ភ្នំពេញៈ មិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងលោក សាន ផានិត ប្រកាសយ៉ាងក្ដែងៗថា ខ្លួននៅស្រឡាញ់នាងកែវ នីសា ដោយមុនបោះជំហានដើរផ្លូវខុស និងមុនរៀបការភរិយា លោករមែងប្រាប់ថា រង់ចាំនីសាវិលវិញ នឹងទោះស្លាប់ក៏មិនអាចបំភ្លេចសង្សារសំណព្វចិត្តនេះបានផង។ ប៉ុន្តែបើក្រឡេកទៅមើលស្រីស្អាតនាងកែវ នីសា វិញ គេនៅតែកត់សម្គាល់ថា សឿងមិនព្រមឆ្លើយតប ឬធ្វើការប្រឈមមុខជាមួយលោក សាន ផានិត សូមតែមួយលើកណាឡើយ ដោយសូម្បីតែកម្មវិធីដែលនាងចូលរួមហើយដឹងមុនថា លោកសាន ផានិតក៏ត្រូវទៅដែរ គឺនាងប្ដូរចិត្តមិនទៅតែម្ដង។
ភ្លាមៗបន្ទាប់ពីលោក សាន ផានិត បង្ហោះថា លោកនៅតែអាល័យចំពោះស្នេហាជាមួយនាង កែវ នីសា បើទោះជារៀបការហើយ Postnews ព្យាយាមទាក់ទងទៅកាន់តារាសម្ដែងរូបនេះភ្លាមៗ។ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែនាងមិនលើកទូរស័ព្ទប្លែកលេខ ហើយបើទោះជាលើកក៏ត្រូវមានទម្លាប់បិទចោលឲ្យតែដឹងថា ការសម្ភាសន៍ពីក្រុមអ្នកកាសែត។ រយៈពេលច្រើនឆ្នាំមកហើយ ដែលនាងរស់ឆ្ងាយពីការបកស្រាយ និងបណ្ដាលឲ្យរឿងអាស្រូវមិនមានចម្លើយស្រាយបំភ្លឺសូម្បីតែចំណុចតូចមួយ។
ប្រភពដែលអាចទុកចិត្តបានអះអាងថា នីសា រមែងទាមទារមិនឲ្យមានការរំលឹកដល់លោក សាន ផានិត នោះឡើយ ដោយកម្មវិធីដែលនាងចេញមុខធ្វើជាពិធីករ ក៏នាងទទូចកុំឲ្យផលិតករអញ្ជើញលោក សាន ផានិត ក្នុងពេលដែលនាងកាន់ក្បាលមេក្រូដាច់ខាត។ មិនដឹងថា អ្វីដែលជាហេតុផលដែលនាងប្រឹងគេចពីសង្សារចាស់ម្នាក់នេះនោះទេ ប៉ុន្តែផ្អែកតាមការប៉ាន់ស្មាន គឺមកពីនាងមិនចង់ប្រឈមមុខ និងដាច់អាល័យពីលោកតែម្ដង ទើបប្រែក្ដីស្រឡាញ់ក្លាយជារឿងគេចមុខមិនចង់ជួបគ្នា។
លោកសាន ផានិត ធ្លាប់បានបញ្ជាក់ថា ដើម្បីកេរ្តិ៍ឈ្មោះ នាងបានបោះបង់ចោលលោកទៅធ្វើជាកំណាន់ចិត្តរបស់ផលិតករល្បីឈ្មោះប្រចាំនៅក្នុងទូរទស្សន៍ធំមួយ។ បន្តបន្ទាប់មកតារាសម្ដែងនាង កែវ នីសា ក៏បន្តបន្សាត់ខ្លួនក្នុងរឿងស្នេហាពីមួយទៅមួយ ដោយមិនខ្វល់ពីការរិះគន់។ តារាសិល្បៈមួយរូបដែលត្រូវគេស្គាល់ថា នៅមានទំនាក់ទំនងជាមួយនាងបានអះអាងថា លោកសាន ផានិត មិនដែលត្រូវបាននីសា នឹកនាម្ដងទេ ប៉ុន្តែបើលោកលឹម ជាឡាយ ដែលសង្សារក្មេងនោះវិញ គឺទោះជាបានបែកប៉ុន្មានជុំក៏នាងវិលជួប។
ជាក់ស្ដែងបើទោះជាមានព័ត៌មានសម្អុយថានាងត្រូវបានមន្ត្រីសំបូរទ្រព្យជ្រោមជ្រែងមិនខុសពីភរិយាចុងក្ដី ក៏ដំណឹងស្នេហារវាងនាង និងលោកលឹម ជាឡាយនៅតែបានលេចឮ។ ធៀបនឹងលោកសាន ផានិត គឺខុសគ្នាដាច់ឆ្ងាយតែម្ដង។
អ្នកដែលដឹងពីស្នេហារបស់នីសា បានអះអាងថា សម្រាប់លោកលឹម ជាឡាយ គឺនាងបែកហើយទទួលវិញ ប៉ុន្តែសម្រាប់លោកផាន ផានិត បើទោះជាលោកធ្លាប់បាប្រកាសឡើងចង់រិចមាត់មុនពេលផឹកស៊ីឆ្កួតចិត្តយ៉ាងណា ក៏នឹងមិនព្រមជួប។ យ៉ាងណាក៏ដោយ សភាពដែលនាងធ្វើឡើង ក៏បានរុញឲ្យលោកសាន ផានិត ឈរជើងរឹងមាំជាថ្មីបានមិញ ក្រោយពីវក់អស់យ៉ាងយូរនោះដែរ។ អ្វីដែលសំខាន់ជាងនេះ គឺឈ្មោះនីសាដែលនៅមិនលុបចេញពីលើទ្រូងលោក ត្រូវបានតារារូបនេះ បញ្ជាក់ដដែលជាដដែលថា មិនមែនព្រោះតែនៅស្រឡាញ់ទាំងស្រុងនោះទេ តែក៏ដើម្បីចងចាំនារីម្នាក់ដែលធ្លាប់ធ្វើឲ្យលោកឆ្អែតចិត្តព្រោះតែក្ដីស្រឡាញ់ជ្រុលប៉ុណ្ណោះ៕
មតិយោបល់