ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាកតន្ត្រីដដែល តែកញ្ញា រ៉ាប៊ី ខុសពីមុនដូចមេឃនិងដីលើកនេះ

កាលពីថ្ងៃទី៣ មិថុនា មុននេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី បានបង្ហាញខ្លួនជាលើកទី២ឡើងឆាកប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធីតន្ត្រី«Carabao TV5 Spark Concert» ដែលនេះគឺជាការបង្ហាញខ្លួនរបស់នាងក្រោយពីនាងត្រលប់មកពីសម្ដែងនៅសហរដ្ឋអាមេរិកវិញ។ អ្វីដែលគេកត់សម្គាល់គឺការបង្ហាញខ្លួនរបស់នាងលើកនេះ ខុសពីកាលពីការបង្ហាញខ្លួនលើកទីនៅក្នុងកម្មវិធីនេះ កាលពីមុនចូលឆ្នាំដាច់ឆ្ងាយតែម្ដង បើទោះជាបទចម្រៀងដែលនាងបកស្រាយគឺជាបទដដែលៗ។

ហេតុផលដែលនាំអោយមានការកត់សម្គាល់បែបនេះ គឺដោយសារតែកាលពីឡើងឆាកប៉ុស្ដិ៍លេខ៥លើកមុន នាងគ្រាន់តែជាតួរងនៅក្នុងកម្មវិធីប៉ុណ្ណោះ ដោយគេអោយនាងឡើងច្រៀងបើកឆាក និងច្រៀងក្នុងវគ្គកណ្ដាលកម្មវិធី ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនលើកនេះ គឺធ្វើជាតួឯក គឺជាតារាចម្រៀងមេប្រចាំកម្មវិធីដែលនាងបង្ហាញខ្លួនតែម្ដង។

ធៀបនឹងមុនចូលឆ្នាំ នាងមិនសូវទទួលបាននូវការគាំទ្រក្នុងពេលចេញច្រៀងនោះទេ ដោយទោះជានាងខំប្រឹងបញ្ចេញក្បាច់រាំផង និងតែងខ្លួនយ៉ាងប្លែកភ្នែកផង ក៏មិនសូវមានអ្នកទះដៃ និងមិនសូវឃើញអ្នកកាសែតណាម្នាក់តាមប្រមាញ់នោះដែរ ប៉ុន្តែការបង្ហាញខ្លួនជាលើកទី២នេះ នាងបានបកស្រាយបទចម្រៀង៤បទ ធ្វើអោយកម្មវិធីកញ្ជ្រោលដោយការគាំទ្រ ហើយបើនិយាយពីការប្រមាញ់រូបថត និងសុំសម្ភាសន៍វិញ គឺស្ទើរតែរកពេលអោយនាងផ្ដល់សម្ភាសន៍អោយមិនចង់បានតែម្ដង។

អ្នកទស្សនា និងអ្នកគាំទ្រសុទ្ធតែមើលឃើញថាវត្តមានរបស់នាងក្នុងឆាកប៉ុស្ដិ៍លេខ៥ជាលើកទី២នេះ ខុសគ្នាពីមុនដូចមេឃ និងដី ដោយការបង្ហាញខ្លួនលើកនេះ នាងក៏ប្រមូលអ្នកគាំទ្របានមិនចាញ់តារាយុវវ័យល្បីៗជើងចាស់នោះដែរ ដោយសារតែនាងទើបនាងឡើងកូដខ្លាំងនៅបទមាន់ស្រែ។

កញ្ញារ៉ាប៊ី និយាយថា ក្រោយពីឡើងកូដក្នុងបទចម្រៀង«មាន់ស្រែ»កាលពីអំឡុងចូលឆ្នាំ មិនមែនត្រឹមតែការគាំទ្រនោះទេ មានការប្រែប្រួល សូម្បីតែតម្លៃខ្លួនក៏ឡើងមួយជាពីរ ហើយកម្មវិធីធំៗក៏ទាក់ទងអោយឡើងឆាកហូរហែរ។ នាងថាសប្បាយចិត្ត ដែលបទចម្រៀង«មាន់ស្រែ»ធ្វើអោយនាងត្រូវបានគេស្គាល់ខ្លាំង តែនាងមិនទាន់មានគម្រោងចេញបទថ្មីដើម្បីវាយលុកទីផ្សារនោះទេ ដោយសារតែនាងចង់ចេញមុខប្រូម៉ូដ បទចម្រៀងមួយចំនួន ដែលនាងមិនបានឡើងឆាកចេញច្រៀង ព្រោះតែជាប់ទៅសម្ដែងនៅអាមេរិក អោយអស់ចិត្តសិន។

នាងថាបទចម្រៀង៤បទដែលបានបកស្រាយនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៣ មិថុនា សុទ្ធតែជាបទដែលគេស្គាល់ខ្លាំងទាំងអស់ ដោយបទចម្រៀងទាំង៤នេះ ក៏មានអ្នកសំណូមពរអោយនាងបកស្រាយគ្រប់ពេលបង្ហាញខ្លួន អមដោយការគាំទ្រយ៉ាងលើសលប់មិនធម្មតា៕

មតិយោបល់