អាមេរិកៈ ការប្រកាសរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថា នឹងបញ្ឈប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងបាញ់មីស៊ីលផ្លោងអន្តរទ្វីបនោះ បានធ្វើឲ្យក្រុមអ្នកជំនាញ កំពុងច្របូកច្របល់អំពីគោលបំណងពិតរបស់លោក គីម ជុងអ៊ុន និងវិសាលភាពដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរទទួលយកបានកម្រិតណា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
សកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅមុនកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់លោក គីម ជាមួយនឹងលោក ត្រាំ បន្ទាប់ពីមានជម្លោះពាក្យសម្ដីដ៏ក្ដៅគគុករវាងមេដឹកនាំទាំងពីរ និងការគំរាមកំហែងវាយប្រហារដែនអាកាស ទៅលើកោះហ្គោមរបស់អាមេរិក។
ទោះជាយ៉ាងនេះក្ដី អ្នកឯកទេសខាងកូរ៉េខាងជើងជាច្រើន បានស្វាគមន៍ការប្រកាសរបស់លោក គីម ទាំងដោយមានការសង្ស័យផងដែរ ខណៈពួកគេបានធ្វើការកត់សម្គាល់ថា ការបង្ហាញចេតនារបស់លោក គីម អំពីការរំសាយការផលិតអាវុធយ៉ាងឆាប់រហ័សបែបនេះ គឺពិតជារឿងមួយដ៏គួរឆ្ងល់បំផុត ថាតើមានអ្វីនៅពីក្រោយអាថ៌កំបាំងនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហារីហ្សា សានីស នាយកមជ្ឈមណ្ឌលការពារជាតិអាមេរិក បាននិយាយថា «ជំហានទាំងអស់ ដែលលោកគីមបានប្រកាស គឺអាចផ្លាស់ប្តូរបានទាំងស្រុង ហើយវាគ្រាន់តែជាពាក្យសម្ដី និងការសន្យាខ្យល់ប៉ុណ្ណោះ ខណៈរបបមួយនេះ គេនៅពុំទាន់អាចដឹងពីភាពច្បាស់លាស់ ទាក់ទងនឹងពាក្យសម្ដីរបស់ខ្លួនយ៉ាងណានោះទេ»៕
មតិយោបល់