កាលពីថ្ងៃទី២៨ មេសា មុននេះ គ្រួសារតារាកម្ពុជាប្រមាណជាង៦០រូប បានធ្វើអោយមានការភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងការគ្រងឈុតពីសម័យបុរាណ បន្ទាប់ពីមុននេះបន្តិចក៏បានរួមគ្នាគ្រងឈុតពីសម័យដើមស្ទើរគ្រប់ទម្រង់ ចូលរួមក្នុងពិធីសម្ពោធផ្ទាំងគំនូរនៅសាលាបារាំង។ ការបង្ហាញខ្លួនក្នុងទម្រង់សម័យដើមជាថ្មីរបស់តារាសិល្បៈមួយក្រុមនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលលើសមុនទៅទៀត ដោយសារតែវត្តមានរបស់តារាចាស់ក្មេងទាំងនោះ រំលេចនូវឈុតសម័យលង្វែក ហើយធ្វើអោយសម្រស់របស់អ្នកទាំំងនោះលេចអណ្ដែតឡើយមិនធម្មតា។
ការបង្ហាញឈុតបុរាណក្នុងសម័យលង្វែកនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធហាងកាហ្វេមួយកន្លែងឈ្មោះ អ៊ីនថៈនីន ដោយក្រៅពីវត្តមានតារាកម្ពុជាមកពី«គ្រួសារតារាកម្ពុជា»រហូតដល់ជាង៦០រូប ក៏មានវត្តមានកំពូលតារាថៃ គឺតួអង្គនាងមនោរាហ៍ ដែលធ្លាប់ល្បីល្បាញនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផងដែរ។
ក្នុងនោះក៏មានជនជាតិថៃច្រើននាក់រំលេចនូវឈុតប្រពៃរបស់ខ្លួនបង្អួតសម្រស់ផងដែរ ទើបក្នុងពិធីសម្ពោធហាងដែលបានធ្វើឡើងនៅម្ដុំផ្សារបឹងកេងនោះ បានក្លាយជាវេទិកាបង្អួតសម្រស់រវាងជនជាតិដើមថៃ និងជនជាតិម្ចាស់ស្រុក ដើម្បីរំលេចនូវឈុតប្រពៃណីរាងៗខ្លួន។ យោងតាមបញ្ជាក់ «គ្រួសារតារាកម្ពុជា»ត្រូវបានតុបតែងសម្លៀកបំពាក់ដោយសាស្រ្តាចារ្យមកពីសាលាវិចិត្រសិល្បៈទាំំងអស់ ដោយសម្លៀកបំពាក់ទាំងអស់ដែលបានគ្រងឡើងក៏ត្រូវបានផ្ដល់អោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ទើបការតុបតែងកាយនៅក្នុងថ្ងៃនោះ មានទម្រង់បុរាណមួយរយភាគរយ ដើម្បីកុំអោយមានការរិះគន់ថាតារាខ្មែរស្លៀកឈុតក្លាយដែលបំលែងដោយជនជាតិជិតខាង ស្របគ្នាដែលភាពយន្តរឿង«បុព្វសន្និវាស»ដែលមានសម្លៀកបំពាក់ក្លាយពីសម័យលង្វែកស្ថិតក្នុងភាពកញ្ជ្រោល។
តារាសិល្បៈរបស់គ្រួសារតារាកម្ពុជាល្បីៗច្រើនរូបរួមមាន អ្នកនាងឈួន សុវណ្ណឆៃ អ្នកនាងម៉ៅ ស៊ីណាត កញ្ញាប៊េប៊ី អ្នកនាង ឆ័យលី ដាឡែន អ្នកនាងតូច ស្រីពេជ្រ កញ្ញាប៉ុបពី កញ្ញាពេជ្រ ចរណៃ លោកខេន វណ្ណាថាត់ លោកអ្នកនាងមាស សម្ផស្ស កញ្ញា អៀង ម៉េងលិ កញ្ញាហេង ស្រីពេជ្រ លោកសុខ ដែន កញ្ញាសោភា ទេពី លោក ហួរ សុផល កញ្ញាសុខ ស្រីម៉ុច តារាសម្ដែងលោករុន ណាកូ តារាចម្រៀងកញ្ញាា អ៊ុង នីនិច តារាសម្ដែងលោក សុទ្ធា ពិសិដ្ឋ កញ្ញារៀម ច័ន្ទបរមី តារាចម្រៀង កញ្ញានី ម៉ាលីណា តារាចម្រៀងលោកដួង តារាផាឌីន តារាចម្រៀង លោកហេង ពិសិដ្ឋ តារាសម្ដែងលោកស៊ិន សុធារិទ្ធ តារាសម្ដែងលោកថៃ ប៊ុននាង តារាសម្ដែងលោកកែន ឧត្តមវាសនា និងតារាប្រុសស្រីចាស់ក្មេងជាច្រើនរូបដែលសរុបរហូតដល់ជាង៦០តួ។ នេះជាការបង្ហាញខ្លួនឈុតក្នុងទម្រង់បុរាណជាលើកទី២របស់ក្រុមនេះ ប៉ុន្តែមិនមែនជាទីបញ្ចប់នោះទេ ដើម្បីធ្វើអោយសំលៀកបំពាក់បុរាណរបស់ខ្មែរទទួលបានការចាប់អារម្មណ៍ឡើងវិញ។
សូមទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់«គ្រួសារតារាកម្ពុជា»ក្នុងសម្លៀកបំពាក់សម័យលង្វែក៖
មតិយោបល់