ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជំរុញឲ្យកូរ៉េខាងជើងបោះបង់ចោលនុយក្លេអ៊ែរ មុនជំនួបគ្រោងទុកប្រទេសទាំងពីរ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មុនពេលកិច្ចប្រជុំកំពូលមួយ ដែលរំពឹងទុក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

នៅអំទ្បុងពេលថ្មីៗនេះមេដឹកនាំអាមេរិក បានចំណាយពេលមួយថ្ងៃ ក្នុងការពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក ​អេម៉ានុយអែល ម៉ាក្រុង ដោយបានលើកទ្បើងថា លោក គីម បានបង្ហាញការបើកចិត្ត និងគួរឲ្យគោរព ខណៈវាត្រូវបានគេចាត់ទុកថា ជាយោបល់ដ៏វិជ្ជមានបំផុតរបស់លោក ត្រាំ ដែលកន្លងមកលោក ធ្លាប់តែនិយាយមើលងាយបុរសម្នាក់នេះជាសាធារណៈ។

ទោះជាយ៉ាងនេះក្ដី នៅពេលដែលលោកធ្វើការសង្កត់ពីអ្វីដែលខ្លួន សង្ឃឹមថា នឹងទទួលបានពីទីក្រុងព្យុងយ៉ាងនោះ ប្រធានាធិបតីសាធារណរដ្ឋវ័យ ៧១ ឆ្នាំរូបនេះ បែរជានិយាយពាក្យទ្បកទ្បាយទៅវិញ។

ដោយលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «កិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនាពេលខាងមុខ ហើយលោកចង់ឃើញការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់របបមួយនេះ មុននឹងវាចាប់ផ្ដើម»៕

មតិយោបល់