ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្ដុកក្ដួល នឹងមរណភាព តារាចម្រៀង យិន សារិន ពេញហ្វេសប៑ុក

មានការបង្ហោះសំណេរក្ដុកក្ដួលជាច្រើន ពីសំណាក់តារាចម្រៀងចាស់ៗ ជុំវិញមរណភាពរបស់ លោក យិន សារិន ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ”ជីវិតក្មេងវត្ត” និងជាម្ចាស់បទចម្រៀងប្រពៃណី រាប់មិនអស់ តាំងពីល្ងាចថ្ងៃទី៣១ ដំណាច់ឧសភា។ ក្នុងនោះ អ្នកលេងហ្វេសប៑ុក ដែលមិនសូវនិយមស្ដាប់ចម្រៀងរបស់លោក ក៏ធ្វើការចែកចាយស្នាដៃ និងដំណឹងមរណភាពរបស់លោក យ៉ាងក្ដុកក្ដួលផងដែរ។

លោកបានទទួលមរណភាព ដោយបន្សល់នូវស្នាដៃចម្រៀងរាប់មិនអស់ ដោយអាចនិយាយថា ការបាត់បង់ជីវិតរបស់លោក គឺជាការបាត់បង់អ្នកសិល្ប:ដ៍កម្រមួយរូបនោះផង។ ស្នាដៃរបស់លោក រួមមាន បទ “ដំរីយោលដៃ”, “បណ្តាំលោកគ្រូ”, “ព្រះពាយផាត់” និងបទ «ជីវិតក្មេងវត្ត» ជាដើម ដែលបទចម្រៀងទាំងនោះ សុទ្ធតែមានការទទួលស្គាល់ពីមហាជនគ្រប់ស្រទាប់វណ្ណ:។ លោកគ្រូ យិន សារិន បានទទួលមរណភាព នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងវ័យ៦៨ឆ្នាំ និងកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានម្ដុំសាលាកសិកម្មព្រែកលាភ។ មកទល់ពេលនេះ មិនទាន់ដឹងថា ពិធីបុណ្យសពរបស់លោក តើនឹងមានការចូលរួមពីសិល្បករសិល្បការិនីល្បីៗរូបណាខ្លះនោះទេ ដោយសារតែលោកជាតារាចម្រៀងបែបទម្រង់បុរាណ ដែលមិនសូវមានតារាៗស្រករក្រោយ ចាប់អារម្មណ៍ភាគច្រើន។ ប៉ុន្តែគេកត់សម្គាល់ថា ក្រោយលោកទទួលមរណភាព ស្នាដៃរបស់លោក ត្រូវបានអ្នកលេងហ្វេសប៑ុកជាពិសេសក្មេងៗ ចែកចាយ៕

មតិយោបល់