ក្នុងចំណោមតារាសិល្បៈ ដែលចុះចែកអំណោយដល់សហគមន៍ក្រីក្រីនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២ មិថុនា គេកត់សម្គាល់ថាតារាសម្ដែងកញ្ញាលី ឌីណា ហៅភីយ៉ា មានភាពលេចធ្លោរជាងគេ ដោយសារតែនាងក្រៅពីជាតារាស្រីមានសម្រស់ផូរផង់ ហើយក៏មានទឹកចិត្តល្អចំពោះក្មេង ដោយមិនរើសអើងផងដែរ។ នេះមិនមែនជាលើកទី១ដែលកញ្ញាបានលះបង់សម្រាប់កិច្ចការសង្គមនោះទេ ដោយគ្រាន់តែនេះជាទង្វើដែលនាងបានបង្ហាញកាន់តែច្បាស់អោយមហាជនឃើញថា នាងក្រោយពេលឡើងកូដ កាន់តែបានចំណាយពេលជួយកិច្ចការសង្គម បើទោះជាទីតាំងដែលនាងធ្វើដំណើរទៅចែកអំណោយដល់ក្មេងៗ ឆ្ងាយក៏ឆ្ងាយ ពិបាកផ្លូវក៏ពិបាកផ្លូវ ហើយតម្រូវអោយនាងចំណាយថវិកាផ្ទាល់ខ្លួនច្រើន។
តារាដែលបានបង្ហាញខ្លួនចែកអំំណោយនៅក្នុងថ្ងៃនោះ រួមមានតារាច្រើននាក់ ប៉ុន្តែគេកត់សម្គាល់ថាតារាស្រីរូបនេះ លេចធ្លោរជាងគេ ដោយសារតែនាងគឺជាតារាស្រីវ័យក្មេង ហើយមានចរឹតរួសរាយរាក់ទាក់ ធ្វើអោយលោកគ្រូអ្នកគ្រូ និងក្មេងសប្បាយរីករាយ។
ក្រៅពីបានចំណាយលុយមួយចំណែកទិញសម្ភារៈសិក្សាជួយដល់ក្មេងៗ នាងក៏ត្រូវគេឃើញដូរលុយមួយដុំធំចែកចាយដល់ក្មេងៗ និងចាស់ៗនៅក្នុងពិធីចែកអំណោយនាថ្ងៃនោះផងដែរ ទើបអ្នកណាៗក៏សរសើរថានាងមិនត្រឹមតែបានឡើងកូដនៅក្នុងពិភពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ស្រស់ស្អាតនៅខាងក្រៅផូរផង់ជាងក្នុងកញ្ចក់ទូរទស្សន៍ និងជាតារារួសរាយខុសពីតារាមួយចំនួន។
កញ្ញាភីយ៉ា និយាយថា នេះមិនមែនជាលើកទី១នោះទេ ដែលនាងចំណាយពេលជួយក្នុងកិច្ចការសង្គម ជាពិសេសគឺក្នុងកិច្ចការសង្គម ប៉ុន្តែជាដំបូង ដែលនាងបានចំណាយកាត់ព្រៃ កាត់ភ្នំ ហើយធ្វើដំណើរផ្លូវឆ្ងាយ មកចែកសៀវភៅ ប៊ិច និងថវិកាដោយផ្ទាល់ ដល់ដៃក្មេងៗ និងចាស់ៗនៅក្នុងសហគមន៍ក្រីក្រដាច់ស្រយាលនៅខេត្តកំពង់ឆ្នាំង។ នាងថាសប្បាយចិត្តណាស់ ដែលបានរួមចំណែកក្នុងកិច្ចការនេះ ដោយនាងបញ្ជាក់ថាអោយតែអាចឆ្លៀតបាន គឺនាងនឹងចុះបែបនេះជាមួយតារាសិល្បៈផ្សេងទៀត ក៏ដូចជាជាមួយសមាគមន៍ផ្សេងៗ ដើម្បីចុះមកធ្វើសកម្មភាពបែបនេះអោយបានច្រើន។ នាងថាក្នុងនាមជាតារាសម្ដែងម្នាក់ នាងមិនមានលទ្ធភាពធ្វើរឿងដើម្បីសង្គមតែម្នាក់ឯងតាមអ្វីដែលខ្លួនចង់បាននោះទេ ប៉ុន្តែនាងនឹងខំចែករំលែកក្ដីស្រឡាញ់ ក៏ដូចជាថវិកាតាមលទ្ធភាពរបស់ខ្លួន ក្នុងកិច្ចការសង្គមបែបនេះ អោយបានច្រើន ដើម្បីបំផុសអោយមានការរួមចំណែកកាន់តែច្រើនដើម្បីក្មេងៗ និងសហគមន៍ក្រីក្រដែលត្រូវការការលើកទឹកចិត្ត៕
មតិយោបល់