អាហ្វ្រិកកណ្តាលៈ យោងតាមរបាយការណ៍មួយរបស់កាកបាទក្រហម សាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃអង្គារ បានឲ្យដឹងថា យុទ្ធជន ១៧នាក់ មកពី ក្រុមប្រដាប់អាវុធមួយ ត្រូវបានសម្លាប់និង ជាង៣០នាក់ ផ្សេងទៀតបានរងរបួសនៅពេល ដែលពួកគេបានប៉ះដង្គិចជាមួយកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR) ក្នុងរដ្ឋធានី បានហ្គុយ កាលពីថ្ងៃចន្ទនេះ។
របាយការណ៍នេះបានឱ្យដឹងថា ក្រុមមួយមកពី កងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបាន ប្រឈមមុខ តទល់នឹងអំពើហិង្សា ពីក្រុមប្រដាប់អាវុធ កាលពីរសៀលថ្ងៃចន្ទ នៅពេលពួកគេបានទៅ PK5 ដែលជាតំបន់ មូស្លីម នៅទីក្រុងបានហ្គុយ ដើម្បីព្យាយាមធានាដល់ការដោះលែង ប៉ូលិស ៦នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង នៅថ្ងៃសៅរ៍ ក្នុងអំឡុងពេលល្បាតនៅក្នុងតំបន់នេះ ។
ការបាញ់ប្រហារគ្នាទៅវិញទៅមក ជាមួយនឹង កងរក្សាសន្តិភាពបាននាំឱ្យស្លាប់ និងរបួស ដល់ក្រុម ប្រដាប់អាវុធនេះ ។ កាកបាទក្រហម សាធារណរដ្ឋអាហ្វ្រិកកណ្តាលបានប្រាប់ សារព័ត៌មាន ស៊ិនហួថា ពួកគេរកឃើញសាកសពយុទ្ធជន ១១ នាក់ នៅតំបន់ប៉ះដង្គិចនោះ។
កាកបាទក្រហម បានឲ្យដឹងថា យុទ្ធជនរងរបួស ៣៦នាក់ ត្រូវបានយកទៅកាន់មន្ទីរពេទ្យទូទៅមួយ នៅទីក្រុង Bangui និងក្រៅពីពួកគេនោះ មាន៦នាក់ទៀត បានស្លាប់ក្នុងពេលក្រោយមក។
បើតាមសេចក្តីរាយការណ៍ ប៉ូលិស ៦នាក់ ត្រូវបានរំដោះកាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីការចរចា ដែលបានធ្វើឡើង ដោយលោក Hamadou Bakirou សមាជិកសភា មកពីក្រុង Bambari នៃសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ៕
មតិយោបល់