ព័ត៌មានជាតិ

គ្រួសារមេឆ្នោតវៀតណាម៣នាក់ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ បង្ក្រាបបាន ពេលបញ្ជូនដល់តុលាការ ជ្រុះបាត់ម្នាក់!

ភ្នំពេញៈ ក្រុមគ្រួសារមេឆ្នោតវៀតណាម ដែលគេនិយមហៅថា កន្ទុយលេខៗ មានគ្នា៣នាក់ រួមមានម្តាយ ឪពុក និងកូនប្រុស ត្រូវបាន អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុន ជាអភិបាលរងខណ្ឌ ចុះបង្ក្រាប ជាលើកទី២ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនោះ នៅពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺមានតែ ២នាក់ ចំណែកម្នាក់ទៀត ជាកូន ត្រូវអាជ្ញាធរដោះលែងវិញ។

បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ៖
-ទី១ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ ៤៥ឆ្នាំ ជាឪពុក ដែលធ្លាប់ជាប់គុក រឿង បើកបនល្បែងឆ្នោតវៀតណាម កាលពីឆ្នាំ២០១៦
-ទី២ឈ្មោះ មួយ ហៀង ភេទស្រី អាយុ ៣៥ឆ្នាំ ជាម្តាយ ធ្លាប់ត្រូវចាប់ខ្លួន ប៉ុន្តែលោកព្រះរាជអាជ្ញារង ចែ សុង ដោះលែងវិញ កាលពីឆ្នាំ២០១៦
-និងទី៣ឈ្មោះ ណយ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកូនប្រុសបង្កើតរបស់ ជនសង្ស័យទាំង២នាក់ខាងលើ។

បើយោងតាមសមត្ថកិច្ចព្រហ្មទណ្ឌមានជ័យ បានអះអាងថា នៅពេល លោក ឌី រ័ត្នខេមរុន ដឹកនាំកម្លាំង ចុះបង្ក្រាប ពិតជាចាប់បាន ជនសង្ស័យ ៣នាក់ ខាងលើមែន ប៉ុន្តែក្រោយមក មានការដោះលែង កូនប្រុស ឲ្យទៅផ្ទះវិញ ដោយអះអាងថា ឆ្លងព្រះរាជអាជ្ញារួចហើយ។

ដោយឡែក ព្រះរាជអាជ្ញារង អុំ សុភក្តី ដែលប្រចាំការនៅ មានជ័យក្នុងខែ ឧសភា បានបញ្ជាក់តាមទូរស័ព្ទថា នៅពេលចុះបង្ក្រាប អាជ្ញាធរខណ្ឌ បានឆ្លងយោបល់លោកមែន ប៉ុន្តែនៅក្រោយពេលបង្ក្រាបរួច អាជ្ញាធរមិនបានរាយការណ៍ ពាក់ព័ន្ធការឃាត់ខ្លួនមនុស្សប៉ុន្មាននាក់ និងដកហូតបានអ្វីខ្លះនោះទេ។

ចំពោះការសម្រេច រក្សាទុក និងដោះលែង ជនសង្ស័យ ក៏លោក អត់ដឹងដែរ ព្រោះអាជ្ញាធរ ខណ្ឌមានជ័យ មិនបានប្រាប់លោកនោះទេ។

ដូច្នេះការសម្រេចដោះលែង ជនសង្ស័ម្នាក់ ជាកូន លោកមិនបានដឹងឡើយ ជាការសម្រេចរបស់ អាជ្ញាធរខណ្ឌមានជ័យ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ជាអភិបាលរងខណ្ឌ បានចុះបង្ក្រាបផ្ទះបើកល្បែងឆ្នោតវៀតណាម មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ចំណុចផ្សារក្រមួន ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលើកទី២ និងឃាត់បានជនសង្ស័យ ៣នាក់ ដូចមានឈ្មោះខាងលើ។

នៅពេលចុះបង្ក្រាប អាជ្ញាធរដកហូតបាន៖
-លុយដុល្លារ ៣៧៥ដុល្លារ
-លុយខ្មែរ ៥,០៧០,០០០ រៀល
-តុ១
-កៅអី ២
-និងក្រដាសកត់ ឆ្នោតតវៀតណាមមួយចំនួនទៀត។

គួររំលឹកថា ជនសង្ស័យឈ្មោះ ញឹម កុសល ជាប្តី និងឈ្មោះ មួយ ហៀង ជាប្រពន្ធ ធ្លាប់ ត្រូវបានសមត្ថកិចឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម្តងរួចហើយ។

ប៉ុន្តែនៅពេលសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ លោកព្រះរាជអាជ្ញារង ចែ សុង បានដោះលែងស្ត្រីសង្ស័យជាប្រពន្ធ ឲ្យមានសេរីភាពវិញ ដោយចោទប្រកាន់ តែជនសង្ស័យជាប្តី បញ្ជូនឲ្យចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួន បានមួយរយៈ ក៏ស្រាប់តែ បែកធ្លាយរឿងចុះចាប់នម្តងទៀត មុខសញ្ញា និងមុខរបរដដែល នេះបញ្ជាក់ថា ការអនុវត្តច្បាប់ មិនបានឲ្យក្រុមគ្រួសារ មេឆ្នោតដុះស្លែ មួយនេះរៀងចាលនោះទេ។

បើតាមសមត្ថកិច្ចខណ្ឌមានជ័យ ឲ្យដឹងផងដែរថា មកដល់រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ តុលាការនៅមិនទាន់ចោទប្រកាន់ និងសម្រេចយ៉ាងណា លើជនសង្ស័យដែលសេសសល់ ទាំង២នាក់ប្តីប្រពន្ធខាងលើនៅឡើយទេ ដោយសម្រេចផ្ញើនៅ នគរបាលសិន ព្រោះតែមាន ការអន្តរាគមន៍ ជួយឲ្យដោះលែងមេកន្ទុយលេខ ទាំង ២នាក់នេះ ច្រើនពេក៕

មតិយោបល់