(ភ្នំពេញ)៖ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បន្ទាប់ពីប្រឡប់មកពីប្រកួតនៅអាមេរិកវិញ មហាជនសង្កេតឃើញថា នាងកាន់តែមានភាពមមាញឹកខ្លាំង ជាពិសេសកាន់តែមានប្រជាប្រិយភាព ខណៈថ្មីៗនេះត្រូវបានក្រសួងកិច្ចការនារី ផ្ដល់ទំនុកចិត្តជ្រើសរើសឲ្យក្លាយជា «ទូតសុឆន្ទៈ» ។ អ្វីដែលគេចាប់អារម្មណ៍ ក្រោយក្លាយជា «ទូតសុឆន្ទៈ» ដែលមានតួនាទី ជួយកិច្ចការងារសង្គម តារាស្រីរូបនេះ កាន់តែលេចធ្លោរមួយកម្រឹតទៀត ព្រោះកន្លងមកតារារូបនេះមមាញឹកតែទៅលើការងារសិល្បៈប៉ុណ្ណោះ ប៉ុន្តែតួនាទីបន្ថែមនៅពេលនេះ ក្នុងនាមជា «ទូតសុឆន្ទៈ» បានបង្ហាញយ៉ាងច្បាស់ថា នាងកាន់តែមានទំនួលខុសត្រូវច្រើនជាងមុន និងត្រូវបានមនុស្សជុំវិញខ្លួនកាន់តែច្រើន ជឿជាក់លើសមត្ថភាពរបស់នាង។
ឆ្លើយតបនឹងការទទួលបានតំណែងថ្មីក្នុងនាមជា «ទូតសុឆន្ទៈ» របស់ក្រសួងកិច្ចការនារី នៅពេលនេះ កញ្ញា រ៉េត សារីតា បានបង្ហាញថា រូបនាងមានកិត្តិយសធំធេងណាស់ ចំពោះការផ្ដល់តួនាទីជាទូតសុឆន្ទៈដំបូងគេ របស់ក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី តាមរយៈការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់សាធារណជន អំពីសមាសភាពយេនឌ័រ និងរួមចំណែកកាត់បន្ថយរាល់ទម្រង់ នៃការរើសអើង និងអំពើហឹង្សាគ្រប់រូបភាព លើស្ត្រីនិងក្មេងស្រី ក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ រូបនាង និងក្រសួងកិច្ចការនារី ក៏មានគម្រោងតូចធំផ្សេងៗជាមួយគ្នា សម្រាប់រយៈពេល១ឆ្នាំពេញផងដែរ ហើយខាងក្រសួងនឹងរកពេលវេលាសមស្របណាមួយ ដើម្បីជួបរូបនាងផ្ទាល់ ពិភាក្សាគ្នាលើការងារនានាដែលបានដាក់ជូន ផ្ដោតសំខាន់លើស្រ្តី និងកុមារ ហើយនិងចុះទៅកាន់ទីតាំងផ្សេងៗ នៅពេលស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្បើយ។
គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ តាមរយៈ ZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ ស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ប្រកបដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតី លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចកានារី ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី។
គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺផ្តល់កិច្ចសហការក្នុងការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីប្រកបដោយបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសក្នុង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម លើស្រ្តី និងក្មេងស្រី ក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាស សំដៅរួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាព និងឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ»៕
មតិយោបល់