កាលពីល្ងាចថ្ងៃទី២៦ មេសា ពិធីករល្បីឈ្មោះលោក ខេន វណ្ណាថាត់ បានធ្វើអោយភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករភ័យស្លុតឡើងផ្អើលពិធីតែម្ដង ដោយសារតែក្រោយបញ្ចប់សកម្មភាពដើរម៉ូដបង្ហាញភ្ញៀវកិត្តិយសនៅក្នុងពិធីពិព័រណ៌ផ្ទាំំងគំនូរនៅមជ្ឈមណ្ឌលបារាំង ស្រាប់តែលោកគាំងបេះដូងដល់ថ្នាក់សន្លប់ស្ដូកស្ដឹងលែងដឹងស្មារតី ព្រោះតែជំងឺធ្វើទុក្ខ។ ម្នាក់ៗភ័យស្លាំងយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលជំងឺធ្វើទុក្ខរបស់លោកកាន់តែមានសភាពធ្ងន់ធ្ងរ ហើយការដង្ហើយរករថយន្តសង្គ្រោះបន្ទាន់ក៏យឺតយ៉ាវ។
ហេតុការណ៍ដែលបានកើតឡើងនោះ គឺបណ្ដាលមកពីលោកហត់ខ្លាំង ហើយគាប់ជួនជាការតែងខ្លួនជាសម័យបារាំង តម្រូវអោយលោកពាក់អាវច្រើនជាន់ធ្វើអោយថប់ដោយចលនាបេះដូងផង។ លោកមានជំងឺបេះដូងបែបនេះជាយូរមកហើយ ប៉ុន្តែវាកម្រធ្វើទុក្ខខ្លាំងណាស់ ទើបម្នាក់ៗជាពិសេសគឺតារាសិល្បៈពីគ្រួសារតារាកម្ពុជា ដែលបានឃើញហេតុការណ៍ សុទ្ធតែស្រឡាំងកាំងភ័យស្លន់ស្លោរ។ ម្នាក់ៗមិនត្រឹមតែដង្ហើយរករថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ គឺថែមទាំងខលអោយក្រុមគ្រួសាររបស់លោកយកថ្នាំបេះដូងរបស់លោក និងធ្វើចលនាអោយលោកដើម្បីអោយលោកត្រឡប់មកសភាពដើមនោះទេ ប៉ុន្តែស្ថានភាពធ្វើទុក្ខនៅតែធ្វើអោយម្នាក់ៗតក់ស្លុត។ យ៉ាងណាមិញ សភាពជំងឺរបស់លោកត្រូវបានធូរស្បើយក្រោយធ្វើចលនាសង្គ្រោះ បើទោះជាលោកមិនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីបេះដូងដែលមានបញ្ហាត្រឡប់មកដើរចលនាឡើងវិញ។
លោក ខេន វណ្ណាថាត់ បានអះអាងថា ជំងឺបេះដូងរបស់លោកធ្វើទុក្ខមួយរយៈមកហើយ ប៉ុន្តែបណ្ដាលមកពីលោកលេបថ្នាំទៀងទាត់ និងមានការប្រុងប្រយ័ត្នពីសុខភាពទើបបានគ្រាន់បើមួយរយៈ។ លោកថានេះជាការធ្វើទុក្ខដែលបានកើតឡើងក្រោយពីលោកហត់ខ្លាំង ហើយលោកក៏ភ័យណាស់ដែរនៅពេលបញ្ចប់កម្មវិធីស្រាប់តែសភាពរបស់ខ្លួនខ្យល់គរចង់ដាច់ខ្យល់ ហើយសូម្បីតែដកដង្ហើមនៅក្នុងពេលនោះក៏មិនមានឱកាស។ លោកមានគម្រោងទៅពិនិត្យសុខភាពលើករណីនេះ អោយបានម៉ត់ចត់ ប៉ុន្តែអាចបណ្ដាលមកពីលោករវល់ផង និងមិនសូវជាមានកញ្ចប់ថវិការដើម្បីចាយចោលលើការមើលជំងឺពេលមិនធ្វើទុក្ខផង ទើបលោកចេះតែទុក្ខមួយថ្ងៃហើយមួយថ្ងៃទៀត៕
មតិយោបល់