ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជឿថាជំហរផ្លាស់ប្ដូរ​លោក គីម ជុងអ៊ុន ពិតប្រាកដ មិនមែនជារឿងលេង​សើច​ទ្បើយ

អាមេរិកៈ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ​ មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​មេ​ដឹកនាំ​កូរ៉េខាង​ជើង ​លោក គីម ជុងអ៊ុន​ នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្រ្ត​ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងត្បូង ​កាល​ពី​ថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

​ថ្លែង​នៅ​ឯ​សេតវិមាន ​ជាមួយ​នឹង​វត្តមាន​អធិការបតី​អាល្លឺម៉ង់លោកស្រី Angela Merkel លោក ត្រាំ​ បាន​និយាយ​ថា «ខ្ញុំជឿជាក់ថា សកម្មភាព​​លោក គីម នៅពេលនេះ​មិនមែន កំពុង​លេង​សើច​នោះ​ទេ ព្រោះកន្លងមកមិនអាច​​ឈាន​មក​ដល់​ជំហាន​នេះ​ទ្បើយ»។

កាល​ពី​ថ្ងៃសុក្រ​ លោក គីម​ បាន​ក្លាយ​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​ ដែល​បាន​ឈាន​ជើង ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​ ​តាមរយៈការ​ដើរ​ឆ្លងកាត់​បន្ទាត់ព្រំដែនរបស់លោក ​ទៅ​ចាប់​ដៃជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​មូន ជែនអ៊ីន ប្រកបដោយស្នាមញញឹម។

មេ​ដឹកនាំ​ទាំងពីរ ​បាន​យល់​ព្រម​ធ្វើការ​រួម​គ្នា​ ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្ទីប​កូរ៉េ​ទាំងមូល ដោយពួកគេ បានប្ដេជ្ញា​​ថា​ នឹង​បន្ត​កិច្ចចរចា​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ៕

មតិយោបល់