ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រហ្ម ប្រសិទ្ធី លាតត្រដាងខ្សែជីវិត ក្រោយចោលអាជីពពេទ្យ

បន្ទាប់ពីបោះជំហានប្រឡូកការងារសិល្បៈ ហើយទទួលបានផ្លែផ្កា ទាំងការងាសម្ដែង ពិធីករ និងស្នេហា ម្នាក់ៗបានត្រឹមតែសរសើរថា តារាជាឈាមជ័ររបស់លោក ឈុំ អាឈុន គឺ លោក ព្រហ្ម ប្រសិទ្ធី ជាបុគ្គលដែលមានយីអ៑ុនម្នាក់ប៉ុណ្ណោះ ប៉ុន្តែមនុស្សភាគតិចណាស់ ដែលបានដឹងថា ទម្រាំលោកអាចមានថ្ងៃនេះ តើជីវិតពោរពេញដោយការតស៑ូកម្រិតណា។ អុីចឹងហើយ ទើបម្នាក់ៗមានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីលោកបានលាតត្រដាងពីខ្សែជីវិតរបស់លោកជាសាធារណៈ ដែលធ្វើឲ្យអ្នកដឹងពីជោគជ័យក្នុងសិល្បៈរបស់លោក ស្ដាប់ហើយមានអារម្មណ៍ក្ដុកក្ដួល។

លោក ព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ថាជាចៅក្មួយរបស់ លោក ឈុំ អាឈុន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៑ុកថា «ឆាកជីវិត នឹង រឿងរ៉ាវទ្រួសៗរបស់ខ្ញុំ។ (ឆ្នាំ២០១៥ខែមិថុនា) ត្រលប់មកភ្នំពេញម្ដងទៀត ក្រោយពេលបញ្ចប់ការសិក្សាពេទ្យចប់បាន១ឆ្នាំ ។ ជីវិតរស់នៅភ្នំពេញពេលនោះពិតជាពិបាក ធ្វើការជាអ្នកបកប្រែភាសារអង់គ្លេសឲ្យទស្សនាវដ្ដីមួុយ បានប្រាក់ ៥០ដុល្លារមួយខែ ត្រូវបង់បន្ទប់ជួល ទឹកភ្លើង ញាុំ មិនមានម៉ូតូជិះទេ។ ខែកក្កដា ឆ្នាំដដែល គឺមានភ័ព្វវាសនាបានជាប់ជាបេក្ខភាព កំពូលតារា របស់ស្ថានីយ៍ទូរទស្សន៍ PNN ហើយលទ្ធផលគឺបានត្រឹមTOP10។ ខែមករាឆ្នាំ២០១៦ ក្លាយជាអ្នកអត្ថាធិបាយពត៌មាននៅទូរទស្សន៍NTV បានតែ១ខែ ក៏បានប្រឡូកចូលសិល្ប:ភាពយន្ត រឿងដំបូងមានចំណងជើងថា តាមសើុបជួបស្នេហ៍ នឹងខ្សែជីវិតពិតជារសាត់បន្តិចម្ដងៗ រហូតកន្លងផុត២ឆ្នាំយ៉ាងវេទនា ព្រោះរស់នៅផ្ញើរខ្លួននឹងគេ គ្មានលំណឹង ពេលខ្លះដាច់បាយម្ដងម្កាល ។

សមទ្ធិផល នាដើមឆ្នាំ២០១៧ ដល់២០១៨ បានចាកឆ្ងាយភាពស្រេកឃ្លានមកច្រើនហើយ តែក៏នៅមិនទាន់មានលំនឹង ព្រោះសព្វថ្ងៃរស់ពឹងលើចំនួនការងារ បើគេហៅច្រើនបានលុយច្រើន បើគេមិនហៅដេកផ្ទះចាយលុយដែលខំរក។ ចឹងបានថាបើមានឱកាសគួរចាប់យកហើយតស៊ូតិចទៅ បើមិនបានច្រើនក៏បានម៉ារស់ស្រួលដែរ( ប៉ុន្មានឆ្នាំសោះ ខ្ញុំជួបរឿងវេទនាច្រើនណាស់ លាងចានហាងបាយ អូសបន្លែផ្សារនាគមាស អ្នកបំរើតាមហាងចាប់ទឹកកក ដើរច្រៀងតាមអកកេស ច្រៀងតាមហាង ថតរឿង១យប់ទល់ភ្លឺបាន១០,០០០រៀល ដាច់បាយ៥ថ្ងៃក៏ធ្លាប់…គ្រប់រសជាតិហើយអូន)”។ នេះជាដំណើរជីវិតមួយដែលលោកបានប្រទះ ក្រោយពីការសម្រេចចិត្តបោះបង់អាជីពពេទ្យ ហើយដើរលើផ្លូវសិល្បៈ ដែលមានសមាជិកក្នុងគ្រួសាររបស់លោកតិចអ្នកគាំទ្រ។

យ៉ាងណាមិញនេះ គ្រាន់តែជាដំណើរជីវិតកម្សត់ៗមួយផ្នែកតូច ក្នុងចំណោមដំណើរនៃការតស៑ូរបស់តារារូបនេះប៉ុណ្ណោះ ខណៈដែលជីវិតតស៑ូរបស់លោកផ្សេងទៀត ត្រូវបានគេដឹងថា បើលោករៀបរាប់ហើយ ពិតជាក្ដុកក្ដួលជាងនេះ៕

មតិយោបល់