នៅក្នុងបទសម្ភាសន៍កាលពីល្ងាចថ្ងៃទី ២៥ មេសា នៅCTN លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ បានអះអាងថាលោកមានការខកចិត្តយ៉ាងខ្លាំង នៅពេលបរិយាកាសអ្នកនៅភ្នំពេញមានរឿងមិនចេះចប់ ជាពិសេសអ្នកនៅផ្ទះជិតគ្នា ឬនៅជាប់ខាងគ្នា។ ជាមួយនឹងការរិះគន់នេះ ទើបលោកសម្រេចចិត្តផលិតកម្មវិធី «ពីរគ្រួសារ» ដែលនិយាយពីទំនាស់អ្នកជាប់ផ្ទះ និងត្រូវបានបិទចោលអស់មួយរយៈមកហើយ ជាថ្មី។ កម្មវិធីនេះ គម្រោងដាក់ផ្សាយនៅ CTN នៅដើមខែ៦ខាងមុខ ដោយការលេចមុខលើកនេះ លោកថាប្រហែលមិនបាត់រូបរាងក្នុងរយៈពេលខ្លីដូចមុនទៀតទេ ដោយសារតែខាងថ្នាក់លើជាអ្នកពេញចិត្តអោយដំណើរការ ក្រោយពីវីដេអូមួយចំនួនដែលបានបង្ហោះលើយូធូប មានអ្នកចូលមើលច្រើន។
លោកតាវ៉ិចទ័រ និយាយថា លោកអត់សប្បាយចិត្តសោះដែលមនុស្សរស់នៅជិតគ្នា បែរជាមានទំនាស់នឹងគ្នារាល់ថ្ងៃ ព្រោះតែរឿងព្រំដី រឿងមុខរបរ ទំនាស់ចតរថយន្តលើចិញ្ចើមផ្លូវ និងទំនាស់ដែលកើតពីការច្រណែនដាក់គ្នាជាដើមផ្សេងទៀត ដែលបញ្ហាទាំងនោះគឺសុទ្ធតែអាចនិយាយគ្នាបាន និងមិនគួរកើតឡើង។ លោកថាមនុស្សកើតមកមិនអាចយកវិញទៅវិញក្រៅពីអំពើល្អ និងកិត្តិយសនោះទេ តើហេតុផលអ្វីដែលមនុស្សខំប្រឹងឈ្លោះគ្នា ដោយសុខចិត្តមើលមុខគ្នាលែងបាន ព្រោះតែចង់បានផលប្រយោជន៍បន្តិចបន្តួច។ លោកថាអ្នកជិតខាងគឺជាមនុស្សដែលមានតម្លៃបំផុត ជាពិសេសនៅពេលមានទុក្ខគឺមានតែអ្នកជិតខាងប៉ុណ្ណោះ ដែលអាចធ្វើរបង ដែលមិនគួរណាបង្កើតអោយមានទំនាស់ខ្មៅឡើង ហើយឈានដល់ជម្លោះ មើលមុខគ្នាមិនបាននោះទេ។
លោកថាកម្មវិធី «ពីរគ្រួសារ»គឺជាកម្មវិធីដែលនិយាយពីទំនាស់ជិតខាងរបស់គ្រួសារចំនួន២ ដែលក្នុងកម្មវិធីនេះ បើអ្នកទស្សនាបានតាមដានអោយជាប់ គឺមិនខុសពីសារ ធ្វើអោយម្នាក់ៗស្វែងយល់នោះទេ។ លោកថាកម្មវិធីមួយនេះ គឺចង់រិះគន់ដោយត្រង់ទៅអ្នករស់នៅទីក្រុង ហើយក៏ចង់ផ្ញើសារអោយអ្នកទាំងនោះស្គាល់ពីតម្លៃអ្នករស់នៅភូមិផង នៅពេលដែលខ្លួនមានទុក្ខផងដែរ។
លោកតាវ៉ិចទ័របញ្ជាក់ថា តើវាចាំបាច់ទេ ដែលមនុស្សដែលយើងរស់នៅជិតគ្នា ហើយត្រូវឃើញមុខគ្នាញឹកញាប់ជាងគេ បែរជាត្រូវឈ្លោះគ្នា និងឈប់និយាយរកគ្នា ក្នុងពេលដែលកិច្ចការទំនាស់នោះគឺអត់ធំដុំអ្វីទាល់តែសោះ។ លោកទទូចអោយមានការយោគយល់ និងមានការស្វែងយល់ពីតម្លៃអ្នករស់នៅជិតខាងជាថ្មី ដើម្បីកុំអោយជីវិតរស់នៅពោរពេញដោយភាពស្មុគស្មាញ។
តាមគម្រោងកម្មវិធីនេះនឹងដំណើរការនៅដើមខែ៦ ដោយការចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះយប់ ខណៈដែលតារាសម្ដែង តារាចម្រៀង និងតារាក្រៅក្រុមផ្សេងទៀត ក៏ត្រូវជ្រើសអោយមកសម្ដែងដើម្បីពង្រីកសាច់រឿងផងដែរ៕
មតិយោបល់