ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែធ្វើបុណ្យសោះ គេដៀល ឡើងកប់ សេម ម៉ាកូ

កាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំ គេដឹងច្រើនមកហើយ ថាតារាចម្រៀងលោក សេម ម៉ាកូ បានចេញប្រតិបត្តិការ ជាមួយបងប្រុស ដែលជាមន្ត្រីទាហានម្នាក់ និងជាសប្បុរសជនផង ដើរចែកអំណោយដល់គ្រួសារអ្នករើសសំរាម និងគ្រួសារក្រីក្រជាច្រើននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ដោយលោកត្រូវបានបងប្រុស ដែលជាសប្បុរសជនស្នើអោយចុះចែកជាមួយ។

ប៉ុន្តែក្រោយព័ត៌មានទាំងនេះត្រូវបានបង្ហោះឡើង តារាចម្រៀងដែលត្រូវគេស្គាល់ថា ម្ដាយពុលភេសជ្ជៈមួយប្រភេទហើយស្លាប់ និងត្រូវភ្លើងឆេះផ្ទះម៉ត់ នៅ១៨ថ្ងៃក្រោយម្ដាយបានបូជារូបនេះ បែរជាត្រូវគេមាក់ងាយយ៉ាឆ្ងាញ់មាត់ រហូតដល់ថ្នាក់ ធ្វើអោយលោករារែក លែងចង់បង្ហាញខ្លួនក្នុងសកម្មភាពបែបនេះទៀត។ លោក សេម ម៉ាកូ បានបង្ហោះអោយដឹងពីការសម្រេចចិត្ត ចាកចេញចោលស្រុកកំណើត និងបោះបង់ទីកន្លែង ដែលពោរពេញដោយវិប្បដិសារីឆាប់ៗ បន្ទាប់ពីការមាក់ងាយ ត្រូវបានលេចឡើង ក្រោយលោកបញ្ចប់សកម្មភាព ចុះចែកអំណោយ។

លោកបានបង្ហើបបន្ថែមពីការបង្ហោះសារតូចចិត្ត ក្រោយពេលលោកមកដល់ផ្ទះ មានការមាក់ងាយពីអ្នកស្រុកជាខ្លាំង នៅខេត្តកំពង់ស្ពឺម្ដុំដែលលោករស់នៅ ជុំវិញការសម្រេចចិត្តដើរចុះចែកអំណោយកាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរនោះ។ មនុស្សជាច្រើន បានដៀលពីមាត់ទៅមាត់មួយ ថាលោក ជាអ្នកក្រទេ ប៉ុន្តែធ្វើខ្លួនដូចអ្នកមាន ទាំងក្នុងស្ថានភាពខ្លួនឯង មិនទាន់មានលទ្ធភាពរកលុយសង់ផ្ទះដែលឆេះម៉ត់ អោយបានសមរម្យដូចដើមនៅឡើយផង។ លោកថាខ្លួនបាក់ទឹកចិត្តយ៉ាងខ្លាំង ដែលក្រោយចំណាយពេលចុះចែកអំណោយ ជាមួយបងប្រុសជាសប្បុរសជន ស្រាប់តែបានទទួលពាក្យនេះ ហើយកាន់តែតូចចិត្តទៀត នៅពេលធ្លាក់ខ្លួនក្រ ក្នុងតំបន់ដែលខ្លួនរស់នៅ តាំងពីម្ដាយស្លាប់ចោល និងផ្ទះឆេះម៉ត់ គឺអាចនិយាយបានថាធ្វើអីក៏ខុស ធ្វើអ្វីក៏មានអ្នកស្រុកអ្នកភូមិ និងជាពិសេសអ្នកច្រៀងក្នុងវង់តន្ត្រីជាមួយខ្លួន ពេបជ្រាយ។

លោកមានគម្រោងបោះបង់ផ្ទះកំណើត ហើយចេញទៅផ្សងព្រេងនៅលើទឹកដីខេត្តសៀមរាប ក្នុងពេលដែលលោកប្រកាសថា នៅខេត្តសៀមរាបក៏មានអ្នកស្គាល់មួយចំនួន ដែលអាចអោយលោករកកន្លែងច្រៀងបាន។ លោកកាន់តែបាក់ទឹកចិត្តបន្ថែមទៀត នៅពេលដែលរាល់សកម្មភាពសប្បុរសធម៌ ដែលលោកបានធ្វើជាមួយនឹងតារាសិល្បៈផ្សេងទៀតនាពេលចុងក្រោយ ត្រូវបានតារាក្នុងក្រុមដែលធ្លាប់តែមាក់ងាយលោក និងអ្នកភូមិមួយចំនួនថា លោកកាត់តរូបភាព និងកាត់តពីការចុះផ្សាយ ដើម្បីបន្លំថាខ្លួនបានចូលរួមជាមួយសកម្មភាពសង្គមធំៗ និងមានព័ត៌មានចុះផ្សាយ។

លោក សេម ម៉ាកូ បញ្ជាក់ថា ភាពក្រក្រោយម្ដាយគាំងបេះដូងស្លាប់នឹងភេសជ្ជៈមួយប្រភេទ និងដោយសារតែភ្លើងឆេះផ្ទះ ព្រោះទុស្សេខ្សែភ្លើង បានធ្វើអោយលោក និងក្រុមគ្រួសារមិនត្រឹមតែទទួលរងនូវការមាក់ងាយ និងប្រមាថរាប់មិនអស់នោះទេ ទើបលោកចេះតែចង់ឲ្យលោកចេញអោយឆ្ងាយពីភូមិកំណើត ហើយទៅផ្សងព្រេងនៅទីដែលឆ្ងាយ គ្មានអ្នកស្គាល់ពីការឈឺចាប់។ យ៉ាងណាមិញ លោកថាគឺជារឿងពិបាកខ្លាំងណាស់ បើលោកបោះបង់ឪពុក និងប្អូនប្រុសដែលទើបមានរបួស ត្រូវកាត់ម្រាមដៃមួយចោលថ្មី ដែលមានជំងឺផង ហើយសម្ងំយកសុខម្នាក់ឯង៕

មតិយោបល់