ព័ត៌មានសិល្បៈ និងកម្សាន្ត

យន សុភ័ក្រ ដឹកនាំចែកអំណោយក្មេងៗនៅតំបន់ជើងភ្នំក្រីក្រ

កាលពីព្រឹកថ្ងៃទី២ មិថុនា តារាសម្ដែងលោក យន សុភ័ក្រ បានដឹកនាំក្រុមការងារ និងតារាសិល្ប:មួយក្រុមក្នុងនាមជាប្រធានសមាគមស្នាមញញឹម និងក្នុងនាមជាសមាជិកគ្រួសារតារាកម្ពុជា។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ដែលលោក និងក្រុមការងារបានចុះទៅចែកអំណោយដល់ក្មេងៗ និងលោកគ្រូអ្នកគ្រូ ដែលរស់នៅក្នុងសហគមន៍ក្រីក្រទាំំងនេះនោះទេ។

សកម្មភាពចែកសៀវភៅ ប៊ិច ស្បែកជើង ភេសជ្ជ: សារ៉ុង និងថវិកាជូនដល់សិស្សសាលា និង ប្រជាពលរដ្ឋ រស់នៅសហគមន៍ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នេះ ត្រូវបានធ្វើឡើងដោយសារតែកង្វះខាតនៅក្នុងសហគមន៍នេះ ត្រូវបានលោកនិងក្រុមការងារមើលឃើញ។ លោក យន សុភ័ក្រ ប្រធានសមាគមន៍ស្នាមញញឹម ដែលជាអ្នកដឹកនាំតារាសិល្ប: និងក្រុមការងារចុះបោះតង់ និងចែកអំណោយដល់ក្មេងៗ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋក្រ នៅទីនោះ បានថ្លែងបញ្ជាក់ថា សហគមន៍មួយនេះ លោក និងក្រុមការងារបានស្វះស្វែងរកជំនួយមកចែកអំណោយជូនជាច្រើនលើកមកហើយ ដើម្បីឲ្យក្មេងៗ និងពលរដ្ឋនៅក្នុងសហគមន៍ មានភាពកក់ក្ដៅ ពីការទទួលយកចិត្តទុកដាក់ផង និងដើម្បីឲ្យតារាសិល្ប: និងមិត្តភក្តិរបស់លោក បានដឹងពីការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះផង។ លោកថាថវិកា និងជំនួយដែលចុះចែកកន្លងមក គឺសុទ្ធសឹងតែបានសប្បុរសជន ដោយមួយចំណែកក៏បានពីការរ៉ៃអង្គាសពីតារាសិល្ប: និងក្រុមការងាររបស់លោក។ ថវិកា សារ៉ុង សម្ភារ:សិក្សា និងស្បែកជើង ដែលយកមកចែកចាយនៅក្នុងថ្ងៃនោះ លោកថាមិនអាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលមានកង្វះខាតបានទេ ប៉ុន្តែក៏អាចចែករំលែកក្ដីស្រឡាញ់ដល់សិស្ស និងប្រជាជននៅតំបន់ដាច់ស្រយាលនោះផងដែរ។

នៅក្នុងពិធីចែកអំណោយ ក្រៅពីក្រុមការងារសមាគមស្នាមញញឹម របស់លោក យន សុភ័ក្រ គេឃើញមានវត្តមាន មកពី«គ្រួសារតារាកម្ពុជា» ដូចជា កញ្ញា ភីយ៉ា តារាសម្ដែង លោកសន សុវណ្ណារ៉ា ពិធីករ លោក សេម អាជុន តារាចម្រៀង និងតារាក្មេងៗជាច្រើនផ្សេងទៀត៕

មតិយោបល់