ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ កែវមរកត កាន់ស្អាត ក្នុង«ស្ទីលយុវវ័យ»

ជាការពិតតារាចម្រៀងវ័យក្មេងអតីត Cambodian Idol រដូវកាលទី៣ កញ្ញា គង់ កែវមរកត ត្រូវគេស្គាល់ និងគាំទ្រ ក្នុងបទចម្រៀងបែបមនោសញ្ចេតនា និងស្រគត់ស្រគំច្រើនជាង ទើបជារឿងប្លែកភ្នែក ក្នុងពេលដែលនាងស្រាប់តែតែងខ្លួនបែបយុវវ័យ ហើយរាំឡើងម៉ាអែម នៅលើឆាកតន្ត្រីហង្សមាសថ្មីៗ។

បទចម្រៀង២បទ«រៀនរស់ដោយខ្លួនឯង»និងបទ«ចាក់បទចឹងៗ»គ្មានអ្នកណាមិនចាប់អារម្មណ៍នោះ ដោយសារតែនាងលេងស្ទីលយុវវ័យ ហើយមើលទៅទាក់ភ្នែក។

ការបង្ហាញមុខបកស្រាយបទចម្រៀង២បទ របស់កញ្ញា គង់ កែវមរកត នៅក្នុងថ្ងៃនោះ គេចាប់អារម្មណ៍លើស្ទីលតែងខ្លួន ការដាក់អារម្មណ៍ក្នុងបទកម្សត់ និងក្បាច់រាំរបស់នាងច្រើនជាង ជាពិសេសក្នុងពេលដែលគេធ្លាប់តែឃើញនាងលេងស្ទីលខ្យូតៗមើលហើយស្អាតម្យ៉ាង។

នាងត្រូវគេឃើញចាប់ផ្ដើមវិវត្តន៍ខ្លួនអាចច្រៀងបទចម្រៀងដែលមានស្ទីលរាំបានរស់រវើក ក្នុងពេលដែលស្ទីលរាំរែករបស់នាង ក៏មើលទៅរស់រវើកមិនចាញ់តារាអាជីពដែលមានជំនាញរាំរែកជាយូរមកហើយ។

ដ្បិតថាការបញ្ចេញក្បាច់រាំរបស់នាងមិនទាន់ឈានដល់ចំណុចរស់រវើកតាមការចង់បានរបស់មហាជន ប៉ុន្តែក៏ចាត់ទុកថាមានការរីកចំរើនច្រើនដែរ បើធៀបនឹងតារាស្រគត់ស្រគំផ្សេងទៀត ក្នុងជំនាន់នាង ដែលមិនទាន់បត់បែនស្ទីលរាំរែកបានល្អ។ យ៉ាងណាមិញ នាងមិនមែនស្ទីលចុងក្រោយ ដែលនាងនឹងធ្វើនោះទេ ដោយក្នុងពេលខាងមុខនាងក៏បានប្រកាសថានឹងបកស្រាយបទចម្រៀងញាក់ៗ ហើយអាចវិវត្តន៍ដល់មានក្រុមរាំផ្ទាល់ខ្លួននោះផង ដើម្បីទាក់ភ្នែក។

គង់ កែវមរកត ក៏ត្រូវគេកត់សម្គាល់ថាជាតារាដែលមានសាច់ឈាមកាន់តែភ្លឺថ្លា និងមើលទៅស្រស់ស្អាតជាងមុនផងដែរ ក្នុងពេលដែលការងារសិល្បៈចម្រៀងរបស់នាង រីកចំរើនដាច់ឆ្ងាយពីពេលដែលមិនទាន់មានការទទួលស្គាល់ជាងនេះ។

នាងធ្លាប់បញ្ជាក់ថាខ្លួនមាននចំណូលចិត្តលើបទចម្រៀងស្រគត់ស្រគំ និងស្ទីលតែងខ្លួនរបៀបប្រពៃណី ប៉ុន្តែដើម្បីតម្រូវទីផ្សារ នឹងមិនត្រឹមតែប្រឹងលេងស្ទីលខ្យូតៗអោយទាក់ទាញប៉ុណ្ណោះទេ តែក៏ត្រូវពង្រឹងក្បាច់រាំ និងត្រៀមផលិតបទផ្ទាល់ខ្លួនដើម្បីប្រជែងទីផ្សារផងដែរ។

អ៉ីចឹងហើយទើបវីដេអូលេងស្ទីលយុវវ័យរបស់នាង ក្រោយការបង្ហោះលើយូធូប ក៏មានការចែកចាយ និងទទួលការចាប់អារម្មណ៍មិនធម្មតាក្នុងប៉ុន្មានថ្ងៃនេះ។

ចង់ដឹងថាស្ទីលច្រៀងរាំបែបយុវវ័យរបស់នាង ប្លែកភ្នែកកម្រិតណា សូមអញ្ជើញទស្សនា៖

https://youtu.be/CY4kGLnpZxI

មតិយោបល់