស់ ហើយមិនដឹងថាបើទោះជាគេអ្នករាប់អាននោះយោគយល់ តើនឹងមានឱកាសស្ពុនស័រអោយទៅស្គាល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ជាលើកទី២ ឬក៏អត់។
ជាពិសេសកញ្ញាខ្លាចចិត្តបំផុត ដែលអ្នកចំណាយលុយបានរៀបរយចាត់ចែងរឿងជូនកញ្ញាទៅពិនិត្យសុខភាពនៅប្រទេសនោះរួចរាល់ទៅហើយ ស្រាប់តែកញ្ញាមិនទៅវិញមែននោះ។ យ៉ាងណាមិញ កញ្ញា សម្រេចមិនឡើងយន្តហោះទេ ដោយសុខចិត្ត តម្រូវអោយលោកអាចារ្យ បូជាឳពុក ម៉ោង២រសៀល នៅថ្ងៃ២៣ មេសា កំុអោយព្រឹកព្រលឹមពេកវិញ។ កញ្ញាបន្តថាឪពុករបស់ខ្លួននឹងត្រូវបូជានៅព្រឹកថ្ងៃអាទិត្យ ដោយមិនអាចពន្យាពេលទេ ដើម្បីកុំអោយខុសក្បួនអាចារ្យ និងមិនចង់ចំណាយលុយតម្កល់យូរផង។
មុនឪពុកស្លាប់ប៉ុន្មានម៉ោង កញ្ញាក៏បានទទួលថវិកាឧបត្ថម្ភពីអ្នកនាងឈួន សុវណ្ណឆៃ ចំនួន២០ម៉ឺនរៀលផងដែរ ដោយមិននឹកស្មានថា ឪពុកកញ្ញាទទួលអនិច្ចកម្មលឿនដល់ម្លឹងនោះទេ៕
មតិយោបល់