ថ្វីត្បិតតែអាហារចៀន ឬបំពង មានរសជាតិឆ្ងាញ់គួរឲ្យចង់ញ៉ាំក៏ពិតមែន ប៉ុន្តែការទទួលទានច្រើនពេក អាចបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាព ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់។ លើសពីនេះ សារធាតុចិញ្ចឹមរបស់អាហារចៀន ឬបំពង ត្រូវបានកាត់បន្ថយ ជាងការចម្អិន ដោយប្រើវិធីផ្សេងទៀត។
ទោះជាយ៉ាងណា ដើម្បីរក្សាសារធាតុចិញ្ចឹមកុំឲ្យបាត់បង់ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព អ្នកគួរតែអនុវត្តតាមវិធី ៣យ៉ាងនេះ។
១.ប្រើប្រេងអូលីវ
ប្រេងអូលីវ គឺជាប្រេងដ៏ល្អបំផុតសម្រាប់ការចម្អិនអាហារគ្រប់ប្រភេទ ជាពិសេសអាហារដែលត្រូវប្រើសីតុណ្ហភាពខ្ពស់ និងរយៈពេលយូរ។ មិនតែប៉ុណ្ណោះ ប្រេងអូលីវអាចជួយរក្សាតម្លៃអាហារូបត្ថម្ភរបស់អាហារ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។
២.ត្រូវប្រើប្រេងថ្មីជានិច្ច
ដោយសារតែស្តាយ និងចង់សន្សំសំចៃប្រាក់កាស នៅពេលដែលប្រើប្រេងសល់ មនុស្សភាគច្រើនតែងតែរក្សាទុកសម្រាប់ប្រើម្តងទៀត។ ប៉ុន្តែការប្រើប្រេងចាស់ ធ្វើឲ្យអាហារឆាប់ខ្លោច បាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងប៉ះពាល់ដល់សុខភាព។
មធ្យាបាលដ៏ល្អបំផុត ដើម្បីរក្សាសារធាតុចិញ្ចឹម និងកាត់បន្ថយផលប៉ះពាល់សុខភាព អ្នកត្រូវប្រើប្រេងថ្មីជានិច្ច។
៣.រក្សាសីតុណ្ហភាព
ក្នុងពេលចម្អិនអាហារ មនុស្សភាគច្រើនតែងតែបរាជ័យក្នុងការរក្សាសីតុណ្ហភាព ម្តងខ្សោយ ម្តងខ្លាំង ដែលធ្វើឲ្យអាហារមិនងាយឆ្អិន ហើយស្រូបយកប្រេងចូលក្នុងសាច់ច្រើនទៀត។ ហេតុនេះ អ្នកគួរតែរក្សាសីតុណ្ហភាពត្រឹម ១៦២ ទៅ ២០៤ អង្សាសេ ព្រោះអាហារដែលទទួលបានកម្តៅគ្រប់គ្រាន់ វានឹងឆាប់ឆ្អិន ហើយមិនបៀបប្រេងឡើយ៕
មតិយោបល់