តាំងពីល្ងាចថ្ងៃទី២៤ មេសា ដែលពិធីការផ្លូវការប្រចាំក្រសួង និងជាកូនសិស្សជំនិតរបស់អ្នកគ្រូ គង់ ណារី បានទម្លាយអោយដឹងថាហ្វេសប៊ុកការងាររបស់លោក ត្រូវបានគេប្លុកបើកមិនកើត និងរកក៏មិនឃើញ ដែលភាសាអង់គ្លេសហៅថា Deactive ដែលមិនខុសពីប្លុកខ្លួនពីបណ្ដាញសង្គមនោះ។ មិនត្រឹមតែបាត់ទំនាក់ទំនងក្នុងការបង្ហោះហ្វេសប៊ុកប៉ុណ្ណោះ ប៉ុន្តែទិន្នន័យការងារជាពិសេស ការជំពាក់ជំពិនលុយកាក់ និងការងារអាហ្វែធំៗដែលធ្លាប់តែធ្វើការងារតាមហ្វេសប៊ុកក៏ត្រូវបាត់អស់ផងដែរ។
លោក សន សុវណ្ណារ៉ា ម្ចាស់ក្រុមហ៊ុនពិធីការធំមួយប្រចាំនៅកម្ពុជាផង បានអះអាងថា លោកមានការងឿងឆ្ងល់យ៉ាងខ្លាំង ដែលហ្វេសប៊ុករបស់ខ្លួនស្រាប់តែចូលលេងកើត ហើយឆែកក៏មិនឃើញតែម្ដង ដែលធ្វើអោយលោកស្រវេស្រវាអោយអ្នកឯកទេសជួយដោះស្រាយអោយបានត្រលប់មកវិញ ប៉ុន្តែមិនមានលទ្ធផល។
ជាមួយនឹងការប្លុកចោលដោយគ្មានមូលហេតុនេះ លោកសម្ដែងនូវការបារម្ភយ៉ាងខ្លាំង ដោយសារតែការងារស្ទើរទាំងអស់របស់លោកគឺត្រូវធ្វើការតាមឆាត សូម្បីតែការទូទាត់លុយកាក់ក៏ស្ថិតក្នុងឆាតហ្វេសប៊ុកផងដែរ ដែលអាចនិយាយបានថា បើលោកមិនយកហ្វេសប៊ុកនោះមកវិញបាន គឺស្មើនឹងបាត់បង់ការងារ និងលុយកាក់ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។
អ្វីដែលសំខាន់គឺលោកមិនចាំនូវការព្រមព្រៀងណាមួយ ក្នុងការទទួលការងារ និងរឿងទូទាត់សាច់ប្រាក់ ដែលសុទ្ធតែជាការទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនតូចធំនោះផង។
លោកសន សុវណ្ណារ៉ា បានអះអាងថា មកទល់ម៉ោងនេះ ហ្វេសប៊ុករបស់លោកមិនមែនត្រូវបានគេ Hack ចូលនោះទេ ប៉ុន្តែត្រូវបានគេប្លុកចោលសូម្បីតែរាវក៏មិនឃើញតែម្ដង ដែលធ្វើអោយបាត់បង់សូម្បីតែរូបថត និងឯកសារដែលបានបង្ហោះនៅលើហ្វេសប៊ុកនោះ។
លោកថាការងារប្រចាំថ្ងៃរបស់ខ្លួន គឺទទួលរៀបចំពិធី រួមមានពិធីការ ដើរម៉ូត ពិធីសម្ពោធ និងពិធីប្រគំតន្ត្រីនានា តែក្នុងពេលហ្វេសប៊ុករបស់ខ្លួន ស្រាប់តែបើកលែងបាន គឺមិនខុសពីបាត់ឆ្នាំងបាយ និងបាត់ទិន្នន័យជុំវិញការងារដែលត្រូវដោះស្រាយ។
លោកកំពុងដាក់សំណើរអោយក្រុមហ៊ុនហ្វេសប៊ុក ដើម្បីយកហ្វេសប៊ុនត្រឡប់មកវិញ ខណៈដែលបើយកមិនបានហ្វេសប៊ុកមកវិញ ក៏ត្រូវតែយកបាននូវឆាត Messenger ដាច់ខាត ដើម្បីជៀសវៀងបាត់បង់ទិន្នន័យការងារ និងបំណុលមួយចំនួនជាមួយនឹងអតិថិជន។
យ៉ាងណាមិញ លោកមិនទាន់ដឹងថាតើការដោះស្រាយនឹងលេចលទ្ធផលបែបណានៅឡើយទេ ក្នុងពេលដែលការបាត់បង់ហ្វេសប៊ុកលើកនេះ កំពុងធ្វើអោយលោកងងឹតឈឹងមិនខុសពីបាត់ភ្នែកមួយចំហៀង។ លោកថានេះជាលើកទី១ ដែលហ្វេសប៊ុកដែលជាបណ្ដាញទំនាក់ទំនង និងការងាររបស់លោកដ៏សំខាន់ត្រូវបានបាត់បង់ ដែលការបាត់បង់ពេលនេះ ក៏មិនខុសពីត្រូវប៉ះពាល់ទាំំងការងារ និងលុយកាក់ដែលត្រូវពាក់ព័ន្ធជាមួយភ្ញៀវ៕
មតិយោបល់