មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងសាន់ដេ លោក អ៊ីណូ បង្ហោះជាផ្លូវការនូវបទចម្រៀងក្រោមចំណងជើងថា«ពុកឈឺថ្ងៃភ្ជុំ» ខណៈដែលបទចម្រៀងនេះ ប្រភពពីខាងផលិតកម្មសាន់ដេ បានអះអាងថា ជាបទដែលលោកតាក់តែងចេញពីរឿងពិតរបស់ខ្លួន ដោយអត្ថន័យ និងខ្លឹមសារគឺពោរពេញដោយរសជីវិតគួរអោយចាប់អារម្មណ៍។ នេះជា Original Song ពាក់ព័ន្ធនឹងរដូវបុណ្យភ្ជុំលើកទី២ហើយ ដែលលោកបានបណ្ដែតនៅលើយូធូប បន្ទាប់ពីកាលពីឆ្នាំមុន បទចម្រៀងមួយបទក្រោមចំណងជើងថា«ប្រយ័ត្នកើតប្រែត» ក៏ត្រូវបានគេគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់យុវវ័យ។
ប្រភពពីខាងផលិតកម្មសាន់ដេ បានអះអាងថា បទចម្រៀងលោក អ៊ីណូ ដែលទើបបង្ហោះក្ដៅៗក្រោមចំណងជើងថា«ពុកឈឺថ្ងៃភ្ជុំ»មិនមែនគ្រាន់តែនិពន្ធដោយយករឿងពិតនៅក្នុងសង្គមយកមកតាក់តែងប៉ុណ្ណោះ ប៉ុន្តែគឺជារឿងពិតរបស់ម្ចាស់សំឡេងរូបនេះតែម្ដង ដោយសារតែពេលនិពន្ធ និងថតបទចម្រៀង គឺឪពុករបស់លោកអ៊ីណូ មានជំងឺធ្ងន់ធ្ងរ។ ប្រភពនោះបន្តថា ដោយសារតែឪពុកធ្លាក់ខ្លួនឈឺធ្ងន់ចំថ្ងៃដាក់បិណ្ឌ ទើបលោក សរសេរមួយបទនេះចេញ ហើយក្រោយចេញផលិតជាMV ក៏តាក់តែងសាច់រឿងអោយត្រូវនឹងអ្វីដែលលោកធ្លាប់បានធ្វើល្អ និងធ្វើមិនគប្បីចំពោះឪពុក ដើម្បីទុកក្រើនរំលឹកដល់កូនៗគ្រប់រូបតែម្ដង។
យ៉ាងណាក៏ដោយ មានការបញ្ជាក់ថាមកទល់ពេលនេះ ឪពុករបស់លោកបានធូរស្រាលច្រើនហើយ ទើបម្ចាស់បទចម្រៀងយល់ថាបទចម្រៀងមួយបទ មិនខុសពីកាដូជួយអោយឪពុកខ្លួនបានធូរស្រាលកាន់តែប្រសើរ បើធៀបនឹងពេលធ្ងន់ធ្ងរ។ លោក អ៊ីណូ បានថ្លែងយ៉ាងខ្លីថា ទាំងខ្លឹមសារ និងសាច់រឿងនៅក្នុងបទនេះ គឺពិតជាផុសចេញពីអារម្មណ៍ភិតភ័យក្នុងពេលឪពុកឈឺធ្ងន់ប្រាកដមែន។ លោករំពឹងយ៉ាងខ្លាំងថាបទចម្រៀងនេះ នឹងមានការគាំទ្រច្រើន ដោយសារតែបទចម្រៀងទាំងមូល គឺឆ្លុះបញ្ចាំងពីការខុសឆ្គងរបស់កូនៗភាគច្រើន ដែលមើលស្រាលពីការប្រឹងប្រែងរបស់ឪពុក និងបង្ហាញអោយឃើញពីការលះបង់របស់ឪពុកឡើងអស់ពីកម្លាំងចិត្ត បើទោះជាកូនម្នាក់ៗច្រើនធ្វើអោយលោកពិបាកចិត្ត។ លោកថាបទចម្រៀងនេះ មិនថាច្រៀង និងសម្ដែង គឺលោកផ្ទុះអារម្មណ៍ចង់យំតែម្ដង ជាពិសេសនៅពេលនឹងកឃើញពេលឪពុកឈឺធ្ងន់ ដោយសារតែជំងឺចាស់ ដូចជាជំងឹលើសឈាមជាដើមនោះ។ លោកថាមកទល់ពេលនេះ ឪពុកលោកមិនទាន់បានធូរស្រាលទាំំងស្រុងទេ ប៉ុន្តែបើធៀបនឹងដំណាក់ធ្ងន់ធ្ងរគឺមិនដូចមុនទេ។
ចង់ដឹងថាមួយបទរបស់លោកឆ្លុះបញ្ចាំងពីអារម្មណ៍ពិតបែបណា សូមអញ្ជើញទស្សនា៖
មតិយោបល់